ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​អា​មេ​រិ​ក និង​អង់គ្លេស​ថា អាច​មក​ពី​ការ​វាយប្រហារ​ភេរវកម្ម

៦​ថ្ងៃក្រោយ​ការ​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង នៅ​តំបន់​ស៊ី​ណៃ​អីុអេ​ហ្ស៊ី​ប អង់គ្លេស និង​អា​េ​ម​រិ​ក​យល់​ថា ប្រហែល​មក​ពី​គ្រាប់បែក​មួយ​គ្រាប់ តែ​រុ​ស្ស៊ី និង​អេ​ហ្ស៊ី​ប​ថា នេះ​ជា​ពាក្យ​ចចាមអារ៉ាម ។

តាម​វិទ្យុ​មួយ​ជា​សាខា​របស់​ក្រុមហ៊ុន CBS ប្រធានាធិបតី​អាមេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា លើក​ឡើង​ពី​លទ្ធភាព​ដែល​គ្រាប់បែក​មួយ​គ្រាប់​ជា​ប្រភព​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ តែ​លោក​គូសបញ្ជាក់​ថា​មក​ដល់​ដំណាក់កាល​នេះ​ហើយ​នៅ​ពុំ​ទាន់​មាន​ភាព​ច្បាស់លាស់​ណាមួយ​នៅឡើយ ។

ចំណែក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដា​វី​ដ កា​មី​រ៉ូ​ន បាន​លើក​ហេតុផល​នៃ​ការ​សម្រេចចិត្ត​របស់​លោក​ផ្អាក​នា​ថ្ងៃ​ទី​៤ វិច្ឆិកា នូវ​ជើងហោះហើរ​របស់​បណ្តា​យន្តហោះ​មក​ពី​ទីក្រុង CHARM EL CHEIKH ជា​កន្លែង​ហោះ​ចេញ​របស់​យន្តហោះ​រុ​ស្ស៊ី A321 មុន​ពេល​ធ្លាក់ ថា​ព្រោះតែ​ព័ត៌មាន​ស៊ើបការណ៍​នានា ដែល​យើង​ទទួល​បាន​ធ្វើ​ឱ្យ​យើង​ខ្លាច​ថា យន្តហោះ​នោះ​ធ្លាក់​អាច​មក​ពី​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​មួយ ។

ទោះបី​យ៉ាងណា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ការ​ពង្រឹង​សន្តិសុខ​បន្ថែម រួម​ជាមួយ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍ ហើយ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក​អាប់​ដែល ហ្វា​តា​ហ៍ អាល់​ស៊ី​ស​ស៊ី កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ឡុ​ង​ដ៍ រដ្ឋាភិបាល​អង់គ្លេស​សម្រេច​ថា ចាប់ពី​ថ្ងៃ​ទី​៦ វិច្ឆិកា ទៅ ការ​ហោះហើរ​របស់​បណ្តា​យន្តហោះ​ចេញពី​ទីក្រុង CHARM EL CHEIKH មក​កាន់​អង់គ្លេស​បើក​ឱ្យធ្វើ​ឡើង​វិញ ដើម្បី​ឱ្យ​អ្នកទេសចរ​អង់គ្លេស​ប្រមាណ​ជា​២០.០០០​នាក់​មាន​វត្ត​មាននៅ​ទីក្រុង​កម្សាន្ត​មាត់សមុទ្រ​នេះ​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ ៕