បាក់​ទំនប់​មួយ​នាំ​ឱ្យ​មានការ​ហូរ​ភក់​យ៉ាង​ខ្លាំង​នៅ​ប្រេ​ស៊ី​ល​ស្លាប់ និង​បាត់​ខ្លួន​ច្រើន​នាក់

ទំនប់​អណ្តូងរ៉ែ​មួយ​បាន​បាក់​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា នៅ​ម៉ា​រី​យ៉ា​ណា ជាទី​ក្រុង​មួយ​នៃ​រដ្ឋ MINAS GERAIS ភាគ​អាគ្នេយ៍​ប្រេ​ស៊ី​ល ។ គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​មានការ​ហូរ​ភក់​យ៉ាង​ធំ ដែល​កប់​ផ្ទះ​ជា​ច្រើន​ក្នុង​សង្កាត់​ជិតខាង​មួយ ។ វ៉េបសាយ G-1 របស់​ប្រេ​ស៊ី​ល​រៀបរាប់​ពី​មនុស្ស​ស្លាប់​១៥ ឬ​១៦​នាក់ ហើយ​មនុស្ស​៤៥​នាក់​បាត់​ខ្លួន ។

រូបភាព​ទាំងឡាយ​ថត​ពីលើ​ឧទ្ធម្ភាគចក្រ​ផ្សាយ​តាម​ទូរទស្សន៍ GLOBO បង្ហាញ​ផ្ទះ​ទាំងឡាយ​ត្រូវ​ភក់​ហូរ​កប់​រហូត​ដល់​ដំបូល ដោយ​គេ​ពុំ​ដឹង​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ជាប់​ក្នុងផ្ទះ​ទាំងនេះ ពេល​កើត​មាន​គ្រោះ​មហន្តរាយ ។ ភូមិ​ទាំងមូល​ត្រូវ​ទឹក​ជន់​លិច ហើយ​គេ​ឃើញ​ប្រជាជន​រត់គេច​ខ្លួន​ទៅ​តំបន់​ខ្ពស់​ៗ ។

សមាជិក​កងកម្លាំង​តម្រួតយោធា​ម្នាក់​នៃ​ក្រុង​ម៉ា​រី​យ៉ា​ណា ថ្លែងប្រាប់ AFP ថា យើង​បាន​ហោះ​មើល​តំបន់​ទាំងមូល ។ ផ្លូវ​ទាំងឡាយ​ត្រូវ​ភក់ និង​កាក​សំណល់​រ៉ែ​នានា​ហូរ​កប់ ។ គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​១៦​និង​២០​នាទី ម៉ោង​ក្នុងស្រុក​នៅ​ចន្លោះ​ទីក្រុង OURO PRETO និង​ក្រុង​ម៉ា​រី​យ៉ា​ណា ។ សាលាក្រុង OURO PRETO គូសបញ្ជាក់​ថា ទំនប់ FUNDAO នេះ​បាន​បាក់​បណ្តាល​ឱ្យ​មានការហូរ​ភក់​នៃ​កាក​សំណល់​រ៉ែ ដែល​ប៉ះពាល់​ដល់​មូលដ្ឋាន BENITO RODRIGUES ។

រដ្ឋ MINAS GERAIS ជា​តំបន់​អណ្តូងរ៉ែ​មាស​នៃ​ប្រទេស​ប្រេ​ស៊ី​ល​ចាប់តាំងពី​សតវត្ស​ទី​១៦​មក ។ ការ​ធ្វើ​អាជីវកម្ម​មាស​ក្រោយមក​ត្រូវ​ជំនួស​ដោយ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ជា​ច្រើន ព្រមទាំង​ត្បូង​ថ្ម ៕