FIFA U-17 World Cup៖ ក្រុម​មក​ពី​អាហ្វ្រិក​ ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ

FIFA U-17 World Cup៖ ក្រុម​មក​ពី​អាហ្វ្រិក​ ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ

ក្រុម​ការពារ​តំណែង​ជើង​ឯក​នីហ្សេរីយ៉ា បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​ថ្មី​ម្ដង​ទៀត​នា​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម​១៧ឆ្នាំ (FIFA U-17 World Cup) នា​ប្រទេស​ស៊ីលី ឆ្នាំ​២០១៥នេះ ដោយ​ត្រូវ​ប៉ះ​ក្រុម​មក​ពី​តំបន់​អាហ្រ្វិក​ដូច​គ្នា ម៉ាលី។

 

FIFA U-17 World Cup៖ ក្រុម​មក​ពី​អាហ្វ្រិក​ ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ

ក្រុម U-17 នីហ្សេរីយ៉ា

 

នីហ្សេរីយ៉ា បាន​បំបាក់​ម៉ិកស៊ីកូ ៤-២ នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​ម៉ាលី បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​នេះ ដោយ​បំបាក់​បែលហ្សិក ៣-១ ដើម្បី​ឡើង​ដល់​វគ្គ​ចុង​ក្រោយ​នេះ។

 

ម៉ាលី ទើប​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់​នេះ​ជា​លើក​ទី​៤​ប៉ុណ្ណោះ ប៉ុន្តែ​អាច​សម្រេច​បាន​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ ហើយ​បើ​គិត​ជា​រួម ម៉ាលី​ មិន​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់​កម្រិត​ FIFA នោះ​ទេ មិន​ថា​ក្រុម​ឈុត​ធំ ឬ​ក្រុម​យុវជន​កម្រិត​អាយុ​ប៉ុណ្ណា​ក៏​ដោយ។

 

FIFA U-17 World Cup៖ ក្រុម​មក​ពី​អាហ្វ្រិក​ ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ

ក្រុម U-17 ម៉ាលី

 

មុន​ឡើង​ដល់​វគ្គ​នេះ ម៉ាលី​ បាន​ឆ្លង​ផុត​វគ្គ​ក្នុង​ពូល ដោយ​ឈរ​លើ​គេ ពោល​គឺ​ឈ្នះ​២ ស្មើ​១ ក្នុង​ពូល D មុន​បន្ត​ទម្លាក់​កូរ៉េខាងជើង ៣-០ នា​វគ្គ​១៦ក្រុម​ចុង​ក្រោយ។ ឈាន​ដល់​វគ្គ​៨ក្រុម​ចុង​ក្រោយ ក្រុម​នេះ​បាន​យក​ឈ្នះ​ក្រូអាត ១-០។

 

ចំណែក​​នីហ្សេរីយ៉ាវិញ ឈរ​លើ​គេ​ក្នុង​ពូល B ដោយ​ឈ្នះ ២ ចាញ់១។ ក្នុង​វគ្គ​១៦ក្រុម​ចុង​ក្រោយ ក្រុម​នេះ​បាន​បំបាក់អូស្រ្ដាលី ៦-០ និង​ឈ្នះ​ប្រេស៊ីល ៣-០ នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

 

ពាន​រង្វាន់ FIFA U-17 World Cup ឆ្នាំ​២០១៥ មាន​២៤ក្រុម​ចូល​រួម ដែល​ក្នុង​នោះ​មាន​៤ក្រុម​មក​ពី AFC (អូស្រ្ដាលី, កូរ៉េខាងជើង, កូរ៉េខាងត្បូង, ស៊ីរី), ៤ក្រុម​មក​ពី​ CAF (ហ្គីណេ, ម៉ាលី, នីហ្សេរីយ៉ា, អាហ្រ្វិកខាងត្បូង), ៤ក្រុម​មក​ពី​ CONCACAF (កូស្ដារីកា, ហុងឌុយរ៉ាស់, ម៉ិកស៊ីកូ, សហរដ្ឋអាមេរិក), ៥ក្រុមមកពី CONMEBOL (ស៊ីលី, អាហ្សង់ទីន, ប្រេស៊ីល, អេក្វាឌ័រ, ប៉ារ៉ាហ្គាយ), ១ក្រុម​មក​ពី OFC (នូវែលហ្សេឡង់) និង៦ក្រុមមកពី UEFA (បែលហ្សិក, ក្រូអាត, អង់គ្លេស, បារាំង, អាល្លឺម៉ង់, រុស្សី)៕

 

ដោយ៖ សុវត្ថិ

ប្រភព៖ fifa