អគ្គ​មេបញ្ជាការរង​៖ បើ​កម្លាំង​ការពារ​ព្រំដែន យកលុយ​ពី​ពលករ​ខ្មែរ រហូតដល់​រាស្ត្រ​ខឹង​ស្អប់ នោះ​គឺ​រដ្ឋាភិបាល​រងគ្រោះ​

បន្ទាយមានជ័យ: អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​កងយោធពល​ខេមរៈភូមិន្ទ បាន​ព្រមាន​ដល់​កម្លាំង​គ្រប់​ប្រភេទ ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ត្រូវធ្វើ​ល្អ ជួយ​សម្រួល កុំ​បង្ក​ថ្នាំងថ្នាក់​ដល់​ពលរដ្ឋ ដូចជា​មិនត្រូវ​យកលុយ​ពី​ពលករ​ឆ្លងដែន​ទៅ​ព្រឹក​វិល​ល្ងាច ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ធ្វើទុក្ខ​លំបាក​នានា ព្រោះ​វា​បានធ្វើអោយ​រាស្ត្រ​ខឹង និង​ស្អប់​កងកម្លាំង​។ លើសពីនេះ គឺ​នាំអោយ​រាស្ត្រ ខឹង​ស្អប់​ដល់​រាជរដ្ឋាភិបាល​។​
      
​ខាងលើនេះ ជាការ​លើកឡើង​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​កងយោធពល​ខេមរៈភូមិន្ទ លើកឡើង ក្នុងឱកាស​នាំយក​អំណោយ​អាវ​រងារ ចែកជូន​ដល់​កង កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ នា​រសៀល​ថ្ងៃទី​៥ វិច្ឆិកា ២០១៥ នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ​៥១ ក្នុងស្រុក​ព្រះនេត្រព្រះ​។​
    
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿង សារិទ្ធ មេបញ្ជាការ​កងពល​ថ្មើរជើង​លេខ​៥១ និង​ជា​មេបញ្ជាការរង​យោធភូមិ​ទី​៥ បាន​មានប្រសាសន៍​ស្វាគមន៍​ថា កម្លាំង​ដែល​ទទួល​អំណោយ​មាន​កម្លាំងយោធា និង​កម្លាំង​នគ​បាល​ជាតិ ដែល​ឈរជើង ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​ទទួលបាន​អាវរ​ងារ​បាន​ថ្លែង​អំណ​គុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចំរុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍ថា​៖​ដោយបាន​ការយកចិត្ត​ទុកដាក់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​នាំយក​អំណោយ​អាវរ​ងារ​ការពារ​នៅ​រដូវ​ធ្លាក់​ខ្យល់​រងារ បានគិត​គូរ​ពី​សុខភាព​កងកម្លាំង ដែល​កំពុង​ការពារ​បូរណភាព​ទឹកដី​។​

​លោក​បាន​ព្រមាន​ខ្លាំងៗ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ដែល​ឈរជើង តាម​បន្ទាត់​ព្រំដែន​ថា រយៈពេល​កន្លងមក មាន​បាតុភាព​ច្រើន ដូច​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន គម្រាម​ទារលុយ​ពី​ពលករ​ចំណាក់ស្រុក ដែល​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ប្រជាពលរដ្ឋ​ស្អប់​ដល់​កងកម្លាំង​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​ដាស់តឿន​ដល់​ស្ថាប័ន​សម​ត្ត​កិច្ច ក្នុងការ​បង្ក្រាប​គ្រឿងញៀន មិនត្រូវ​ចាប់​តែ​អ្នកប្រើប្រាស់ និង​ចែកចាយ​តិចតួច​ទេ ត្រូវ​ចាប់​អោយបាន​ឈ្មួញ ដែល​ជួញដូរ​គ្រឿងញៀន​ធំៗ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ណែនាំ​ដល់​កងកម្លាំង ដែលមាន​រថយន្ត​គ្មាន​ពន្ធ ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ដែល​នេះ​ជា​កាតព្វកិច្ច មិនត្រូវ​ប្រើប្រាស់​រថយន្ត​នោះ នាំ​ឲ្យ​ខុស​នឹង​ច្បាប់​ឡើយ​៕

អគ្គ​មេបញ្ជាការរង​៖ បើ​កម្លាំង​ការពារ​ព្រំដែន យកលុយ​ពី​ពលករ​ខ្មែរ រហូតដល់​រាស្ត្រ​ខឹង​ស្អប់ នោះ​គឺ​រដ្ឋាភិបាល​រងគ្រោះ​

អគ្គ​មេបញ្ជាការរង​៖ បើ​កម្លាំង​ការពារ​ព្រំដែន យកលុយ​ពី​ពលករ​ខ្មែរ រហូតដល់​រាស្ត្រ​ខឹង​ស្អប់ នោះ​គឺ​រដ្ឋាភិបាល​រងគ្រោះ​

អគ្គ​មេបញ្ជាការរង​៖ បើ​កម្លាំង​ការពារ​ព្រំដែន យកលុយ​ពី​ពលករ​ខ្មែរ រហូតដល់​រាស្ត្រ​ខឹង​ស្អប់ នោះ​គឺ​រដ្ឋាភិបាល​រងគ្រោះ​