កម្ពុជា​ទទួល​ពានរង្វាន់​ប្រាក់ ក្នុង​ពិព័រណ៍​⁣ ពា​⁣​ណិ​ជ្ជ​កម្ម​អន្តរជាតិ នៅ​អ៊ីតាលី

ភ្នំពេញ: ការតាំងពិព័រណ៍​ពិភពលោក​⁣ និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ប្រទេស​អ៊ីតាលី បានបញ្ចប់​ដោយ​ជោគជ័យ និង​ជាទី​មោទនៈភាព​ជាមួយ​ការទទួលបាន​នូវ​ពានរង្វាន់​ប្រា​ក់មួយ​។​

​ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ក្រសួងពាណិជ្ជកម្ម​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​⁣ ពា​⁣​ណិ​ជ្ជ​កម្ម​អន្តរជាតិ ឆ្នាំ​២០១៥ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​មី​ឡង់ ប្រទេស​អ៊ីតាលី ក្រោម​ប្រធានបទ “​ចិញ្ចឹម​ភពផែនដី ផ្តល់​ថាមពល សម្រាប់​ជីវិត​” ដែលមាន​ការចូល រួម​ពី​បណ្តា​ប្រទេស​ចំនួន​១៤៥​នៅលើ​ពិភពលោក និង​អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​៣​។

​ប្រទេស​កម្ពុជា​ទទួលបាន​ការ វាយតម្លៃ​ខ្ពស់​ពី​គណៈកម្មការ​ពិព័រណ៍​ពិភពលោក និង​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ​(BIE) ដោយ​ទទួលជោគជ័យ យ៉ាង​ត្រចះត្រចង់​និង​ជា​មោទនៈភាព​ជាតិ​ដែល​កម្ពុជា​ទទួលបាន​នូវ​ពានរង្វាន់​ប្រាក់ លើ​ប្រធានបទ​⁣ ⁣“​ដំណាំ​ស្រូវ​ដាំ នៅលើ​ដែនដី​វប្បធម៌​ដ៏​សម្បូរបែប​” ដែល​កម្ពុជា​ជា​ប្រទេស​តែមួយគត់​ក្នុង​តំបន់​អាស៊ាន​ទទួលបាន​ពានរង្វាន់​នេះ​។​

​ក្នុង​ការរៀបចំ​ប្រធានបទ​ខាងលើ កម្ពុជា​ចង់បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង​ថាក​ម្ពុ​ជា​មិន​ត្រឹមតែ​ជា​ប្រទេស ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌ និង​ទំនៀម​ទំលាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ប្រទេស​ដែល បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្គត់ផ្គង់​ស្បៀង​សម្រាប់​ពិភពលោក​ទាំងមូល​។

​អង្ករ​គឺជា​ប្រភព​ដ៏​សំខាន់​នៅក្នុង ប្រព័ន្ធ​ផ្គត់ផ្គង់​ចំណីអាហារ និង​ជា​ស្បៀង​យុទ្ធសាស្ត្រ​របស់​ពិភពលោក ហើយ​ប្រហែលជា​ពាក់កណ្តាល​នៃ​មនុស្ស នៅលើ​ពិភពលោក​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​អង្ករ​ជា​អាហារ​សំខាន់​របស់​ពួកគេ​។ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល មាន​ខឿន​សេដ្ឋកិច្ចជាតិ​ពឹងផ្អែក​មួយ​ភាគ​ធំ​លើ​វិស័យ​កសិកម្ម និង​មាន​ប្រជាជន​ភាគច្រើន​លើសលប់​រស់នៅ​ទីជនបទ ប្រកប​របរ​កសិកម្ម​ដើម្បី​ចិញ្ចឹមជីវិត​។

​ការលើកកម្ពស់​វិស័យ​កសិកម្ម គឺជា​ចំនុច​គន្លឹះ​មួយ​ដ៏​សំខាន់​សម្រាប់​កំណើន សេដ្ឋកិច្ចជាតិ ដែល​ក្នុងនោះ​ដំណាំ​ស្រូវ គឺជា​ដំណាំ​យុទ្ធសាស្ត្រ ដែល​ធានាបាន​នូវ​ស្ថេរភាព សន្តិសុខ​ស្បៀង បង្កើត ការងារ​និង​បង្កើន​ចំណូល​គ្រួសារ​កសិករ​។

​ជាមួយនឹង​ការខិតខំ​លើកកម្ពស់​វិស័យ​កសិកម្ម​ជាពិសេស​វប្បកម្ម​ដំណាំ ស្រូវ កម្ពុ​ជាមាន​មហិច្ឆតា​ចង់​ឲ្យ​ខ្លួន​ក្លាយជា​ប្រទេស​នាំចេញ​អង្ករ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ពិភពលោក ក៏ដូចជា​រួម ចំណែក​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង​របស់​ពិភពលោក​ផងដែរ​៕​

កម្ពុជា​ទទួល​ពានរង្វាន់​ប្រាក់ ក្នុង​ពិព័រណ៍​⁣ ពា​⁣​ណិ​ជ្ជ​កម្ម​អន្តរជាតិ នៅ​អ៊ីតាលី