ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​មហន្តរាយ​ដោយសារ​ស្នាដៃ​ឈ្មោះ ឡេង ចាន់​មន្នី

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូរ​យ៉េ​ស ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ដើមឈើ​ធំៗ​ក្នុងព្រៃ​កំពុង​ប្រឈម​នឹង​ការ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ឈ្មួញ​ល្បីឈ្មោះ​ខាង​កាប់​ឈើ​និង​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​មានឈ្មោះ ឡេង ចាន់​មន្នី ហើយ​ជននេះ​ថែមទាំង​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​តាម​ភូមិ​នានា​ក្នុងស្រុក​កោះ​ញែក​ទៀតផង​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ស្រែ​សង្គម បាន​ឲ្យ​ដឹងថា​ឈ្មោះ ឡេង ចាន់​មន្នី បាន​ប្រើប្រាស់​យីហោ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​យកមក​ស្តុក​ទុក​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នេះ​។ នៅពេល​ប្រមូល​ទិញ​បាន​ឈើ​ប្រណីត​គ្រប់​ចំនួន​ឈ្មួញ​រូបនេះ បាន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​លំផាត់ ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​តែម្ដង​។ ជាងនេះទៅទៀត​ឈ្មោះ ឡេង ចាន់​មន្នី មាន​បរិវារ​ជាច្រើន​សម្រាប់​ប្រមូល​ទិញ​ឈើ​ក្នុង​មូលដ្ឋាន​ស្រុក​កោះ​ញែក​ទាំងមូល​ទៀតផង​។

ប្រជាពលរដ្ឋ​បាន​កត់សម្គាល់ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​មាន​ជនល្មើស​ជាច្រើន​បាន​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​នានា ហើយ​ដឹកជញ្ជូន​យកមក​លក់​ឲ្យ​ឈ្មោះ ឡេង ចាន់​មន្នី ដែល​ឈរ​ចាំ​ទិញ​នៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​កោះ​ញែក មិនដែល​ចាត់វិធានការ​ទៅលើ​សកម្មភាព​ខុសច្បាប់​របស់​ឈ្មោះ ឡេង ចាន់​មន្នី ទេ​បើទោះបី​ជននេះ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ក៏ដោយ​។ មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា ទាំង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្តមណ្ឌលគិរី ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ ឡេង ចាន់​មន្នី ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​បំផុត​៕

អេង-ប៊ុនហ៊ាង1លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី W@t-06118