ព្រឹត្តិការណ៍ MMA ពិភពលោក ប្រកាស​បង្ហាញខ្លួន​នៅ​កម្ពុជា​រាល់​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ ក្នុង​វេទិកា​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា កន្លង​មក អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​របស់​One FC បាន​អះអាង​ថា កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ដែល​ស្ថាប័ន​នេះ​នឹង​រៀបចំ​យ៉ាង​ហោច​មួយ​ឆ្នាំ​ម្ដង ។ គម្រោង​នោះ​អាច​នឹង​លេចឡើង​លើស​ពី​មួយ​ឆ្នាំ​ម្ដង​ផង ប្រសិនបើ​ការ​រៀបចំ​ជា​លើក​ទី​២ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ដើមខែ​ធ្នូ​ខាង​មុខ មាន​សន្ទុះ​ជោគជ័យ​ខ្លាំង​។

លោក Victor Cui នាយក​ប្រតិបត្តិ​របស់ One Championship បាន​ថ្លែងប្រាប់​ថា ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​មួយ​ដែល​មានការ​គាំទ្រ​កីឡាប្រដាល់​ចម្រុះ​ដាក់​ទ្រុង មិន​ចាញ់​បណ្ដា​ប្រទេស​ដែល​មាន​កីឡា​ប្រភេទ​នេះ​រីក​ចម្រើន​នោះ​ទេ ។ ជាក់ស្ដែង ការ​រៀបចំ​ព្រឹត្តិការណ៍ MMA កាលពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៤ ដែល One FC បាន​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​១ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​របស់​ពិភពលោក​ដែល​គ្រោង​រៀបចំ​ជា​លើក​ទី​២ នឹង​កាន់តែ​ជោគជ័យ ។ នៅ​ថ្ងៃ​ទី​៥ ធ្នូ កៀក​នឹង​ចុងឆ្នាំ​លោក​ថា ព្រឹត្តិការណ៍​នេះ នឹង​បង្ហាញខ្លួន​នៅ​កម្ពុជា​ជា​ថ្មី​ម្ដងទៀត ដោយ​គ្រោង​ធ្វើ​ឡើង​នៅ​បរិវេណ​កោះ​ពេជ្រ ដូច​កាលពី​លើក​ទី​១​ដែរ​។ កីឡាករ​-​កីឡាការិនី​កម្ពុជា​ចំនួន​៨​រូប​នឹង​ត្រូវ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ក្នុង​នោះ​រួម​មាន កីឡាករ​ចាន់ រតនា​, កីឡាករ​ចាន់ រាជ​, កីឡាករ​សំអាង ឌុន​, កីឡាការិនី​សំ ថា​រ័​ត្ន​, កីឡាការិនី​វី ស្រី​ឆាយ​, កីឡាការិនី​អេ យ៉ា​នុ​ត​, កីឡាករ​ចាន់ ហេង និង​កីឡាករ​មាស ម៉ើ ជាដើម ។ ក្រៅពី​វត្តមាន​របស់​កីឡាករ​កីឡាការិនី​កម្ពុជា ជើង​ខ្លាំង​មក​ពី​បរទេស​ដែល One FC សម្រិតសម្រាំង​ឡើង ក៏​នឹង​បង្ហាញ​ថ្វីដៃ​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​នោះ​ផង​ដែរ ។ ជាក់ស្ដែង កីឡាករ​ជនជាតិ​ឥណ្ឌា JeetToshi កីឡាករ​រុ​ស្ស៊ី RasulYakhyaev​កីឡាករ​ថៃ AnatpongBunrad និង​កីឡាករ​ជប៉ុន Riku Shibuya គឺ​សុទ្ធតែ​ជា​ជើង​ខ្លាំង​របស់ MMA ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​នេះ​ជា​យូរ​មក​ហើយ​។ លោក​មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ដែល​មាន​ទ្រង់ទ្រាយ​អន្តរជាតិ​នេះ ឱ្យ​បាន​មួយ​ឆ្នាំ​ម្ដង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ថា វត្តមាន​របស់​MMA នៅ​កម្ពុជា នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ចំណាប់អារម្មណ៍​ទ្វេ​ដង​ពី​ក្រុម​អ្នក​ចូល​ចិត្ត​កីឡា ទាំង​អ្នក​ទស្សនា និង​អ្នក​ភ្នាល់​កីឡា ។ លោក​មិនដឹង​ពី​ទំហំ​ជោគជ័យ​នឹង​មាន​កម្រិត​ណា​នោះ​ទេ សម្រាប់​ការ​រៀបចំ​ជា​លើក​ទី​២​នេះ ។ យ៉ាងណាមិញ បើ​ទោះជា​មាន​លទ្ធផល​បែប​ណា​ក៏​លោក​នៅ​តែ​ប្រកាន់​ជំហរ​រៀបចំ​ការ​ប្រកួត​នេះ​ឱ្យ​បាន​មួយ​ឆ្នាំ​ម្ដង​យ៉ាងតិច នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ដែរ ដើម្បី​ពង្រីក​ទីផ្សារ​MMA​របស់​One FC ។ លោក​ថា ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ចាប់អារម្មណ៍​ថ្មី​សម្រាប់​ការ​ប្រដាល់​ដាក់​ទ្រុង ដោយសារ​តែ​កីឡាករ​-​កីឡាការិនី ក៏​មាន​ធនធាន​ហើយ​ក្បាច់គុន​របស់​ខ្មែរ​ក៏​មាន​ប្រវត្តិ​ខ្លាំងក្លា​យូរលង់​ណាស់​មក​ហើយ​។ លោក​មាន​ប្រសាសន៍​ថា​៖«​ប្រសិនបើ​ការ​រៀបចំ​លើក​ទី​២​របស់​យើង​ទទួល​ជោគជ័យ នោះ One FC​អាច​ធ្វើ​ដល់​២-៣​លើក​ឯណោះ គឺ​មិនមែន​ត្រឹមតែ​ធ្វើ​ត្រឹម​១​ឆ្នាំ​ម្ដង​ដូច​អ្វី​ដែល​យើង​កំពុង​គ្រោង​នេះ​ទេ​!» ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា វត្តមាន​របស់​MMA នៅ​កម្ពុជា​គឺ​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ច្រើន ជា​ពិសេស​គឺ​ជួយ​ឱ្យ​កីឡាករ​-​កីឡាការិនី​បាន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ ហើយ​ជួយ​ឱ្យ​បណ្ដា​ប្រទេស​កាន់តែ​ច្រើន​ស្គាល់​ពី​សមត្ថភាព​របស់​កីឡាករ​កម្ពុជា ។ ជាក់ស្ដែង ក្នុង​ពេល​កីឡាករ​ប្រដាល់ និង​កីឡាករ​ជំនាញ​កាន់តែ​ច្រើន​បាន​បង្កើន​ការ​ហ្វឹកហាត់​ផ្នែក​ប្រដាល់​ដាក់​ទ្រុង ធ្វើ​ឱ្យ​កីឡា​ថ្មី​មួយ​នេះ​មាន​កម្រិត​កើនឡើង​នៅ​កម្ពុជា​។ យ៉ាងណា​ក៏​ដោយ​លោក​ថា កីឡាប្រដាល់​ដាក់​ទ្រុង នឹង​មិន​អាច​ក្លាយជា​វិញ្ញាសា​មួយ​នៅ​កីឡា​ស៊ី​ហ្គេ​ម​ក្នុង​ពេល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​នោះ​ទេ បើ​ទោះជា​ក្នុង​ពេល​នេះ ធនធាន​កីឡាករ​-​កីឡាការិនី​កម្ពុជា​ក៏​មាន​សក្តានុពល​គ្រប់គ្រាន់​សម្រាប់​កីឡា​នេះ​។ លោក​និយាយ​ថា ការ​ប្រដាល់​MMA ជា​កីឡា​ដែល​មានការ​ពេញ​និយម​នៅ​តំបន់​អាស៊ាន និង​បរទេស​មួយ​ចំនួន ប៉ុន្តែ​កីឡា​ហ្នឹង​ទោះជា​នៅ​កម្ពុជា​អាច​មាន​ធនធាន​គ្រប់គ្រាន់ និង​មានគុណ​ភាព​ពិតប្រាកដ​ដែល​មិន​ពិបាក​ស្វែងរក​មេដាយ​បើ​កម្ពុជា​ទទួល​ដាក់​ជា​វិញ្ញាសា ក៏​មិន​អាច​ទទួលយក​បាន​ដែរ​។ នោះ​គឺ​ដោយសារ​ការ​ប្រដាល់​ដាក់​ទ្រុង ត្រូវ​លោក​ចាត់​ទុក​ថា ធ្វើ​ឡើង​ដើម្បី​មុខ​ជំនួញ​មិន​មាន​លក្ខណៈ​កីឡា​ពិតប្រាកដ​របស់​អូ​ឡាំពិ​ក​។ លោក​និយាយ​ថា​៖«​ទោះជា​មាន​សំណើ​ឱ្យ​ដាក់​កីឡា​ហ្នឹង​នៅ​ស៊ី​ហ្គេ​ម​ក៏​ការ​ប្រដាល់​MMA​អត់​អាច​ក្លាយជា​កីឡា​អូ​ឡាំ​ពិ​កបាន​ទេ ព្រោះ​យើង​ដឹង​ទាំងអស់​គ្នា​ហើយ​ថា កីឡា​ហ្នឹង​អត់​ខុស​ពី​កីឡាកាស​នោះ​ទេ គឺ​គេ​បង្កើត​ឡើង​ដើម្បី​រក​លុយ ឬ​រក​ចំណូល ។ អ​ញ្ចឹ​ង​សម្រាប់​ខ្ញុំ​គឺ​កីឡា​ហ្នឹង​អត់​អាចយ​កមក​ធ្វើ​ជា​វិញ្ញាសា​ប្រកួត​ផ្លូវការ​បាន​ទេ​!» ។ លោក​ជំរុញ​ឱ្យ​កីឡាករ​ទាំង​៨​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​បាន​ល្អ ដោយសារ​តែ​ការ​ប្រដាល់ MMA គឺជា​ព្រឹត្តិការណ៍​ធំ​របស់​ពិភពលោក​ដែល​មាន​អ្នក​ទស្សនា​ច្រើន ដូច្នេះ​កីឡាករ​កម្ពុជា​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​លទ្ធផល​ល្អ ៕