មន្ត្រី​យោធា​វរ​សេនា​តូច​៥១៥ រង​ការ​រិះគន់​បើក​ច្រករបៀង​លួច​នាំ​ទំនិញគេចពន្ធ​ពី​ថៃ និង​បង្ហូរ​ពលករ​ខ្មែរ​ខុសច្បាប់

ក្រុង​ប៉ោយ​ប៉ែ​ត ៖ តាម​ប្រភព​ព័ត៌​មាន​ពី​តំបន់​ជាយ​ដែន​ស្រុក​អូរ​ជ្រៅ បាន​បង្ហើប​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​វរ​សេនា​តូច​៥១៥ ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ បាន​លួច​បើក​ច្រករបៀង​ខុសច្បាប់ និង​ច្រក​តំបន់​អូរ​បី​ជាន់ លួច​នាំ​ទំនិញគេចពន្ធ​ចេញ​-​ចូល​ឆ្លង​ដែន​ពី​ថៃ​មក​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មានការ​បង្ហូរ​ពលករ​ចំណាកស្រុក​ឆ្លង​ដែន​ទៅ​លក់​កម្លាំង​ពលកម្ម​ឲ្យ​សៀម​វិញ​ទាំង​ប្រថុយប្រថាន​គ្រោះថ្នាក់​នោះ​ថែម​ទៀត​។

ប្រភព​បាន​បន្ត​ថា ច្រករបៀង​ខុសច្បាប់​ដែល​មន្ត្រី​យោធា​ខាងលើ​លួច​បើក​នាំ​ទំនិញគេចពន្ធ​សព្វសារពើ រួម​ទាំង​បទល្មើស​នាំ​ឈើ​គ្រញូង​ឆ្លង​ដែន​ពី​ថៃ​មក​កម្ពុជា​ចេញ​-​ចូល​ឆ្លង​ដែន រួម​ទាំង​បង្ហូរ​ពលករ​នោះ មាន​១-​ច្រក​ទំនប់​ដាច់​, ២-​ច្រក​ណ​ង​ចាន់​, ៣-​ច្រក​ដើម​អង្ក្រង​, ៤-​ច្រក​ចំការ គ​, ៥-​ច្រក​តំបន់​១ និង​៦-​ច្រក​តំបន់​អូរ​បី​ជាន់​។

ចំណែក​មេ​ឈ្មួញ​ឈើ​គ្រញូង​ជា​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​បាន​ប្រភព​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា មានឈ្មោះ​តា​យុគ រស់នៅ​ស្រុក​គក់​ធ្យូង ខេត្ត​ស្រះ​កែវ  ប្រទេស​ថៃ បាន​ឃុបឃិត​គ្នា​ជាមួយនឹង​មន្ត្រី​យោធា​ខាងលើ​លួច​នាំ​ឈើ​គ្រញូង​ខុសច្បាប់​ពី​ថៃ​មក​កម្ពុជា​តាម​ច្រក​តំបន់ និង​ច្រករបៀង​ខាងលើ​នោះ​ជា​រៀង​រាល់​យប់​តែ​ម្តង ។

ច្រករបៀង និង​ច្រក​តំបន់​ទាំងនោះ ស្ថិត​ជាប់​ព្រំដែន​ក្នុងស្រុក​ស្វាយចេក និង​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ។

ប្រភព​បាន​បន្ថែម​ថា ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍ឯក ឃួ​ន ជឿន មេបញ្ជាការ​វរ​សេនា​តូច ៥១៥ ចំណុះ​ឲ្យ​យោធា​ខេមរៈភូមិន្ទ យោធភូមិ​ភាគ​ទី​៥ បាន​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​បំពាន​ទៅ​នឹង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ប្រមូល​ផលប្រយោជន៍​យក​ទៅ​ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន ដោយ​មិន​ខ្ចី​ខ្វល់ និង​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ​អនាគត​ឡើយ ។ ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក​ឃួ​ន ជឿន មេបញ្ជាការ​វរ​សេនា​តូច​៥១៥ ប្រចាំ​ទិស ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា បទ​ល្មើស​​ដែល​កើត​មាន គឺ​លោក​ទទួលស្គាល់​ថា ពិតជា​កើត​មាន​ខ្លះ​ៗ​ពិតមែន តែ​លោក​បាន​បញ្ជាក់​ទទួលស្គាល់​ទៀត​ថា ច្រករបៀង​ខ្លះ គឺ​លោក​ជា​អ្នកគ្រប់គ្រង តែ​ច្រក​ខ្លះ​ទៀត ជា​របស់​មេ​ៗ ថ្នាក់លើ​ឯណោះ ដូច្នេះ​រូប​លោក គឺ​គ្រាន់តែ​ជា​មេបញ្ជាការ​ប្រចាំ​ទិស​តែ​ប៉ុណ្ណោះ គឺ​មិន​អាច​ឃាត់ឃាំង​នូវ​បទល្មើស​ទាំងនេះ​បាន​ទេ ៕