ខណ្ឌ​ច្បារ​អំពៅ​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​និង​ដាក់​ប្រព័ន្ធ​លូ​លើ​គម្រោង​មូល​និ​ធី​អភិវឌ្ឍន៍​ខណ្ឌ​សង្កាត់ ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ប៉េ​តុង និង​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក លើ​គម្រោង​អភិវឌ្ឍន៍ និង​កែ​លំអ​ផ្លូវ​ប៉េ​តុង​ក្នុង​សង្កាត់​ទាំង​៨ នៃ​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ក្រោម​វត្តមាន​លោក​ អ៊ា​ង ស៊ី​ផា​ន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​, លោក​អ៊ុំ ម៉ា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោក លោកស្រី ជា​អភិបាលរង ចៅសង្កាត់​ទាំង​៨ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​ចូលរួម​ផង​ដែរ ។

ជា​កិច្ច​ចាប់ផ្តើម​នៃ​កម្មវិធី លោក ហោ វាសនា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ បាន​ឡើង​អាន​នូវ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​បណ្តា​ផ្លូវ និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​មួយ​ចំនួន​ក្នុង​សង្កាត់​ទាំង​៨ ទាំង​គម្រោង​លើ​ការ​ដេញថ្លៃ និង​គម្រោង​អភិវឌ្ឍន៍​រួចរាល់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ទាំងមូល ។

ក្នុង​ឱកាស​នេះ​ដែរ លោក អ៊ា​ង ស៊ី​ផា​ន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​មតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ ជំនួស​មុខ​ឲ្យ​ខណ្ឌ​ច្បារ​អំពៅ​ទាំងមូល លោក​អភិបាល​ក៏​បាន​លើក​ឡើង​ពី​ហេតុផល​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ផ្លូវលំ ផ្លូវ​ប៉េ​តុង​តូច​-​ធំ​ជា​ច្រើន​ក្នុង​សង្កាត់​ទាំង​៨ នៃ​ខណ្ឌ​ច្បារ​អំពៅ​ទាំងមូល​ថា ប្រព័ន្ធ​លូ​បង្ហូរទឹក​អាច​ហូរ​ទៅ​បាន​ដោយ​សារ​ចរន្តទឹក​រត់​ស្រួល គ្មាន​អ្វី​មក​រារាំង ប៉ុន្តែ​បើ​ប្រព័ន្ធ​ទាំងស្រុង​ត្រូវ​បាន​បិទ​ជិត​ទៅ​ដោយ​វត្ថុ ឬ​សម្ភារ​អ្វីមួយ វា​ប្រាកដ​ណាស់​ទឹក​ស្អុយ​ដែល​នៅ​ក្នុង​លូ​នឹង​ច្រាល​ចេញ​មក​ក្រៅ ឬ​មួយ​ក៏​ទឹក​មិន​អាច​ហូរ​ចូល​ទៅ​បាន ជា​ហេតុ​នាំ​ឲ្យ​ទឹក​ត្រូវ​ជន់​លិច​បណ្តា​ដងផ្លូវ​ដែល​ជាប់​នឹង​ប្រព័ន្ធ​លូ ហើយ​បណ្តោយ​ផ្លូវ​ដែល​ត្រូវ​ទឹក​ជន់​លិច​នឹង​ត្រូវ​រង​ការ​ខូចខាត ស្រប​ពេល​ដែល​យានជំនិះ​គ្រប់​ប្រភេទ មិន​ថា​ម៉ូតូ ឬ​រថយន្ត​ធុន​តូច​-​ធំ​ធ្វើ​ដំណើរ​ឆ្លងកាត់​បណ្តោយ​ផ្លូវ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ផ្លូវត្រូវ​បាក់​ទ្រុត​ទ្រោម ឬ​ក៏​អាច​បាក់​ស្រុត​ទៅ​ក្រោម​ដី​ខូចខាត​ទៅ​ដល់​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​ផ្នែក​ខាងក្រោម​ទៀត​ផង​ដែរ ។

លោក​អភិបាល​បន្ត​ថា ការ​លើក​ឡើង​បែប​នេះ​គឺ​ចង់បាន​ន័យ​ឲ្យ​បងប្អូន​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​រួមចំណែក​ថែរក្សា​នូវ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​ដែល​មាន​ស្រាប់ ចៀសវាង​បំផុត​ការ​បោះចោល​សម្រាម​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​លូ​បង្ហូរទឹក ជា​ហេតុ​នាំ​ឲ្យ​ចរន្តទឹក​ត្រូវ​រាំងស្ទះ បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដូចដែល​បាន​រៀបរាប់​មក​ពី​ខាងលើ​ស្រាប់ ។

ជា​ចុង​ក្រោយ លោក​អភិបាល​ក៏​បាន​ស្នើ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ដែល​ឈ្នះ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវថ្នល់ ផ្លូវ​ប៉េ​តុង​តូច​ធំ និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​តាម​សង្កាត់​នានា​នៃ​ខណ្ឌ​ច្បារ​អំពៅ ធ្វើ​យ៉ាងណា​មេត្តា​ព​ន្លឿ​ន​នូវ​សកម្មភាព​ជួសជុល និង​ស្ថាបនា​របស់​ខ្លួន​ឲ្យ​បាន​លឿន និង​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​ស្តង់ដារ​បច្ចេកទេស ដើម្បី​ធានា​បាន​នូវ​គុណភាព និង​ទំនុកចិត្ត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឲ្យ​រស់នៅ​ប្រកប​ទៅ​ដោយ​ភាព​សុ​ខុ​ដុម​រម្យ​នា​ជា​និរន្ត​ទៅ​ថ្ងៃ​មុខ ៕