បើក​បន​ល្បែង​ជល់​មាន់ យូគី និង​អាប៉ោង នៅ​ក្នុង​សួនសត្វ​កោះកុង សមត្ថកិច្ច​អះអាង​ថា​មានច្បាប់

ខេត្តកោះកុង ៖ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ មាន​បន​ល្បែង​ជល់​មាន់ ល្បែង​យូគី និង​អាប៉ោង​ផង​ដែរ ត្រូវ​បាន​ចាប់​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូត​ដល់​យប់​តែ​ម្តង ។ បន​ល្បែង​ខាងលើ​នេះ​ត្រូវ​បាន​គេ​បើក​លេង​នៅ​ក្នុង​បរិវេណ​សួនសត្វ​កោះកុង ដែល​ស្ថិត​នៅ​ក្បែរ​កាស៊ីណូ​កោះកុង ប៉ុន្តែ​ពុំ​មែន​ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​ឡើយ ។

តាម​ប្រភព​អ្នក​ដែល​ញៀន​ល្បែង​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្លិប​ជល់​មាន់ យូគី និង​អាប៉ោង​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​ម្នាក់​ជួល​ដី​បរិវេណ​សួនសត្វ​ក្នុង​មួយ​ខែ​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ និង​ត្រូវ​ចំណាយ​ការ​សាងសង់​សង្វៀន​ជល់​មាន់ កន្លែង​ចាក់​យូគី កន្លែង​បាញ់អាប៉ោង អស់​រាប់​ម៉ឺន​ដុល្លារ​ទៀត ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ដែល​ល្បីឈ្មោះ​ខាង​បង្ក្រាប​ល្បែងស៊ីសង​​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បន​ល្បែង​ខាងលើ​បាន​លូន​ទៅ​ជ្រក​ក្រោម​ច្បាប់​កាស៊ីណូ ហើយ​ច្បាប់​កាស៊ីណូ​គឺ​គេ​អាច​បើក​ល្បែង​គ្រប់មុខ ហេតុនេះ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ឡើយ ។

ចំណែក​មន្ត្រីរាជការ​ជា​ច្រើន​បាន​រិះគន់​ថា បន​ល្បែង​ខាងលើ​នេះ​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ចំ​ពេល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ហាម​ចំពោះ​មន្ត្រីរាជការ​ដែល​ញៀន​​ល្បែង​ឲ្យ​ដកខ្លួន​ជា​បន្ទាន់​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យោធិន​ចូល​និវត្ត​នៅ​មជ្ឈមណ្ឌល​យោធិន​ពិការ​តា​កែន​កោះ​ស្លា មិនតែប៉ុណ្ណោះ​ប្រភព​ដដែល​និយាយ​ទៀត​ថា អ្នក​ដែល​ចូល​ចិត្ត​ល្បែង​ខាងលើ​នេះ​មិនសូវ​មាន​ប្រជាពលរដ្ឋ​ឡើយ ភាគច្រើន​ជា​មន្ត្រីរាជការ សូ​ម្បី​តែ​ម្ចាស់​សង្វៀន​នេះ​ក៏​ជា​មន្ត្រី​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​កោះកុង ហើយ​ក៏​មាន​ល្បែង​ជា​ច្រើន​មុខ​ទៀត​ដូច​ជា ភ្នាល់​បាល់ កន្ទុយលេខ ដូ​មី​ណូ ដែល​កំពុង​ពេញ​និយម​ក្នុង​ទីរួមខេត្ត​កោះកុង ហើយ​បាន​បង់ប្រាក់​ប្រចាំខែ​ជូន​សមត្ថកិច្ច ពុំ​មែន​សុំ​ច្បាប់​លេងល្បែង​ទេ តែ​សុំ​ឲ្យ​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​មុន បើ​ចង់​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ណាមួយ ងាយស្រួល​បំបាំងភ្នែក​អ្នក​សារព័ត៌មាន ៕