ស្រវឹងចូលរាវកូនក្រមុំគេ ប៉ះចំម្តាយរត់មិនរួចជាប់ខ្នោះ

កំពង់ចាម:  នៅព្រឹកថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាមបាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ​ពី​បទ​ប៉ុនប៉ងរំលោភ​សេពសន្ថវៈ​លើ​កុមារី​អនីតិជន​អាយុ​១២​ឆ្នាំ កាលពី​វេលា​ម៉ោង៩យប់​ ថ្ងៃទី​៤​វិច្ឆិកា ​ឆ្នាំ២០១៥ នៅ​ភូមិ​រកា​ក្រោម ​សង្កាត់​សំបួរមាស ​ក្រុង/ខេត្ត​កំពង់ចាមចាត់ការតាមនីតិវិធីច្បាប់។

យោង​តាម​បណ្ដឹង​របស់​អ្នកស្រី អាន វួ​ច​នី ត្រូវជា​ម្ដាយ​របស់​កុមារី​រង​គ្រោះ​ឈ្មោះ​(​ដ​-​វ​)អាយុ​១២ឆ្នាំ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤​វិច្ឆិកា វេលា​ម៉ោង៨យប់ ក្រុម​គ្រួសារ​របស់​អ្នក​ស្រីបាន​នាំ​គ្នា​ចូល​ដេក​ក្នុង​ផ្ទះ​ដោយ​បិទ​ទ្វារ​អស់។​ រហូតដល់​ម៉ោង៩យប់​ថ្ងៃ​ដដែល មាន​មនុស្ស​ម្នាក់​លួច​បើក​ទ្វារ​ខាងក្រោយ​ ចូល​ក្នុង​ផ្ទះ​របស់​ខ្លួន​ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​(​ដ​-​វ​)​ក្នុង​ ខណៈ​នោះ​ជន​សង្ស័យ​បាន​លូកដៃ​រាវ​ចុះឡើង​ ប៉ះខ្លួនប្រាណ​របស់​កូនស្រីគាត់​ឈ្មោះ​(​ដ​-​វ​)​អាយុ​១២ឆ្នាំ​ និង​បម្រុង​រំលោភ​សេពសន្ថវៈភ្លាមៗនោះ​កូន​(​ដ​-​វ​)​បាន​រើ​បម្រាស់​ ហើយ​ជនសង្ស័យ​បាន​លូកដៃ​រាវ​ម្តងទៀត ​ពេលនោះក៏បាន​ប៉ះ​ជើង​របស់​អ្នកស្រី​ជា​ម្តាយ។​

បន្ទាប់មក ​អ្នកស្រី​(​វួ​ច​នី​)​បាន​ក្រោក​ឡើង​បើកភ្លើង​ក៏​ឃើញ​ឈ្មោះ ឆឹង​ចាន់​ ណា​ ហៅ​(​ម៉ិ)​ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ មាន​កាយ​អាក្រាត ​ហើយ​ឃើញ​លើកអូ​ស្លៀក ​ក៏​រត់​ចុះ​តាមទ្វា​ក្រោយ ​អ្នកស្រី​ក៏​ស្រវា​ចាប់ ​តែ​ចាប់​មិន​ជាប់​ ហើយក៏​នាំគ្នា​រត់​ដេញ​ដល់​ការដ្ឋានធ្វើ​ស្ពាន​កន្លែង​កម្មករ​ស្នាក់នៅ​ក៏​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​នាំមក​អធិការដ្ឋាន។​

កុមារី​(​ដ​-​វ​)​អាយុ​១២​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ​កន្លងមក​នាង​មិនដែល​ស្គាល់​ឈ្មោះ​ ចាន់ណាហៅ​ម៉ិ​នោះ​ទេ ​លុះដល់​យប់​កើតហេតុ ​ពេល​នាង​កំពុង​ដេក​ជាមួយ​ម្តាយស្រាប់​តែ​មាន​ដៃ​មួយ​រាវ​មក​លើ​ខ្លួន​ប្រាណ​នាង​ មុនដំបូង​នាង​ ស្មាន​តែ​ម្តាយ​ក៏វាស​ដៃ​ចេញ​ ហើយ​ដៃ​នោះ​ក៏​រាវ​មក​ប៉ះ​នាង​ម្តង​ទៀត​ពេលនោះ​ នាង​ដឹង​ថា​មិនមែន​ម្តាយ​ទេ​ ក៏​ខំ​បើកភ្នែក​មើល ​តែ​ងងឹត​ពេក​មើល​មិន​ឃើញ ​ពេលនោះ​ម្តាយ​នាង​បានបើកភ្លើង​ទើប​ដឹង​ថា​អ្នក​ដែល​រាវ​មក​លើ​ខ្លួនប្រាណ​គាត់​ ជា​មនុស្ស​ផ្សេង ​ហើយក៏មាន​ការ​ផ្អើលឆោឡោ​ឡើងដល់​ឪពុកម្ដាយ ​និង​ជីតា​របស់​នាង​បាន​ដេញ​ចាប់បុរស​កំហូច​មក​ប្តឹង​ប៉ូលិស ។

តាម​សម្ដី​របស់​ជនសង្ស័យ​ឈ្មោះ ​ឆឹង​ចាន់ណា​ ហៅ​ម៉ិ​ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ​ មុខរបរកម្មករ​ស្ពាន​មាន​ទីលំនៅ​ភូមិ​ដំណាក់​ល្អិត​ ឃុំរ​ការ​គយ​ ស្រុក​កង​មាស ​ខេត្តកំពង់ចាម​បានឲ្យដឹងថា ​នៅ​ថ្ងៃ​ទី​៣វិច្ឆិកា ខ្លួន​បាន​មក​ធ្វើ​កម្មករ​ស្ពាន​នៅ​កោះ​ប៉ែន រហូតដល់​ថ្ងៃ​ទី​៤វិច្ឆិកា ​វេលា​ម៉ោង​ប្រហែល​៤រសៀល ខ្លួន​និង​កម្មករ​២-៣​នាក់​ទៀតបាន​ផឹក​ស្រា​នៅ​កន្លែងធ្វើការ​(​ការដ្ឋាន​ស្ពាន​) លុះ​យប់​បន្តិច​ឈ្មោះ​តុងអាយុ១៥ឆ្នាំ​ ជា​កម្មករ​ដូចគ្នា​ បាន​និយាយ​ថា បើ​ឯង​ផឹក​ស្រា​កន្លះ​លីត្រ​លើក​ដាច់តែម្ដង ​អញ​ឲ្យ​១០​ម៉ឺន​រៀល។

​ ដោយ​ចង់បាន​លុយ​១០​ម៉ឺន​រៀល​ខ្លួន​ក៏បាន​លើក​ស្រា​កន្លះ​លីត្រ​នោះ​ប្រឹង​ផឹក​ទាល់តែអស់​។ ​ពេល​នោះ​ឈ្មោះ​ តុង ​មិនបាន​ឲ្យ​លុយ​ភ្លាម​ទេ​ព្រោះថា​មិន​ទាន់​មាន​ ចាំ​បើក​ប្រាក់​ខែ​សិន ​រួច​ក៏​បែក​គ្នា​ទៅ​ដេក​រៀង​ខ្លួន​។​ ចំណែក​ខ្លួន​ពេលនោះ​ស្រវឹង​មិន​ដឹងទៅ​ណា​ក៏​ចេះតែ​ដើរៗ​ទៅ ​លុះ​ដឹងខ្លួន​ឃើញ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទៅ​ហើយ៕​