កងទ័ព​ស៊ី​រី​រង​ការ​វាយបក​នៅ​ភាគ​កណ្តាល​ប្រទេស

កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា បាន​របូត​មូលដ្ឋាន​តែ​មួយ​គត់​ដែល​ខ្លួន​កាន់កាប់​ស្ថិត​នៅ​តាម​ផ្លូវថ្នល់​សំខាន់​របស់​ប្រទេស ដែល​នេះ​ជា​ការ​វាយបក​ធ្ងន់ធ្ងរ​មួយ​របស់​ពួក​ឧទ្ទាម ហើយ​បង្ហាញ​ពី​ការ​លំបាក​របស់​របប​ស៊ី​រី ក្នុង​ការ​កាន់កាប់​ទីតាំង​នានា ទោះបី​មានការ​ជួយ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​ក៏​ដោយ ។

ម្យ៉ាងវិញទៀត យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ជន​ស៊ី​វិល និង​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​២២​នាក់​ស្លាប់ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ទីតាំង​នានា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ប៊ូ​កា​ម៉ា​ល់ ភាគ​ខាងកើត​ប្រទេស ជាប់​ព្រំដែន​អីុ​រ៉ា​ក់ ។ អង្គការ​នេះ​ពុំ​បាន​បញ្ជាក់​ថា តើ​យន្តហោះ​ទាំង​នេះ​​មក​ពី​ខាង​ណា​ឡើយ ។

ក្រោយ​ការ​វាយលុក​យ៉ាង​ខ្លាំង​នៅ​ភាគ​កណ្តាល​ស៊ី​រី ក្រុម​ជី​ហា​ដ JUND AL AQSA វាយ​ដណ្តើម​បាន​ទីក្រុង MOREK ជាទី​ក្រុង​តែ​មួយ​គត់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព ស្ថិត​នៅ​តាម​ផ្លូវ​រវាង​ក្រុង​អា​ឡែ​ប និង​ក្រុង​ហា​ម៉ា ។

MOREK ដណ្តើម​គ្នា​កាន់កាប់​ជា​ច្រើន​លើក​រយៈពេល​ជាង​៤​ឆ្នាំ​នៃ​ជម្លោះ ហើយ​កងទ័ព​រដ្ឋាភិបាល​វាយ​ដណ្តើម​យក​បាន​កាលពី​ខែតុលា ឆ្នាំ​២០១៤ ។

ការ​បាត់បង់​ទីក្រុង​នេះ​គឺ​បន្ទាប់​ពី​កងទ័ព​វាយ​កាន់កាប់​ផ្លូវថ្នល់​មួយ​កាត់​វាល​ខ្សាច់​មក​កាន់​ក្រុង​អា​ឡែ​ប ដែល​ផ្លូវថ្នល់​នេះ​ត្រួតត្រា​មួយ​ផ្នែក ដោយ​ក្រុម​រដ្ឋ​អិុ​ស្លា​ម​រយៈពេល​២​ស​ប្តា​ហ៍ ។

នាយក OSDH លោក​រ៉ា​មី អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន់ និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ទៀត នៅ​ភា​គា​ខាងកើត និង​ភាគ​អាគ្នេយ៍​ក្រុង MOREK ហើយ​ទាហាន​រដ្ឋាភិបាល​ជា​ច្រើន​សិប​នាក់​ត្រូវ​ស្លាប់ និង​របួស​។

ចាប់ពី​ថ្ងៃ​ទី​៧ តុលា មក កងទ័ព​ស៊ី​រី​ជួយ​ដោយ​ពួក​ជីវពល​ស៊ី​អីុ​ត លី​បង់ ហេ​ស​ប៊ុល​ឡា​ហ៍ និង​ពួក​យុទ្ធ​ជន​អីុរ៉​ង់ ព្រមទាំង​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បើក​ធ្វើការ​វាយលុក​ធំ​មួយ​ជាមួយ​ការ​ជួយ​ទ្រទ្រង់​ខាង​អាកាស​របស់​រុ​ស្ស៊ី ដើម្បី​ដណ្តើម​កាន់កាប់​ផ្លូវថ្នល់​យុទ្ធសាស្ត្រ ហូ​ម​-​ហា​ម៉ា​-​អា​ឡែ​ប ស្ថិត​ក្នុង​ដៃ​ពួក​ឧទ្ទាម ៕