ការ​សម្រេចយក​ចំណូល​អង្គរវត្ត​មក​គ្រប់គ្រង​បានការ​សាទរ ប៉ុន្តែ​រង់ចាំ​មើល​ការអនុវត្ត​

​ចាប់ពី​ឆ្នាំ​២០១៦​តទៅ រដ្ឋាភិបាល​នឹង​គ្រប់គ្រង​អង្គរវត្ត​ទាំងមូល​។ រាជរដ្ឋាភិបាល​នឹង បង្កើត​សហគ្រាស​សាធារណៈ ដើម្បី​ធុរៈកិច្ច​គ្រប់គ្រង ដែលមាន​ក្រសួងទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អន្តរក្រសួង​រៀបចំ​គណៈកម្មាធិការ​នេះ​។ ការប្រកាស​នេះ​បានទទួល​ការ​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន រួមទាំង​អ្នកវិភាគ និង​គណបក្សប្រឆាំង​។​

​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​សាទរ​ចំពោះ​ការសម្រេច​នេះ​។ ក្រៅពី​ថ្លែង​អបអរ លោក ឡុង កុសល ក៏​ប្តេជ្ញា អនុវត្តន៍​តាម​ការ​កា​រស​ម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។

​ជុំវិញ​ការគ្រប់គ្រង​អង្គរ ក៏បាន​ទទួល​ការស្វាគមន៍​ពី​លោក កែម ឡី ផងដែរ​។ សម្រាប់​អ្នកវិភាគ​សង្គម​រូបនេះ ទោះបី​វា​ហាក់​យឺត​ពេល​បន្តិច​ប៉ុន្តែ​នេះ​ជា​វិធាន​ការល្អ​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ល្អ​ជាង​នេះ លោក កែម ឡី ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ប្រកាស​ដេញថ្លៃ​ជា​សាធារណៈ ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ឯកជន​ដែលមាន​ស្តង់ដារ​អន្តរជាតិ ឬ​ក្រុមហ៊ុន​ដែល​គ្មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល ដើម្បី​ឲ្យ​ការ​គ្រប់​គ្រង់​ចំណូល​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​។

​ក្រៅពី​តំបន់​អង្គរ នៅមាន​រមនីយដ្ឋាន​បូកគោ តំបន់​កោះ និង​ឆ្នេរ​ជាដើម រដ្ឋាភិបាល​ក៏​ត្រូវមាន​រដ្ឋបាល​គ្រប់​គ្រង់​ដោយ​ខ្លួនឯង​ផងដែរ​។ ជាមួយគ្នា​នោះ រដ្ឋ​ក៏ត្រូវ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ដែលមាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ដើម្បី​ត្រួតពិនិត្យ​លើ គ្រប់គ្រង​ចំណូល​ផងដែរ​។​

​ចំណែក​លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មកា​រ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ថ្លែង​សាទរ​ចំពោះ​ការសម្រេច​នេះដែរ ដោយ​លោក​បាន​លើកឡើងថា​៖«​កាលណា​ការងា​នេះ ធ្វើឡើង​ដោយមាន​តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់ គឺ​យើង​សាទរ ប៉ុន្តែ​បើ​បង្កើតឡើង​ដើម្បី​បិទបាំង​ទង្វើ​អាក្រក់ ឬ​ទុច្ចរិត​នោះ នេះ​ជា​រឿង​មួយ​ផ្សេងទៀត​»​។​

​តែ​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ មិន​ហ៊ាន​វិនិឆ្ឆ័យ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​នៅឡើយ ដោយ​អះអាងថា​ចាំមើល​សេចក្តីសម្រេច និង​សកម្មភាព​របស់​គណៈកម្មកា​រ​ធុរកិច្ច​ជាមុនសិន​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ក្នុង​ប្រអប់ Comment លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា  «​ដំណឹង​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស គឺ​ចាប់ពី​ឆ្នាំក្រោយ ២០១៦​ទៅ គឺ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​កាន់កាប់​ចាត់ចែង​គ្រប់គ្រង​អង្គរវត្ត​ទាំងមូល​រួមទាំង​បុគ្គលិក និង​ចំណូល​ចំណាយ​»​។ ការសរសេរ​របស់លោក​នាយករដ្ឋមន្ត្រី គឺធ្វើឡើង​នៅពេលដែល​លោក​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។

​ការគ្រប់គ្រង​អង្គរ​ដែល​ត្រូវ​រដ្ឋាភិបាល​បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ប្រតិបត្តិការ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ គឺជា​ប្រធានបទ​នៃ​ការរិះគន់​របស់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន ជា​រៀង​រហូតមក​។ វា​ក៏​ជា​របៀបវារៈ​នៃ​ការឃោសនាបោះឆ្នោត​ផងដែរ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​