ទស្សនៈ និងមតិ៖…សង្ឃឹមថា បន្ទាប់ពី ប្រាសាទអង្គរវត្ត នឹងដល់វេណ ផ្លូវជាតិលេខ៤ម្ដង…!

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នាព្រឹកមិញនេះ សម្ដេចតេជោហ៊ុន សែនប្រមុខ នៃរាជរដ្ឋាភិ បាល កម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចដកហូត យកការគ្រប់គ្រង ក្នុងការលក់សំបុត្រ ចូលទស្សនាតំបន់ប្រាសាទអង្គរវត្តពីក្រុមហ៊ុនសុខ គង់មកគ្រប់គ្រងខ្លួនឯងវិញ ចាប់ពីឆ្នាំ២០១៦ខាង មុខនេះតទៅ។

ក្រោយស្ដាប់ការប្រកាស របស់សម្ដេចនាយករដ្ឋមន្ត្រី សាធារណជនទូទៅបាននាំគ្នាអបអរសាទរ និងគាំទ្រនូវការសម្រេចខាងលើនេះ ដោយមតិភាគច្រើនបានលើកឡើងថា ល្មមដល់ពេលវេលា ដែល រាជរដ្ឋាភិបាលយកមកគ្រប់គ្រង និងប្រមូលចំណូលចូលថវិកាជាតិ ដោយខ្លួនឯងដោយមិនចាំបាច់ខ្ចីដៃ ក្រុមហ៊ុនឯកជនប្រមូលឲ្យនាំកំពប់ថវិកាជាតិ តទៅទៀតនោះទេ ព្រោះត្រឹមតែការងារគ្រប់គ្រង លើ ការលក់សំបុត្រនិងគ្រប់គ្រងការងាររដ្ឋបាលមានទៅ ពិបាកអីបើបច្ចុប្បន្នមន្ត្រីមានសមត្ថភាព ធ្វើការងារ មានម៉ាគំនរធ្វើម៉ិចគ្រប់គ្រងកុំឲ្យ តែកើតមានអំពើពុករលួយទៅវាបានហើយ។

អ្នកខ្លះបានលើកឡើងថាប្រាសាទអង្គរវត្ត និងប្រាសាទខ្មែរផ្សេងៗ រួមទាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ មួយចំនួនទៀតតួយ៉ាងដូចជារមណីយដ្ឋានភ្នំគូលេនជាដើម វាគួរតែត្រូវបានគ្រប់គ្រង ដោយរដ្ឋប្រមូល ថវិកាចូលរដ្ឋឲ្យបាន១០០% ដើម្បីរដ្ឋយកថវិកាទាំងអស់នោះមកធ្វើការអភិវឌ្ឍជាតិ ព្រោះបណ្ដា ប្រាសាទ និងរមណីយ ដ្ឋានទាំងអស់នោះមិនមែនបង្កើតឡើង ដោយឈ្មួញឬឈ្មួញជាអ្នកចេញដើមទុន កសាង១០០%នោះទេ។

ដូច្នេះបើរដ្ឋបន្តនៅទុកឲ្យឈ្មួញគ្រប់គ្រង ប្រមូលចំណូលយកមកចែកគ្នាទៀត វាមិនខុសពីរដ្ឋមាន ដើមទុន ហើយបែរជាហៅឯកជនដែលមានតែដៃទទេមកជួយរកស៊ីយកលុយចែកគ្នានោះឡើយ។

នៅពេលដែលរាជរដ្ឋាភិបាលប្រកាស សម្រេចបញ្ឈប់លែងឲ្យក្រុមហ៊ុនសុខ គង់ គ្រប់គ្រង និងធ្វើអាជីវ កម្មលក់ សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តតទៅទៀត ដែលកន្លងមកមានការរិះគន់យ៉ាងខ្លាំង ពី សាធារណជននោះ ប្រជាពលរដ្ឋក៏នាំគ្នាផ្ដល់ជាមតិ និងយោបល់ដោយសង្ឃឹមថា បន្ទាប់ពីករណី ប្រាសាទអង្គរវត្ត ជាបន្តនឹងដល់ករណី ផ្លូវជាតិលេខ៤ជាមិនខាន ព្រោះគម្រោងវិនិយោគឲ្យក្រុមហ៊ុន ឯកជនធ្វើអាជីវកម្មយកលុយពីរថយន្តឆ្លងកាត់ លើផ្លូវជាតិលេខ៤ វាប៉ះពាល់យ៉ាងខ្លាំងទៅដល់ជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ខុសពីករណីប្រាសាទអង្គរវត្ត។

ការប្រគល់ប្រាសាទអង្គរវត្តឲ្យក្រុមហ៊ុនសុខ គង់ ធ្វើអាជីវកម្មលក់សំបុត្រវាមិនបានប៉ះពាល់ដល់ ជីវភាពប្រជាពលរដ្ឋដោយផ្ទាល់នោះឡើយ ព្រោះក្រុមហ៊ុនមិនបានតម្រូវឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវតែ ទិញសំបុត្រ ចូលមើលប្រាសាទនោះទេ គឺវាប៉ះពាល់តែចំណូលថវិកាជាតិប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ គម្រោងវិនិយោគផ្លូវជាតិលេខ៤ គឺវាប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដោយផ្ទាល់ ព្រោះក្រុមហ៊ុនតម្រូវ ឲ្យពលរដ្ឋខ្មែរដែលបើករថយន្តឆ្លង កាត់ត្រូវតែបង់លុយមិនថារថយន្តធ្វើអាជីវកម្ម ឬរថយន្តជិះឆ្លងកាត់ ជាលក្ខណៈគ្រួសារនោះឡើយ។

កន្លងមករាជរដ្ឋាភិបាលបានលើកហេតុផលថា ដោយសារតែរដ្ឋក្រមិនមានថវិកាគ្រប់គ្រាន់ សម្រាប់ធ្វើ ការថែទាំផ្លូវទើបសម្រេចប្រគល់ផ្លូវជាតិលេខ៤ ទៅឲ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មប្រមូលលុយ ពី រថយន្តឆ្លងកាត់ដើម្បីយកថវិកាមកជួសជុលថែទាំផ្លូវ គឺជាការសមហេតុសមផល ព្រោះរដ្ឋក្រមែន បើគ្មានថវិកាថែទាំទេផ្លូវជាតិលេខ៤ជាផ្លូវ សេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់មិនគួរទុកផ្លូវឲ្យខូចទៅតាម យថាកម្មនោះទេ តែរដ្ឋក៏គួរតម្រូវឲ្យក្រុមហ៊ុន យកលុយតែពីរថយន្តធ្វើអាជីវកម្មបាន ហើយដូចជា រថយន្តដឹកទំនិញរថយន្តដឹកអ្នកដំណើរប្រភេទធំៗដោយមិន គួរអនុញ្ញាតឲ្យយកលុយពីរថយន្តប្រភេទទេសចរណ៍ជិះជាលក្ខណៈគ្រួសារនោះទេ។

ដូច្នេះគេសង្ឃឹមថារាជរដ្ឋាភិបាល នឹងពិនិត្យមើលលើករណីនេះឡើងវិញ ដោយអាចទុកត្រឹមតែរថយន្ត ធ្វើអាជីវកម្ម ធំៗបង់លុយចុះ ហើយលប់ចោលនៅការកំណត់ឲ្យ រថយន្តតូចៗរថយន្តទេសចរណ៍ជិះជាលក្ខណៈគ្រួសារបង់លុយតទៅជាមិនចាន៕