មេដឹកនាំ​ចិន​-​វៀតណាម​ព្រមព្រៀង​លើ​ការ​ពង្រឹង​ភាព​ជា​ដៃគូ ហើយ​ធ្វើការ​រួម​គ្នា​ដើម្បី​អនាគត​រុងរឿង

អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​ចិន និង​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​ទៅ​ដល់ទី​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ​នៅ​វៀតណាម ហើយ​លោក​បាន​ជួប​ពិភាក្សា​នា​ថ្ងៃ​នោះ ជាមួយ​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម លោក​ង្វៀ​ន ភូ​ជុង រួច មេដឹកនាំ​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ពង្រឹង​ភាព​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជា​សាកល​របស់​ប្រទេស​ទាំង​២ ។

ក្នុង​ការ​ពិភាក្សា​គ្នា លោក​ស៊ី និង​លោក​ជុង ព្រមព្រៀង​ប្រកាន់​យក​គោលការណ៍​ស្ថេ​រ​ភាព​រយៈពេល​យូរអង្វែង ទស្សនវិស័យ​នៃ​អនាគត មិត្តភាព និង​ជិតខាង​ល្អ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ពេញលេញ ក្នុង​ឋានៈ​ជា​អ្នក​ជាប់​ជិតខាង​ល្អ ជា​មិត្ត​ល្អ និង​ដៃគូ​ល្អ ហើយដោយ​ពង្រីក​ភាព​ជា​ដៃគូ​ស្ថិតស្ថេរ​ល្អ​ប្រសើរ និង​ទៀងទាត់ ។

លោក​ស៊ី ថ្លែង​ថា ចិន និង​វៀតណាម​មានភ័ព្វ​វាសនា​រួម​គ្នា​មួយ បើ​និយាយ​ពី​យុទ្ធសាស្ត្រ ។ លោក​អំពាវនាវ​ដល់​ភាគី​ទាំង​២​ឱ្យ​បង្កើន​ឡើង​វិញ និង​ថែរក្សា​មិត្តភាព​ជា​ប្រពៃណី​ក្នុង​ភាព​ជា​មិត្ត និង​ជា​បងប្អូន បង្កើត​ឡើង​ហើយ​ថែរក្សា​ដោយ​លោក​ប្រធាន​ម៉ៅ សេ​ទុង និង​លោក​ប្រធាន​ហូ​ជី​មិ​ញ ព្រមទាំង​មេដឹកនាំ​ជំនាន់​មុន​ៗ ។

លោក​ស៊ី ជី​ន​ពីង បាន​លើក​ពី​សំណើ​៧​ចំណុច​មួយ ដើម្បី​ពង្រីក​ទំនាក់ទំនង​រវាង​ចិន និង​វៀតណាម ក្នុង​នោះ​មានការ​ពង្រឹង​ទិស​ដៅ​នយោបាយ​រួម​នៃ​ទំនាក់ទំនង​ទ្វេភាគី ថែរក្សា​ប្រពៃណី​នៃ​ការ​ផ្លាស់​ប្តូរ​កម្រិត​ខ្ពស់ ហើយ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​អំពាវនាវ​ដល់​បក្ស​ទាំង​២​ឱ្យ​បង្កើន​ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​ភាគី​ទាំង​២ ដោយ​អនុវត្ត​ផែនការ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្តុះបណ្តាល​មន្ត្រី ។

ប្រធានាធិបតី​ចិន​បន្ត​ថា ចិន​ត្រៀម​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ខាង​វិនិយោគ និង​ហិរញ្ញវត្ថុ​ជាមួយ​វៀតណាម ។ ចិន​ត្រៀម​ធ្វើការ​ជាមួយ​វៀតណាម ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី ដោយ​ស្មើភាព និង​ស្ថិតស្ថេរ ។ ភាគី​ទាំង​២​ត្រូវ​ពង្រឹង​ការ​ផ្លាស់​ប្តូរ​គ្នា និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នានា ដូច​ជា​កងទ័ព ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប សន្តិសុខ ការ​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន ការ​គ្រប់គ្រង​លើ​ការ​ចេញ​-​ចូល​កាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ព្រមទាំង​ការ​តស៊ូ​ប្រឆាំង​ការ​ក្លែងបន្លំ​ខាង​ទូរគមនាគមន៍ និង​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា ។

ចំណែក​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​វិញ​ថ្លែង​ថា ទស្សនកិច្ច​របស់​លោក​ស៊ី នៅ​វៀតណាម​ជួន​ពេល​គ្នា​នឹង​ខួប​លើក​ទី​៦៥​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​វៀតណាម ។ លោក​អះអាង​ថា វៀតណាម និង​ចិន​សុទ្ធតែ​ផ្តោត​លើ​ការ​កែទម្រង់ និង​ការ​អភិវឌ្ឍន៍ ។ ការ​ពង្រឹង​ការ​ទាក់ទង​គ្នា​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេង​ៗ ពុំ​ត្រឹមតែ​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​២​ទេ តែ​ក៏​ជួយ​ពង្រឹង​ផង​ដែរ​ដល់​សន្តិភាព និង​ការ​អភិវឌ្ឍន៍​របស់​តំបន់ ។ វៀតណាម​ផ្តល់​សារសំខាន់​ជា​និច្ច​ដល់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ចិន ហើយ​ត្រៀម​ធ្វើការ​ជាមួយ​ចិន ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ភាព​ជា​ដៃគូ​ទ្វេភាគី​នៃ​កិច្ច​សហប្រតិបត្តិការ យុទ្ធសាស្ត្រ​ពេញលេញ ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ប្រកបដោយ​ប្រសិទ្ធភាព​បណ្តា​ការ​ខ្វែងគំនិត​គ្នា ។

លោក​ជុង អះអាង​ទៀត​ថា វិនិយោគ​របស់​ចិន​ត្រូវ​បាន​ស្វាគមន៍​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​វៀតណាម ហើយ​លោក​អំពាវនាវ​ដល់​ភាគី​ទាំង​២ ឱ្យ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នានា​ដូច​ជា​វប្បធម៌ ការពារ​សន្តិសុខ តស៊ូ​ប្រឆាំង​ឧក្រិដ្ឋកម្ម ។

បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា មេដឹកនាំ​ទាំង​២​បាន​ចូលរួម​ក្នុង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន ដែល​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន និង​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម ការ​ដឹក​ជញ្ជូន ទេសចរណ៍ សមត្ថភាព​ផលិតកម្ម វប្បធម៌ ផ្លូវដែក ថាមពល ហិរញ្ញវត្ថុ និង​កិច្ចការ​ក្នុងស្រុក ។

ពេល​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀ​ន តាន់​យុង ប្រធានាធិបតី​ចិន បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​២​ថែរក្សា​ស្ថេ​រ​ភាព​សមុទ្រ ហើយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សមុទ្រ​តាម​រយៈ​ការពិគ្រោះ​ពិភាក្សា​គ្នា​ដោយ​មិត្តភាព ។

លោក​ស៊ី អំពាវនាវ​ដល់​ប្រទេស​ទាំង​២​ឱ្យ​រក្សា​ការ​ទាក់ទង​គ្នា​ជាមួយ​ទស្សនវិស័យ​ភ្លឺស្វាង និង​យុទ្ធសាស្ត្រ ។ លោក​ក៏​ស្នើ​ផង​ដែរ​ឱ្យ​ប្រទេស​ទាំង​២​ពង្រឹង​ការ​សម្របសម្រួល​គ្នា និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​បណ្តា​កិច្ចការ​អន្តរជាតិ ដោយ​សន្យា​ថា ប្រទេស​របស់​លោក​នឹង​គាំទ្រ​វៀតណាម ដើម្បី​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់ និង​ពិភពលោក ហើយនឹង​ធ្វើការ​ជាមួយ​វៀតណាម ដើម្បី​ពង្រឹង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ ។

ចំណែក​នាយក​រដ្ឋមន្ត្រី​វៀតណាម​ថ្លែង​ថា វៀតណាម​ត្រៀម​ចូលរួម​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ជាមួយ​ចិន ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ទំនាស់​នានា ។ លោក​សន្យា​ថា វៀតណាម​នឹង​សម្រួល​ដល់​ការ​វិនិយោគ ព្រមទាំង​ប្រតិបត្តិការ​របស់​បណ្តា​សហគ្រាស​ចិន ។ លោក​អំពាវនាវ​ដល់​ប្រទេស​ទាំង​២ ឱ្យ​កែ​លម្អ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​ការ​ទាក់ទង​គ្នា និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ដល់​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន ពិសេស​យុវជន​ជំនាន់​ថ្មី ។

វៀតណាម​ជា​ដំណាក់កាល​ទី​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី នៅ​អាស៊ី ហើយ​លោក​នឹង​បន្តដំណើរ​មក​កាន់​ប្រទេស​សិង្ហ​បុរី​ទៀត ៕