បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​កាន់តែ​ខ្លាំង​

បទល្មើស​គ្រឿងញៀន​ដែល​កំពុង​រាលដាល​នៅ​ក្រុង​សួង ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​លោក ប្រាជ្ញ ចន្ទ ជា​អភិបាលខេត្ត និង​លោក ម៉ៅ ពៅ ជា​ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៃ​បិតមាស សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​សម្ដែង​ការភ័យខ្លាច​ថា កន្លងមក​មូលដ្ឋាន​ពួកគាត់​មិន​ដែលមាន​បទល្មើស​គ្រឿងញៀន​ទេ ប៉ុន្តែ​ឥឡូវនេះ​គ្រឿងញៀន​មក​ដក់​ជណ្ដើរ​ផ្ទះ​របស់​ពួកគាត់​ហើយ​។

​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​០២ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សួង បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​ពីបទ​ជួញដូរ រក្សាទុក​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ភូមិ​ជ្រៃ​បិតមាស សង្កាត់​សួង ក្រុង​សួង​។ ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​ម្សៅ​ជាច្រើន​កញ្ចប់ ព្រមទាំង​គ្រឿងញៀន​ប្រភេទ​គ្រាប់​ពណ៌​ផ្កាឈូក​១១​គ្រាប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​២ និង​កាំភ្លើងខ្លី​ម៉ាករូ​ឡូ​មាន​១៤​គ្រាប់​។ ប្រការនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​បច្ចុប្បន្ន​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​រាលដាល​កាន់តែខ្លាំង​ស្ទើរតែ​គ្រប់​ស្រុក​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល​។

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ ទី​១-​ឈ្មោះ អាន ស៊ី​ឌឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទី​២-​ឈ្មោះ អៀង ចិ​ត្រា ហៅ​ប៉ាវ អាយុ​២៩​ឆ្នាំ ទី​៣-​ឈ្មោះ សែន ចិ​ត្រា ភេទ​ប្រុស និង​ទី​៤-​ឈ្មោះ ធី ដេវីដ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុក ស្រី​ទូច ភេទ​ស្រី អាយុ​២៩​ឆ្នាំ​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ ស្រុក​ពញាក្រែក និង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត យកចិត្តទុកដាក់​ថែមទៀត​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ឲ្យ​ស្របតាម​បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ ដោយហេតុថា​នៅក្នុង​ឆ្នាំ​២០១៥​នេះ បទល្មើស​ផ្សេងៗ​ដូចជា​អំពើចោរកម្ម គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម កំពុង​រាលដាល​យ៉ាង​ខ្លាំងក្លា ហើយ​ការទប់ស្កាត់​របស់​សម​ត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​ឡើយ​៕

ម៉ៅ-ពៅលោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ IMG_1867 IMG_1862 IMG_1869