បឹងកេតអង្គរ សង្ឃឹម ស្របពេលណាហ្គាវើល មានការជឿជាក់

ក្រុម​បឹង​កេតអង្គរ និង​ក្រុម​ណាហ្គាវើល ​​នឹង​​ត្រូវ​ប្រកួត​ជើង​ទី​២វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង៦:០០ ថ្ងៃ​សៅរ៍ ​ស្អែក​នេះ ដើម្បី​រក​​ក្រុម​មាន​ប្រៀប​​ឡើង​ទៅ​ជួប​ក្រុម​ភ្នំពេញ​ក្រោន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៥​នេះ។

ការ​យក​​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​បឹង​កេត ៣-១ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ សម្រាប់​ការ​ប្រកួត​ជើងទី​១ នៅ​ស្តាត​ចាស់​កាល​ពី​ថ្ងៃ ទី​២៥ ខែតុលា កន្លង​មក​នេះ ​​បាន​ជួយ​ឲ្យ​​ក្រុម​ណាហ្គាវើល មាន​ភាគ​ខ្ពស់​បំផុតជាង​បឹង​​កេត ក្នុង​ការ​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ត្រឹម​លទ្ធ​ស្មើ ឬ​ចាញ់​បឹង​កេត លើក​នេះ​ត្រឹម​១-០ ក៏​ណាហ្គាវើល នៅ​តែ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែរ។
1
ទោះ​បី​ជា​យ៉ាង​ណា ក្រុម​បឹង​កេត ​នៅ​តែ​មាន​​សង្ឃឹម​ក្នុង​ការ​​វាយ​បក​ទៅ​លើ​ណាហ្គាវើល ដើម្បី​ស្វែង​រក​ការ​មាន​ប្រៀប​វិញ​​ដដែល។ លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្គោល​របស់​ក្រុមបឹង​កេតអង្គរ បាន​​និយាយ​ថា៖​«​​ពិត​ណា​ស់​ការ​ចាញ់ ៣-១ ក្នុង​ជើង​ទី​១ នឹង​ធ្វើ​ឲ្យ​យើងកាន់​​​តែ​ត្រូវ​​​ធ្វើ​ការ​ងារ​ធ្ងន់​ក្នុង​ការ​​ប្រកួត​ជើង​ទី​១នេះ ព្រោះ​ទិស​ដៅ​សំខាន់​របស់​យើង គឺ​យើង​ត្រូវ​រក​គ្រាប់​បាល់​ឲ្យ​បាន។

លោក​បាន​បញ្ជាក់​ថា៖​«ខ្ញុំ​ដឹក​ថា ណាហ្គាវើល ក៏​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដើម្បី​ត្រៀម​ទប់​យើង​ផង​ដែរ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​វាយ​បក​លើក​នេះ ព្រោះ​ខ្ញុំ​មាន​ការ​ជឿ​ជាក់​ខ្លាំង​ទៅ​លើ​កូន​ក្រុម​របស់​ខ្ញុំ គឺ​​សង្ឃឹម​ទៅ​លើ​ការ​លេង​ជា​ក្រុម មិន​មែន​សង្ឃឹម​ទៅ​តែ​កីឡាករ​ណា​មួយ​នោះ​ទេ»។

ប៉ុន្តែ​លោក មាស ចាន់ណា គ្រូ​បង្វឹក​របស់​​ក្រុម​ណាហ្គាវើល ​បាន​និយាយ​ថា៖​«យើង​ត្រៀម​ខ្លួន​យ៉ាង​ល្អ​បំផុត ហើយ​យើង​ក៏​បាន​ហ្វឹក​ហាត់​យ៉ាង​គ្រប់​គ្រាន់​ផង​ដែរ ខណៈ​ពេល​នេះ​កីឡាករ​របស់​ខ្ញុំ​ទាំង​អស់​បាន​​ប្រមូល​អារម្មណ៍​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​លើក​នេះ។ ខ្ញុំ​មាន​ការ​ជឿ​ជាក់​ថា ​យើង​នឹង​បន្ត​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ហើយ​យើងនឹង​មិន​លែង​បែប​ទប់​បឹង​​កេត​នោះ​ទេ យើង​នឹង​រក្សា​ទម្រង់​លេង​ដូច​ពេល​យើង​បាន​ឈ្នះ ៣-១ កន្លង​មក​អ៊ីចឹង​ដែរ»៕