ចង់​រស់​ដោយ​សប្បាយ​នៅពេល​ដែល​ចាស់​ទៅ អាច​បាន​ដែរ​ទេ​តើ​!

ចង់​រស់​ដោយ​សប្បាយ​នៅពេល​ដែល​ចាស់​ទៅ អាច​បាន​ដែរ​ទេ​តើ​!

​ដើម្បី​ឱ្យមាន​សុខភាព​ល្អ និង​រស់នៅ​ដោយ​សប្បាយ​បាន​នៅ​ក្នុង​ពេល​ដែល​ចាស់​ទៅ គេ​ត្រូវ​ធ្វើ​ការផ្លាស់ប្តូរ​ខ្លះ​នៅក្នុង​ការរស់នៅ​។ ជាពិសេស គឺ​ត្រូវមាន​មនសិការ​ភ្ញាក់រលឹក​ហើយ​និង​ប្រឹងប្រែង​បន្តិច ដែល​នឹង​មិន​គ្រាន់តែ​ជួយ​ធ្វើឱ្យ​គេ​រស់នៅ​ដោយ​ស្ងប់ស្ងាត់​បាន​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ជួយ​បង្កើន​អាយុ​បាន​បន្តិច​ថែមទៀត​ដែរ​។​

​ការសិក្សា​វិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​ដែល​អាច​គេចផុត​ពី​ការឈឺ​ថ្កាត់​និង​ការ​ឆាប់​ចាស់​ពេក មាន​ការទាក់ទង​គ្នា​ដោយផ្ទាល់​ទៅ​នឹង​របៀបរ​បបរស់​នៅ ដែល​មាន​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​នេះ​៖

  • ​ការបញ្ចេញ​កម្លាំងកាយ​
  • ​ចំណីអាហារ​
  • ​ការ​មិន​ជក់បារី​
  • ​ការ​ថែ​ទម្ងន់​មិនឱ្យ​ឡើង​ធាត់​
  • ​ស្នេហា​និង​ការគាំទ្រ​ផ្នែក​សង្គម​
  • ​ការគ្រប់គ្រង​ស្ត្រេ​ស​
  • ​ការត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ​

១- ការបញ្ចេញ​កម្លាំងកាយ​/​ហាត់ប្រាណ​
​ចាប់ពី​អាយុ​២៥​ឆ្នាំ​ឡើង​ទៅ សាច់ដុំ​នឹង​រួម​ស្វិត​ប្រមាណ​ជា​៣​ទៅ​៥%​ក្នុងពេល​១០​ឆ្នាំ បើសិនជា​គេ​រស់នៅ​អសកម្ម​(sédentarité)​។ ក៏​ប៉ុន្តែ​បើសិនជា​បានធ្វើការ​ហាត់ប្រាណ​បាន​សមស្រប​វិញ គេ​អាច​នឹង​មាន​សាច់ដុំ​រឹងមាំ​បាន​ក្នុង​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​តែប៉ុណ្ណោះ គឺ​កើន​បាន​២៥​ទៅ​៣៥%​ក្នុង​៩​សប្តាហ៍​។​
​អ្នកស្រី Anne Fabiny អ្នកជំនាញ​ខាង​ជរា​សាស្ត្រ​របស់​សាកលវិទ្យាល័យ​ហាត​វ័ត បាន​និយាយថា​ការបញ្ចេញ​កម្លាំងកាយ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ជា​ច្រើន ដូចជា​ទឹកនោមផ្អែម មហារីក ជំងឺ Alzheimer ជំងឺ​សរសៃឈាម​បេះដូង ការពុក​ឆ្អឹង ហើយ​និង​ការធ្លាក់​ទឹកចិត្ត​ផងដែរ​។ ការ​ដែល​ធ្វើឱ្យ​ឆ្អឹង​នៅមាន​សុខភាព​ល្អ​នឹង​ធ្វើឱ្យ​គេរ​ស់​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ឱ្យមាន​ការជួយ​កាន់​ទប់​ពី​អ្នកដទៃ ម្ល៉ោះហើយ​ក៏​មាន​អារម្មណ៍​ថា​ឯករាជ្យ និង​ស្រឡះ​ក្នុង​ចិត្ត​ទៀតផង​។ 
 
​ផ្ទុយទៅវិញ ការរស់នៅ​អសកម្ម​ធ្វើឱ្យ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​កើនឡើង​។ ការសិក្សា​លើ​គិលានុប្បដ្ឋាយិកា​ចំនួន​៥០.០០០​នាក់​អស់​រយៈពេល​៦​ឆ្នាំ​បាន​បង្ហាញថា គិលានុប្បដ្ឋាយិកា​ណា​ដែល​បាន​ចំណាយ​ពេល​កាន់តែច្រើន​នៅ​អង្គុយ​មើល​ទូរទស្សន៍​ក៏​មានប្រេ​វ៉ាឡង់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​កាន់តែ​ច្រើន​ដែរ​។​
​ការបញ្ចេញ​កម្លាំងកាយ​អាច​មាន​ជា​៖

  • ​ការលេង​កីឡា​ណាមួយ​
  • ​ការ​ហាត់ប្រាណ​ដោយ​ប្រើ​សម្ភារ​ផ្សេងៗ​តាម​ក្លិប​ហាត់ប្រាណ ឬ​ដោយ​អនុវត្តតាម​អត្តពលក​ម្ម ក្បួន​សឹក ក្បួន Tai Chi របស់​ចិន ក្បួន​យោ​ហ្គា​។​ល​។
  • ​ការ​រាំ​
  • ​ការធ្វើ​សកម្មភាព​ប្រចាំថ្ងៃ ដូចជា​ការដើរ ឡើង​ចុះ​ជណ្តើរ ដាំ​ដំណាំ រៀបចំ​ផ្ទះសម្បែង ទៅ​ផ្សារ ការ​ប្រលែង​លេង​ជាមួយ​ក្មេងៗ ជាដើម​។​

​ដើម្បី​ឱ្យ​ទទួលបាន​លទ្ធ​ផល​ល្អ ការបញ្ចេញ​កម្លាំងកាយ​ត្រូវ​អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់​៣០​នាទី​ក្នុង​១​ថ្ងៃៗ ហើយ​ត្រូវ​ផ្លាស់ប្តូរ​យ៉ាងណា​ក្នុង​១​សប្តាហ៍ៗ​ឱ្យ​មាន​គ្រប់​សកម្មភាព​ខាងក្រោម​៖

  • ​ការដកដង្ហើម​រួមផ្សំ​ជាមួយ​ចង្វាក់បេះដូង​
  • ​ការបង្កើន​សាច់ដុំ (​ធ្វើ​អ្វី​ដែល​ប្រើ​កម្លាំង​ច្រើន​)
  • ​ការពត់​ខ្លួនប្រាណ​។​

២- អាហារូបត្ថម្ភ​
​បើ​តាម​សាកលវិទ្យាល័យ​ហាត​វ័ត អាហារូបត្ថម្ភ​សមស្រប​អាច​ធ្វើឱ្យ​គេ​គេច​រួច​ផុត​បាន​ពី​ជំងឺ​មួយ​ចំនួន​ដែល​តែងតែ​កើតឡើង​លើ​មនុស្ស​ចាស់ ដូចជា​ជំងឺមហារីក ជំងឺ​សរសៃឈាម​បេះដូង ការឡើង​សម្ពាធ​ឈាម និង​ជំងឺ​បាយ​ភ្នែក ជាដើម​។​
​ចំពោះ​គ្រឿង​ស្រវឹង ស្រា​ទំពាំងបាយជូរ​មាន​ផល​ល្អ​ដែរ​ចំពោះ​បេះដូង​និង​សរសៃ​អាកទែ​រ​។ ក៏​ប៉ុន្តែ​ល្អ​តែ​កាលណា​គេ​សេព​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ គឺ​មិនឱ្យ​លើស​ពី​២​កែវ​ចំពោះ​បុរសៗ និង​១​កែវ​ចំពោះ​នារីៗ ក្នុង​១​ថ្ងៃៗ​។​
 ចង់​រស់​ដោយ​សប្បាយ​នៅពេល​ដែល​ចាស់​ទៅ អាច​បាន​ដែរ​ទេ​តើ​!
​ចំណី​អាហារ​ដែល​ត្រូវ​បរិភោគ​រួមមាន​៖

  • ​ផ្លែឈើ និង​បន្លែ រាល់ថ្ងៃ​
  • ​គ្រប់​ធញ្ញជាតិ រាល់ថ្ងៃ​
  • ​ត្រូវ​កាត់បន្ថយ​សាច់​ពណ៌​ក្រហម និង​ខ្លាញ់​
  • ត្រូវ​កាត់បន្ថយ​ចំណី​ផ្អែម​
  • ​អាច​ទទួល​ទាន multivitamines រាល់ថ្ងៃ​បាន​។​

​នៅ​ក្នុង​ការ​បរិភោគ​អាហា​នេះដែរ គេ​ត្រូវ​ផ្លាស់ប្តូរ​មុខម្ហូប​ឱ្យបាន​ប្លែក​ខុសៗ​គ្នា​រាល់ថ្ងៃ ធ្វើយ៉ាងណា​ឱ្យមាន​ចម្រុះ​កត្តា phytochimiques ខាងក្រោម​នេះ​៖

  • ​ពពួក caroténoïdes : មាន​ក្រូចពោធិសាត់ ស្វាយ ឃ្លោក​ត្រឡាច ម្ទេស ។​ល​។​
  • ​ពពួក fibres : មាន​ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ ។​ល​។
  • ​ពពួក flavonoïdes: មាន​ទឹកតែ ទំពាំងបាយជូ​រ សូកូឡា​ខ្មៅ សណ្តែក ។​ល​។
  • ​ពពួក indoles : មាន​ស្ពៃ ស្ពៃ ផ្កា​ស្ពៃ មើម​ស្ពៃ ។​ល​។
  • ​ពពួក lycopène : មាន​ប៉េងប៉ោះ ក្រូចថ្លុង ម៉ឺ​ឡុង ។​ល​។​
  • ​ពពួក vitamine C : មាន​ក្រូចពោធិសាត់ គី​វី ម្ទេស​លឿង broccoli ថៃ​ថាវ ផ្លែ cantaloupe ។​ល​។​
  • ​ពពួក​ vitamine E : ផ្លែ​បឺរ បន្លែ asperge មើ​ម​noisette ផ្លែ​amande​។​ល​។​

៣- ការ​មិន​ជក់បារី​
​បារី​ត្រូវបាន​ក្រសួង​សុខាភិបាល​និង​សង្គមកិច្ច​របស់​រដ្ឋ​កេ​បិ​ចចាត់ទុកថា​"​គឺ​ជា​ផលិតផល​ស្រប​ច្បាប់​ដែល​សម្លាប់​អ្នក​ជក់​តាម​ការគ្រោងទុក​របស់​អ្នក​ផលិត​" ហើយ​និង​ជា​"​ឃាតក​ដែល​សម្លាប់​មិន​រើសមុខ​"​នៅក្នុង​សៀវភៅ Prévenir ។​
​ថ្នាំជក់​បញ្ចេញ​ជាតិពុល​ទាំងអស់​ចំនួន​៤.០០០​មុខ​នៅ​ពេល​ដែល​វា​ឆេះ​ទៅ ហើយ​គឺជា​ប្រភព​ទី​១​នៃ​ជំងឺមហារីក​។ វា​គឺជា​សត្រូវ​របស់​បេះដូង សួត និង​ខួរក្បាល និង​ក៏​ជា​ភ្នាក់ងារ​ធ្វើ​ឱ្យ​ឆាប់​ចាស់​ផង​ដែរ​។​ ដូច្នេះ គេ​ត្រូវតែ​ឈប់​ជក់បារី​ភ្លាម​។​
 

៤- ការ​ថែ​ទម្ងន់​កុំឱ្យ​ឡើង​ធាត់​
ការឡើង​ធាត់​ធ្វើ​ឱ្យ​ឆាប់​ចាស់​។ មាន​ការសិក្សាួ​យមដែ​ល​បញ្ជាក់​ឱ្យដឹងថា ការ​កើន​ទម្ងន់​១០%​អាច​ធ្វើឱ្យ​គេ​ចាស់​អស់​១​ឆ្នាំ​កន្លះ​បាន ហើយ​ការ​កើន​ទម្ងន់​ក្នុង​វ័យ​២០​ទៅ​៣០​ឆ្នាំ​រឹតតែ​មាន​ផល​អាក្រក់​ណាស់​ទៅទៀត​។​

ការ​ធាត់​ខ្លាំងពេក​អាចធ្វើឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម សរសៃឈាម​បេះដូង គ្រួស​ក្នុង​តម្រង​នោម មហារីក ជាពិសេស​គឺ​ធ្វើឱ្យ​បញ្ហា​សន្លាក់​កាន់តែ​ធ្ងន់ធ្ងរ​។ បើសិនជា​គេ​ជក់បារី​ផង​នោះ ការ​ធាត់​ខ្លាំងពេក​អាចធ្វើឱ្យ​ឆាប់​ស្លាប់​បាន​។​

ដូច្នេះ គេ​ត្រូវ​រក្សា​ទម្ងន់​ឱ្យនៅ​សមស្រប​ទៅតាម​មាឌ ដោយ​ត្រូវមាន "​ស​ន្ទ​ស្សន៍​ម៉ាស់​រាងកាយ indice de masse corporelle (IMC) "​ត្រឹម​១៨.៥ ទៅ​២៥ បាន​ហើយ​។ គេ​គណនា​ស​ន្ទ​ស្សន៍​ម៉ាស់​រាងកាយ​ដោយ​យក​ទម្ងន់​គិត​ជា​គីឡូក្រាម ទៅ​ចែក​នឹង​កម្ពស់​គិត​ជា​ម៉ែត្រ​តម្លើង​ជា​ស្វ័យ​គុណ​២​។​
 

៥- ស្នេហា​និង​ការគាំទ្រ​ផ្នែក​សង្គម​
 ចង់​រស់​ដោយ​សប្បាយ​នៅពេល​ដែល​ចាស់​ទៅ អាច​បាន​ដែរ​ទេ​តើ​!
​ការ​ដែល​មាន​គេ​ស្រលាញ់ ជាពិសេស​សេចក្តីស្នេហា​ពី​អ្នកដទៃ​ក្នុងសង្គម ល្អ​ខ្លាំងណាស់​ចំពោះ​សុខ ភាព​។ វា​ធ្វើឱ្យ​យើង​មាន​ផ្លូវចិត្ត​ល្អ មិន​មាន​អារម្មណ៍​ថា​ឯកា ។​

​ត្រូវ​បង្កើន​ភាពសប្បាយ​រីករាយ​នៅក្នុង​គ្រួសារ ជាមួយនឹង​មិត្តភក្តិ និង​អ្នកជិតខាង​ឡើង​។​
 

៦- ការគ្រប់គ្រង​ស្ត្រេ​ស​
ចង់​រស់​ដោយ​សប្បាយ​នៅពេល​ដែល​ចាស់​ទៅ អាច​បាន​ដែរ​ទេ​តើ​! 
​ស្ត្រេ​ស​ធ្វើ​ឱ្យ​ឆាប់​ចាស់​បាន​តាមរយៈ​ការបញ្ចេញ​រ៉ាឌីកាល់​សេរី​។ ស្ត្រេ​សក៏​ធ្វើឱ្យប្រព័​ន្ធអ៊ី​មុយ​នីតេ និង​ការចងចាំ​ចុះខ្សោយ​ផងដែរ ហើយ​បង្ក​ការ​ងាយស្រួល​ដល់​ជំងឺ​ធ្ងន់ៗ ដូច​ជា​ជំងឺ​សរសៃឈាម​បេះដូង ការចុះ​ខ្សោយ​នៃ​សរសៃប្រសាទ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ និង​មហារីក​។​

​ផ្ទុយ​ពី​ស្ត្រេ​ស ការ​គេង​លក់​ស្កប់ស្កល់​នៅពេល​យប់​ត្រូវបាន​គេ​ទទួលស្គាល់​ថា​ជួយ​ឱ្យ​នៅ​ក្មេង​បាន​។ គេង​លក់​ល្អ​បាន​៧​ម៉ោង​ក្នុង​១​យប់ៗ នោះ​គ្រប់​ប្រព័ន្ធ​ជីវសាស្ត្រ​ទាំងអស់​បាន​សម្រាក ហើយ​ធ្វើ​ការជួសជុល​ខ្លួន​ឡើងវិញ​។​

​ស្ត្រេ​ស​មួយ​ចំណែក​ធំ​កើតចេញ​ពី​របៀប​ដែល​យើង​ធ្វើ​ប្រតិកម្ម​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​កើតឡើង​។ ត្រូវ​រៀន​គ្រប់គ្រង​ស្ត្រេ​ស​ឱ្យបាន​។ នៅពេល​ដែល​ចាស់​ទៅហើយ​នេះ គេ​ត្រូវតែ​ហ៊ាន​ទម្លាក់ចោល​នូវ​កង្វល់​និង​បញ្ហា​ផ្សេងៗ ដើម្បី​ជៀសវាង​ការឈឺ​ថ្កាត់ និង​ការដែល​ធ្វើឱ្យ​កាន់តែ​ចាស់​ទៅៗ​។​

​គេ​អាច​គ្រប់គ្រង​ស្ត្រេសបាន​ដោយ​ការធ្វើ​សមាធិ ការ​ស្តាប់ភ្លេង ការធ្វើ​ម៉ាស្សា​ខ្លួនប្រាណ ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ និង​ការ​ហាត់ប្រាណ​រាល់ថ្ងៃ​។ ​គ្មាន​ស្ត្រេ​ស និង​មាន​ការសប្បាយ​ច្រើន ជួយ​ឱ្យមាន​អាយុ​កាន់តែ​វែង​។​
 

៧- ការត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ​
​កាលណា​យើង​ចាស់​ទៅ សរីរាង្គ​ទាំងអស់​ចុះខ្សោយ ហើយ​រាងកាយ​ក៏​ទ្រុឌទ្រោម​ទៅ​ដែរ​។ ដើម្បី​អាច​បង្ការ​ជំងឺ​ដែល​ទាក់ទង​ទៅនឹង​វ័យចាស់​បាន គេ​ត្រូវ​តាមដាន​ស្ថានភាព​សុខភាព​ជា​ប្រចាំ​។ ជាទូទៅ កាលណា​គេ​មាន​អាយុ​លើសពី​៤០​ឆ្នាំ​ហើយ គេ​ត្រូវ​ទៅ​ឱ្យ​គេ​ពិនិត្យ​អត្រា​កូ​លេស្ត​រ៉ុល ជាតិ​ស្ករ ជាតិ​អាស៊ីត កំហាប់​ឆ្អឹង ពិនិត្យ​ក្រ​ពេញទី​រ៉ូ​អ៊ីត ប្រូ​ស្តាត និង​ស្កូ​ពី​ពោះវៀនធំ រៀងរាល់​៦​ខែ​ឬ​៣​ខែម្តង ទៅតាម​ការចាំបាច់​។​

​ហើយ​ប្រសិនបើ​ម្តាយ​ឪពុក ឬ​ជីដូន​ជីតា​ធ្លាប់​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​មហារីក​ផង​នោះ បញ្ហា​នេះ​ក៏​ត្រូវ​តែ​គេ​យកមក​គិត​ពិចារណា​ដែរ ដោយ​យ​ត្រូវ​បង្កើន​ការតាមដាន​ត្រួតពិនិត្យ​សុខភាព​ជាង​ធម្មតា​៕

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។