បារាំង​សម្រេច​ដាក់​ពង្រាយ​នាវាចម្បាំង​ប្រឆាំង​ក្រុម​រដ្ឋ​អិុស្លាម

ក្រោយ​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​ការពារ​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ប្រទេស​បារាំង​បាន​សម្រេច​ដាក់​ពង្រាយ​នាវាចម្បាំង​មួយ​កង ដែល​រួម​មាន​នាវា​ផ្ទុក​យន្តហោះ CHARLES DE GAULLE ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​នានា​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​បណ្តា​សាខា​របស់​ក្រុម​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​វិមាន​អេ​លី​ហ្សេ​ថា ប្រធានាធិបតី​បារាំង​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ការពារ​ផ្តោត​លើ​សភាពការណ៍​នៅ​ស៊ី​រី និង​នៅ​អុ​ី​រ៉ា​ក់ ។ ប្រមុខរដ្ឋ​បារាំង​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ការ​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​សន្តិភាព​ក្រុង​វី​យែ​ន ដើម្បី​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ឆ្ពោះទៅ​រក​ដំណើរការ​ឆ្លងកាត់​ខាង​នយោបាយ​មួយ ដែល​នេះ​ជា​ដំណោះស្រាយ​តែ​មួយ​គត់ ដើម្បី​ដោះស្រាយ​ជម្លោះ​ស៊ី​រី ។

វិមាន​អេ​លី​ហ្សេ​បញ្ជាក់​ថា ប្រធានាធិបតី​បាន​រំលឹក​ថា រាល់​កិច្ចព្រមព្រៀង​ត្រូវ​ផ្តោត​លើ​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ការ​បញ្ឈប់​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ប្រជាជន​ស៊ី​វិល ។ លោក​បា​ចា អាល់​អាសា​ដ ពុំ​អាច​មាន​តួនាទី​ណាមួយ​សម្រាប់​ស៊ី​រី​នា​ពេល​អនាគត​ឡើយ ។

ម្យ៉ាងវិញទៀត ក្រុមប្រឹក្សា​ការពារ​នេះ​បាន​ពិនិត្យ​ពី​ការ​គំរាមកំហែង​ភេរវកម្ម​ប្រឆាំង​ប្រទេស​បារាំង និង​ការ​អនុវត្ត​បណ្តា​វិធានការ​ចាំបាច់​ការពារ​ពលរដ្ឋ​បារាំង ។

យោង​តាម​សេចក្តី​ប្រកាស​ថា បណ្តា​ផលវិបាក​នៃ​ការ​កម្ទេច​យន្តហោះ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​៣១ តុលា នៅ​តំបន់​វាល​ខ្សាច់​ស៊ី​ណៃ​អុ​ី​របស់​អេ​ហ្ស៊ី​ប ក៏​ត្រូវ​បាន​ពិនិត្យ​ដែរ ។

សេចក្តី​ប្រកាស​បន្ត​ថា រាល់​វិធានការ​ត្រូវ​បាន​ប្រកាន់​យក ដើម្បី​ជា​ការ​បង្ការ​សំដៅ​ធានា សន្តិសុខ​របស់​ជនជាតិ​បារាំង ហើយ​គ្មាន​ការ​ហោះហើរ​ដោយ​ត្រង់​របស់​បណ្តា​យន្តហោះ​រវាង​ក្រុង CHARM EL CHEIKH និង​បារាំង​ឡើយ ៕