សហរដ្ឋអាមេរិក ៖ កូន​គោមួយ​ក្បាល​ចូលចិត្ត​ប្រើ​ទម្លាប់​ដូច​សត្វ​ឆ្កែ​

Goliath មិន​ដូចជា​កូន​គោ​ដទៃទៀត​ទេ វា​មិនដែល​គិតថា ខ្លួន​វា​គឺជា​សត្វ​គោ​ឡើយ​។ វា​យល់ថា ខ្លួនឯង​គឺជា​សត្វ​ឆ្កែ​មួយ​ក្បាល នេះ​បើតាម​ការអះអាង​របស់​ម្ចាស់​គោ​ប្រាប់​គេហទំព័រ ABC News កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ក្រុមគ្រួសារ​របស់​ម្ចាស់​គោ​នេះ​រស់នៅ​ក្រុង Danville រដ្ឋ California សហរដ្ឋអាមេរិក​។ គ្រួសារ​មួយ​នេះ​បាន​ទទួលយក​កូន​គោមួយ​ក្បាល​នេះ​មក​ចិញ្ចឹម​កាលពី​ពីរ​ខែ​មុន បន្ទាប់ពី​វា​ទើប​ចាប់កំណើត ហើយ​ត្រូវ​ម្ចាស់​កសិដ្ឋាន​ច្របាច់​ទឹកដោះ​មួយកន្លែង​ចង់យក​វា​ទៅ​សម្លាប់​។ ដោយសារតែ​វា​នៅ​តូច វា​ត្រូវបាន​ម្ចាស់​ថ្មី​ចិញ្ចឹម ដោយ​ដាក់​ឲ្យ​នៅ​ជាមួយនឹង​សត្វ​ឆ្កែ​បី​ក្បាល​។ ឆ្កែ​ញី​មួយ​ក្បាល​ក្នុងចំណោម​ឆ្កែ​ទាំងបី អាណិត​ស្រឡាញ់​កូន​គោ​នេះ​ណាស់​។ វា​បាន​ចំណាយពេល​លិឍ​កូន​គោ​នេះ​រាប់​ម៉ោង ដើម្បី​ឲ្យ​កូន​គោ​អាច​ក្រោកឈរ​បាន​។ ក្រោយមក កូន​គោ​តែងតែ​ប្រលែង​លេង​ជាមួយនឹង​មិត្តសម្លាញ់​ឆ្កែ​ទាំងបី​ជា​រៀងរាល់ថ្ងៃ​។ វា​បាន​សង្កេតមើល​ពី​របៀប​ស៊ី​អាហារ ផឹកទឹក និង​រាល់​ទង្វើ​របស់​សត្វ​ឆ្កែ ហើយ​វា​ព្យាយាម​ធ្វើ​ឲ្យ​ដូច​សត្វ​ឆ្កែ​ទាំង​នោះដែរ​។ វា​ចេះ​ស៊ី​ចំណី​ឆ្កែ និង​ផឹកទឹក​ក្នុង​កូនចាន​ដូចជា​សត្វ​ឆ្កែ​គ្មាន​ខុស​។ មិនតែប៉ុណ្ណោះ វា​ចូលចិត្ត​ដេក​លើ​កម្រាល​ទន់ៗ​ដូចជា​មិត្តសម្លាញ់​វា​ថែមទៀត​។​

​ថ្មីៗ​នេះ វា​បាន​រៀន​ពី​របៀប​ច្រាន​ទ្វារ​ចូល​ផ្ទះ និង​ហោះ​អង្គុយ​លើ​សា​ឡុង​។ រូបថត​របស់ Goliath អង្គុយ​លើ​សា​ឡុង​ដែល​ទើបតែ​ត្រូវបាន​ម្ចាស់​របស់​វា​បង្ហោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាង ៣២ ០០០ នាក់​បង្ហោះ​បន្ត ហើយ​មាន​អ្នក​ចុច Like ដល់​ទៅ​ជាង ៥៤ ០០០ នាក់​៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​