មុន​លុប​ចោល​ទណ្ឌកម្ម​អីុរ៉​ង់​ហាមឃាត់​បណ្តា​ផលិតផល​អា​មេ​រិ​ក

យោង​តាម​ការ​ណែនាំ​មួយ​របស់​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​អីុ​រ៉​ង់ លោក MOHAMMAD REZA NEMATZADEH ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ថា ប្រទេស​អីុ​រ៉​ង់​ហាមឃាត់​ការ​នាំ​ចូល​រាល់​ផលិតផល​ប្រើប្រាស់​អា​មេ​រិ​ក ក្នុង​ទស្សនវិស័យ​នៃ​ការ​លុប​ចោល​ទណ្ឌកម្ម​ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ។

ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៤ កក្កដា រវាង​អីុ​រ៉​ង់ និង​បណ្តា​មហាអំណាច ក្នុង​នោះ​រួម​មាន​សហរដ្ឋអាមេរិក​ដែរ ក្រុង​តេ​ហេ​រ៉​ង់​យល់ព្រម​កម្រិត​រយៈពេល​ពី​១០​ទៅ​១៥​ឆ្នាំ នូវ​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស់​ជា​ថ្នូរ​នឹង​ការ​លុប​ចោល​ជា​បន្តបន្ទាប់​នូវ​បណ្តា​ទណ្ឌកម្ម​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​ស្ទះ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។

ការ​ណែនាំ​នេះ​គូសបញ្ជាក់​ថា ដើម្បី​ពង្រឹង​ដល់​ផលិតកម្ម​ជាតិ ចាំបាច់​ត្រូវ​រារាំង​ការ​ហូរ​ចូល​នៃ​ផលិតផល​ប្រើប្រាស់​អា​មេ​រិ​ក ហើយ​ហាមឃាត់​បណ្តា​ផលិតផល​ដែល​ជា​និមិត្តរូប​នៃ​វត្តមាន​អា​មេ​រិ​ក​ក្នុង​ប្រទេស ។

វិធានការ​នេះ​ត្រូវ​បាន​ប្រកាន់​យក​យោង​តាម​សារលិខិត​១​ច្បាប់​របស់​មេដឹកនាំ​កំពូល​អីុ​រ៉​ង់ លោក​អា​លី ខា​មេ​នី ចុះ​ថ្ងៃ​ទី​២១ តុលា ហើយ​ផ្ញើ​ជូន​ប្រធានាធិបតី លោក​ហា​សាន់ រ៉ូ​ហា​នី ដែល​សារលិខិត​នេះ​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ពង្រឹង​ផលិតកម្ម​ជាតិ ហើយ​រារាំង​ការ​នាំ​ចូល​ដែល​គ្មាន​កម្រិត ពិសេស​ការ​នាំ​ចូល​រាល់​ផលិតផល​ប្រើប្រាស់​មក​ពី​សហ​រដ្ឋ​អា​​មេ​រិ​ក ។

ការ​ណែនាំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បាតុកម្ម​នៅ​អីុរ៉​ង់​នា​ឱកាស​ខួប​លើក​ទី​៣៦​នៃ​ការ​លុក​ចូល​ស្ថានទូត​អា​មេ​រិ​ក ដោយ​ពួក​និស្សិត​អីុ​រ៉​ង់​កាលពី​ឆ្នាំ​១៩៧៩ ដែល​នាំ​ឱ្យ​មានការ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២ ។ ៣៦​ឆ្នាំ​បន្ទាប់​ពី​នេះ​ក្រុង​តេ​ហេ​រ៉​ង់ និង​ក្រុង​វ៉ា​ស៊ី​ន​តោន នៅ​ពុំ​ទាន់​បង្កើត​ទំនាក់ទំនង​ការទូត​ឡើង​វិញ​នៅឡើយ ។