ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​ប្រារព្ធ​ឡើង​នៅ​កោះពេជ្រ

យុវជន សិស្ស-​និស្សិត និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ជា​ច្រើន​រយ​នាក់ ទៅ​ចូល​រួម​ “ពិព័រណ៍​ការងារ​​ថ្នាក់​ជាតិ​លើក​ទី​៥ ឆ្នាំ​២០១៥" ដែល​​​រៀបចំ​ឡើង​ដោយ​​ទី​ភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ (NEA) សហការ​ជាមួយ​​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC)។

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​វិច្ឆិកា​ នៅ​សាល​ពិព័រណ៍​កោះពេជ្រ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន សហគ្រាស និង​គ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​ចំនួន ៧៥ ដែល​ផ្តល់​ឱកាស​ការងារ​​​ប្រមាណ ៧.០០០​កន្លែង។

ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប យុវជន សិស្ស​-និស្សិត និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ទាំង​អស់​អាច​ដាក់​ពាក្យ​ដោយ​ផ្ទាល់​ និង​អាច​ត្រូវ​បាន​សម្ភាសន៍​ភ្លាមៗ​ដោយ​ក្រុមហ៊ុន និង​សហគ្រាស​ដែល​កំពុង​តាំង​បង្ហាញ​ក្នុង​បញ្ជរ​ដែល​មក​ពី​វិស័យ​ធនាគារ ទេសចរណ៍ ទូរគមនាគមន៍​ អប់រំ និង​វិស័យ​ផ្សេង​ទៀត។ ក្រៅ​ពី​ដាក់​ពាក្យ​ធ្វើ​ការ យុវជន សិស្ស​-និស្សិត និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ អាច​ចូលរួម​ស្តាប់​បឋកថា​របស់​វាគ្មិន​ឯកទេស​មួយ​ចំនួន​ដែល​នឹង​បក​ស្រាយ​អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន ស្ថានភាព​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ និង​ជា​ពិសេស​ទស្សនា​ការ​ប្រគុំតន្រ្តី​នៅ​ពេល​ល្ងាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។