អា​មៀ ខាន់ ព្រមព្រៀង​គ្រប់យ៉ាង​ជួប ប៉ាក់​គី​អាវ ខែមេសា ឆ្នាំ​ក្រោយ

ការ​ជួប​គ្នា​នៅ​លើ​សង្វៀន​រវាង​អតីត​សិស្ស​រួម​គ្រូ​គឺ​អា​មៀ ខាន់ និង​ម៉ា​នី ប៉ាក់​គី​អាវ ជិត​លេច​ចេញ​ជា​រូបរាង​ពិតប្រាកដ​ហើយ ខណៈ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ អា​មៀ ខាន់ បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កុងត្រា​លម្អិត​ស្តី​ពី​ការ​ប្រកួត ហើយ​ដែល​បន្ទាប់​មក​ត្រូវ​បាន​ផ្ញើ​ទៅ​ឲ្យ​ភាគី​ប៉ាក់​គី​អាវ ។

លោក​Shah Khan ឪពុក​អា​មៀ ខាន់ បាន​និយាយ​ថា​៖«​ឯកសារ​របស់​យើង​បាន​បញ្ជូន​ទៅ​ដល់​ដៃ​លោក​បប់ អា​រ៉ាំ តាំងពី​ថ្ងៃ​សុក្រ ស​ប្តា​ហ៍​មុន​មក​ម៉្លេះ ។ ដោយឡែក ចំពោះ​ទីតាំង​ប្រកួត​គឺ​សហរដ្ឋអាមេរិក​ខណៈ​កាលបរិច្ឆេទ​គឺ​នៅ​ក្នុង​ខែមេសា​» ។

កាល​មុន​នេះ មានការ​អះអាង​ថា ការ​ប្រកួត​រវាង​អា​មៀ ខាន់ និង​ប៉ាក់​គី​អាវ គឺ​ធ្វើ​នៅ​ទីក្រុង​ឌូ​បៃ ។ ទោះជា​យ៉ាងនេះ​ក្តី នោះ​គ្រាន់តែ​ជា​ការ​ចង់បាន​របស់​ភាគី​អា​មៀ ខាន់ ប៉ុណ្ណោះ ។ ប៉ុន្តែ​សម្រាប់​ភាគី​ប៉ាក់​គី​អាវ វិញ ក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក​ទើប​ជា​កន្លែង​ពិតប្រាកដ ។

ការ​ជួប​ប្រកួត​ជាមួយ​ប៉ាក់​គី​អាវ គឺជា​បំណង​តែ​មួយ​គត់​ដែល​មាន​ជា​យូរយារ​មក​ហើយ​របស់​អា​មៀ ខាន់ ។ ដូច្នេះ ទីតាំង​ប្រកួត​មិនមែន​ជា​បញ្ហា​ចោទ​ឡើយ ។ យោង​តាម​លោក​បប់ អា​រ៉ាំ ដែល​ជា​អ្នក​រៀបចំ​ការ​ប្រកួត ជំនួប​រវាង​ប៉ាក់​គី​អាវ និង​អា​មៀ ខាន់ ទំនងជា​ធ្វើ​នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៦ ខាង​មុខ ពោល​គឺ​មុន​ពេល​ប៉ាក់​គី​អាវ ចូល​និវត្តន៍​ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ។

សូម​បញ្ជាក់​ថា អា​មៀ ខាន់ វ័យ​២៨​ឆ្នាំ មាន​ឯតទគ្គ​កម្ម​ប្រកួត​ឈ្នះ​៣១​លើក ក្នុង​នោះ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​១៩​លើក ចាញ់​៣​លើក​។ ឯ​ប៉ាក់​គី​អាវ ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៦​ឆ្នាំ​ហើយ​នោះ ធ្លាប់​ប្រកួត​៦៥​លើក ចាញ់​៦​លើក ស្មើ​២​លើក និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣៨​លើក ។ ប្រកួត​លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៥ ចាញ់​ពិន្ទុ​កីឡាករ​អា​មេ​រិ​ក​ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ និង​បាន​បាត់បង់​ខ្សែក្រវាត់​ស្ថាប័ន WBO ប្រភេទ​ទម្ងន់ Welterweight ៕