​សិប្បកម្ម​កែច្នៃ​ឈើ​ឈ្មោះ ហេង សំនៀង នៅ​ក្រុង​ស្ទឹងត្រែង​ទទួល​កែច្នៃ​ឈើ​ខុសច្បាប់​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​រាយការណ៍​ថា សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ​មួយកន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង​ដែលមាន​ម្ចាស់​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង​បានទទួល​កែច្នៃ​ឈើ​ខុសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខាងលើនេះ​ល្បី​ថា​ជា​របស់​ជនជាតិ​យួន​ឈ្មោះ យាយ​ព្រឿង  ហើយ​បានធ្វើ​អាជីវកម្ម​ឈើ​អត់​ច្បាប់​នេះ​មិន​គ្រាន់តែ​មិនមាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​នោះទេ ប៉ុន្តែ​មាន​អ្នកមានអំណាច​ម្នាក់​បាន​និង​កំពុង​ចេញមុខ​កាង​សិប្បកម្ម​របស់​យាយ​ព្រឿង​ថែមទៀត​ដែល​បញ្ហា​នេះ​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​មិន​ស្ទើរ​នោះទេ​។

​ជុំវិញ​បញ្ហា​នេះ សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ជា​ជនជាតិ​យួន​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ពាក់កណ្តាល​ស្របច្បាប់ និង​ពាក់កណ្តាល​ល្មើសច្បាប់ ហើយ​ពុំ​ដែលមាន​សមត្ថកិច្ច​ចុះបង្ក្រាប​នោះឡើយ​។ កម្មករ​ទូក​មួយរូប​បាន​បង្ហើប​ថា ក្នុង​មួយថ្ងៃ​មាន​ទូក​ដឹកឈើ​ចាប់ពី​១០ ទៅ​២០​គ្រឿង​ដឹកជញ្ជូន​ឈើ​យកមក​ដាក់​ក្នុង​សិប្បកម្ម​មួយ​នេះ ហើយ​ឈើ​ទាំងអស់នោះ​មានច្បាប់​តិចតួច​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មន្ត្រី​មានអំណាច​នៅក្នុង​ខេត្តស្ទឹងត្រែង គឺជា​អ្នក​ចេញមុខ​កាង​ការដឹកជញ្ជូន​ឈើ​ចូល​រោង​សិប្បកម្ម​របស់​យាយ​ព្រឿង​នៅក្នុង​ក្រុង​ស្ទឹងត្រែង​។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​រកស៊ី​លក់​គ្រឿង​សង្ហា​រឹម​នៅ​ក្រុង​ស្ទឹងត្រែង​មួយរូប​បាន​បង្ហើប​ថា ក្នុង​មួយថ្ងៃៗ​ទូក​ដឹកឈើ​ពី​១០​ទៅ​២០​គ្រឿង​បាន​ដឹកជញ្ជូន​ឈើ​ចូលទៅ​សិប្បកម្ម​របស់​យាយ​ព្រឿង ខណៈ​ចំនួន​ឈើ​ដែល​ដឹក​ចូល​នោះ​មាន​ប្រមាណ​ពី​២០០​ម៉ែត្រគូប ទៅ​៣០០​ម៉ែត្រគូប ដែលជា​ចំនួន​លើស​ច្បាប់​អាជីវកម្ម​សិប្បកម្ម​រប​ស់​យាយ​ព្រឿង​។ ចំពោះមុខ​បញ្ហា​របស់​រោង​សិប្បកម្ម​យាយ​ព្រឿង​នេះ ទាំង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំងៗ​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ដែល​មិន​បើកភ្នែក​មើល​សិប្បកម្ម​កែច្នៃ​ឈើ​របស់​យាយ​ព្រឿង ហើយ​បណ្តោយ​ឲ្យ​សិប្បកម្ម​មួយ​នេះ​បំផ្លាញ​ធនធានធម្មជាតិ​ខ្មែរ ៕

7573