មន្ត្រី​សិទ្ធិមនុស្ស​ខេត្ត​កំពង់ឆ្នាំង​អន្តរាគមន៍​ករណី​ជួញដូរ​កម្លាំង​ពលកម្ម​កុមារ

មន្ត្រី​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង កំពុង​អន្តរាគមន៍​ជួយ​ស្វែង​រក​យុត្តិធម៌​ករណី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​កុមារ​ចំនួន​បី​នាក់។ ការ​អន្តរាគមន៍ គឺ​ក្រោយ​ពី​តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​នេះ កោះ​ហៅ​បង​ស្រី​កុមារ​ពីរ​នាក់​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​ដំណើរ​រឿង​លួច​យក​ប្អូន​ស្រី​ម្នាក់ និង​ប្អូន​ប្រុស​ម្នាក់​របស់​ខ្លួន​តាម​បណ្ដឹង​របស់​អ្នក​ដែល​គេ​សង្ស័យ​ថា បាន​ជួញដូរ​កម្លាំង​ពលកម្ម​កុមារ​នោះ​ទៅ​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា បញ្ជាក់​ថា ខាង​លោក​នឹង​ធ្វើ​អន្តរាគមន៍​ករណី​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ក្នុង​ពេល​ឆាប់ៗ ដោយ​ស្នើ​ឲ្យ​ក្រសួង​ជួយ​ស៊ើប​អង្កេត​លើ​ម្ដាយ និង​កូន​ដែល​បាន​យក​កុមារ​ទៅ​ដើរ​លក់​ដូរ​ម្ជូរ​ពេល​យប់ និង​បង្ខាំង​កុមារ​ចំនួន ៨​នាក់​ផ្សេង​ទៀត។

លោក សំ ច័ន្ទគា ​ក៏​ស្នើ​ឲ្យ​តុលាការ​ខេត្ត​កំពង់ឆ្នាំង កុំ​ចាប់​គ្រួសារ​ជន​រង​គ្រោះ​ទៅ​ដាក់​គុក​តាម​បណ្ដឹង​របស់​ភាគី​ម្ខាង ដែល​ជា​ជន​សង្ស័យ ដោយ​មិន​បាន​ស៊ើប​អង្កេត​ដិត​ដល់​ជា​មុន​នោះ៖ «»។

ក្មេង​អាយុ​ក្រោម ១៥​ឆ្នាំ​ពីរ​នាក់ ក្នុង​ចំណោម​បី​នាក់ ដែល​រួច​ខ្លួន​ពី​ការ​ជិះជាន់​កម្លាំង​ពលកម្ម ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ឹម ណេង និង​កូន​ប្រុស​ឈ្មោះ សាន់ ប៊ុន្នី ហៅ ម៉ាំង រស់​នៅ​រាជ​ធានី​ភ្នំពេញ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ថា ពីរ​នាក់​ម្ដាយ​កូន​នេះ បាន​វាយ​ធ្វើ​បាប និង​បង្ខំ​ឲ្យ​ក្មេងៗ​ឲ្យ​ដើរ​លក់​ម្ជូរ​តាម​ហាង។

តាម​បណ្ដឹង​របស់​ពលរដ្ឋ​ពីរ​គ្រួសារ​នៅ​ក្រុង​កំពង់ឆ្នាំង ដែល​សុំ​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ជួយ​អន្តរាគមន៍​ឲ្យ​ដឹង​ថា អ្នក​បង្ក​បាន​ប្រើ​រូបភាព​ឲ្យ​ម្ដាយ​ខ្ចី​លុយ រួច​បង្ខំ​ឲ្យ​អាណាព្យាបាល​ប្រគល់​កូន​ទៅ​គេ​គ្រប់គ្រង និង​ចាត់​ចែង។ បច្ចុប្បន្ន​ស្ត្រី​ឈ្មោះ ស៊ឹម ណេង បាន​ប្ដឹង​ឲ្យ​បង​ស្រី​ជន​រង​គ្រោះ​ឈ្មោះ ឈៀង តាំងអ៊ី ប្រគល់​ក្មេង​ទាំង​ពីរ​នាក់​ទៅ​គេ​វិញ ហើយ​ស្នើ​ឲ្យ​តុលាការ​ចាប់​អ្នកស្រី ឈៀង តាំងអ៊ី ចាប់​ដាក់​គុក។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​អ្នកស្រី ស៊ឹម ណេង និង​កូន​ប្រុស​ឈ្មោះ សាន់ ប៊ុន្នី ហៅ ម៉ាំង ព្រម​ទាំង​មន្ត្រី​តំណាង​អយ្យការ​ដើម្បី​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។ ប៉ុន្តែ​តំណាង​អយ្យការ​ប្រាប់​អ្នកស្រី ឈៀង តាំងអ៊ី ដែល​ជា​ចុង​ចោទ​ថា អ្នកស្រី ស៊ឹម ណេង បាន​ប្ដឹង​ទាម​ទារ​ក្មេង​ទាំង​ពីរ​វិញ ទារ​ជំងឺ​ចិត្ត ៣​ពាន់​ដុល្លារ និង​បាន​ស្នើ​ឲ្យ​តុលាការ​ចាប់​អ្នកស្រី​ដាក់​គុក​ទៀត​ផង។

បងស្រី​បង្កើត​របស់​កុមារ​ទាំង​ពីរ​នាក់ គឺ​អ្នកស្រី ឈៀង តាំងអ៊ី រៀបរាប់​ប្រាប់​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ទាំង​ទឹក​ភ្នែក​ថា នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​រូប​គាត់​បាន​បបួល​ប្អូន​ទាំង​ពីរ​ដើរ​លេង ហើយ​ខ្លោច​ចិត្ត​នៅ​ពេល​ដឹង​ថា ប្អូន​ខ្លួន​ត្រូវ​គេ​ធ្វើ​បាប​មិន​ឲ្យ​រៀន​សូត្រ និង​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ផ្ទះ និង​លក់ដូរ។ អ្នកស្រី​មិន​ច្បាស់​ពី​ការ​ខ្ចី​បុល​ប្រាក់​រវាង​ម្ដាយ និង​អ្នកស្រី ស៊ឹម ណេង នោះ​ទេ ព្រោះ​រស់នៅ​បែក​គ្នា​ពេល​ម្ដាយ​មាន​ប្ដី​ថ្មី​ក្រោយ​ទៀត៖ «»។

កុមារី សេង សម្បត្តិ ជា​ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ​រៀបរាប់​ថា រូប​ខ្លួន និង​ប្អូន​ប្រុស​អាយុ ១១​ឆ្នាំ ម្នាក់​ទៀត បាន​រស់​នៅ​ជាមួយ​អ្នកស្រី ស៊ឹម ណេង រយៈ​ពេល ៤​ឆ្នាំ ហើយ​ផ្លាស់​ទៅ​រស់​នៅ​ភ្នំពេញ បាន​ប្រហែល ៨​ខែ។ ពេល​រស់នៅ​ភ្នំពេញ គ្រួសារ​អ្នកស្រី ស៊ឹម ណេង បាន​វាយ​ធ្វើ​បាប បង្ខំ​ឲ្យ​ដើរ​លក់​ម្ជូរ​តាម​ហាង​ផឹកស៊ី ហើយ​ប្អូន​ប្រុស​ខ្លួន គេ​បំបែក​ទៅ​រស់នៅ​កូន​ប្រុស​អ្នកស្រី ស៊ឹម ណេង ដោយ​មាន​មុខ​របរ​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។