មន្ត្រី​បក្ស​កាន់​អំណាច​ថា​តំណាងរាស្ត្រ​បក្ស​​ប្រឆាំង​មិន​ចូល​ប្រជុំ​សភា​ជា​លេស​នយោបាយ

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា ការ​ប្រកាស​មិន​ព្រម​ចូល​រួម​ប្រជុំ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ហេតុផល​សន្តិសុខ​ផ្ទាល់​ខ្លួន គឺ​ជា​លេស​នយោបាយ​របស់​បក្ស​ប្រឆាំង។ ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នឹង​មិន​ចូល​រួម​ប្រជុំ​សភា​នោះ​ទេ លុះ​ណា​តែ​សន្តិសុខ​របស់​ពួកគេ​ត្រូវ​បាន​ធានា។

គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ការ​ព្រួយ​បារម្ភ​របស់​បក្ស​ប្រឆាំង​ពេល​នេះ ថា​ជា​ជំងឺ​ព្រួយ​បារម្ភ​នយោបាយ​ហួសហេតុ។ តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ថា ការ​មិន​ចូលរួម​ប្រជុំ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ វា​គឺ​ជា​សិទ្ធិ​របស់​បក្ស​ប្រឆាំង​មួយ​នេះ។ ប៉ុន្តែ​លោក​ថា ការ​លើក​ឡើង​របស់​បក្ស​ប្រឆាំង​ថា មិន​ព្រម​ចូល​បំពេញ​ការងារ​ជា​អ្នក​តំណាងរាស្ត្រ​ដោយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ សុវត្ថិភាព​ផ្ទាល់​ខ្លួន គឺ​ជា​រឿង​មិន​សម​ហេតុផល​ឡើយ។ លោក​ថា នេះ​គ្រាន់តែ​ជា​លេស​នយោបាយ​របស់​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។

លោក សុខ ឥសាន ថ្លែង​បន្ត​ថា ក្រោយ​ពី​មាន​ការ​វាយប្រហារ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ហើយ​សមត្ថកិច្ច​ក៏​កំពុង​តាមដាន​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដើម្បី​បញ្ជូន​ទៅ​តុលាការ។ លោក​ថា នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ តែ​បើ​បក្ស​ប្រឆាំង​នៅ​តែ​ព្រួយបារម្ភ​រហូត​ដល់​មិន​ហ៊ាន​ចូល​សភា​បំពេញ​ការងារ​របស់​ខ្លួន​នោះ លោក​ថា វា​គ្រាន់តែ​ជំងឺ​នយោបាយ​ដែល​គ្មាន​គ្រូពេទ្យ​ណា​អាច​ដាក់​ថ្នាំ​ព្យាបាល​បាន​នោះ​ទេ។

​លោក សុខ ឥសាន៖ «យើង​ធ្វើ​នេះ​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​របស់​សង្គម​ហើយ តែ​បើ​ត្រង់​គាត់​ថា ភ័យ​ខ្លាច យើង​ក៏​មិន​ដឹង​ថា ភ័យ​ខ្លាច​រឿង​អី វា​មាន​តែ​ឲ្យ​នគរបាល​ដើរ​តាម​តំណាង​ម្នាក់ៗ ឬ​យ៉ាង​ម៉េច បាន​គាត់​ទើប​ឈប់​ភ័យ​ខ្លាច? យើង​ខ្ញុំ​មិន​យល់។ ដូច​ខ្ញុំ​ចុះ​ខេត្ត​រាល់​សប្ដាហ៍ ខ្ញុំ​មិន​ដែល​ទាំង​មាន​កង​ការពារ​ផង»

បន្ទាប់​ពី​តំណាងរាស្ត្រ​របស់​ខ្លួន​ចំនួន ២​រូប ត្រូវ​បាន​បាតុករ​ដៃដល់​គាំទ្រ​បក្ស​កាន់​អំណាច​វាយ​ឲ្យ​របួស​ធ្ងន់ធ្ងរ និង​បន្ទាប់​ពី​ឃើញ​គេហដ្ឋាន​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រុម​បាតុករ​ឡោម​ព័ទ្ធ​គប់​ដុំ​ថ្ម​ចូល​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​កន្លង​មក​នោះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បើ​ទោះ​ជា​ជន​ដៃដល់​ចំនួន ៣​នាក់ បាន​ចូល​សារភាព និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​រួច​ហើយ​ក៏ដោយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​នឹង​ផ្អាក​បំពេញ​ការងារ​មួយ​រយៈ ទាំង​ការងារ​នៅ​ក្នុង​រដ្ឋ​សភា និង​ការងារ​ចុះ​មូលដ្ឋាន ព្រោះ​តែ​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពន្លឿន​ការងារ​របស់​ខ្លួន ដើម្បី​ចាប់​ខ្លួន​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​វាយ​ប្រហារ​លើ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​យក​មក​ផ្ដន្ទាទោស ទើប​បក្ស​ប្រឆាំង​មួយ​នេះ​អាច​ទទួល​យក​បាន។

​លោក សុខ ឥសាន ថ្លែង​ថា ការ​សម្រេចចិត្ត​មិន​ចូលរួម​ប្រជុំ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បក្ស​ប្រឆាំង​មួយ​នេះ ចំពោះ​ម្ចាស់​ឆ្នោត​របស់​ខ្លួន។ ប៉ុន្តែ​លោក​ថា ពហិការ​របស់​បក្ស​ប្រឆាំង​នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋ​សភា​រាំង​ស្ទះ​ដំណើរ​ការងារ​របស់​ខ្លួន​នោះ​ឡើយ ហើយ​វា​ក៏​មិន​មែន​ជា​សភា​ឯក​បក្ស​ដូច​ការ​លើក​ឡើង​របស់​ជន​មួយ​ចំនួន​នោះ​ដែរ។

​ចំពោះ​ការ​បារម្ភ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង មន្ត្រី​ជាន់​ខ្ពស់​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា ការ​ព្រួយបារម្ភ​នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​លោក​ថា សូម្បី​តែ​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ ក៏​ជន​ដៃដល់​ហ៊ាន​ទៅ​វាយ​តំណាងរាស្ត្រ​ដល់​ទី​នោះ​ទៅ​ហើយ ចុះ​ទម្រាំ​នៅ​កន្លែង​ដទៃ​ទៀត។

លោក អំ សំអាត ថា បើ​គ្មាន​ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​នោះ​ទេ ម្ល៉េះ​បក្ស​ប្រឆាំង​ក៏​មិន​បារម្ភ​រហូត​ដល់​ថ្នាក់​នេះ​នោះ​ដែរ៖ «តាម​ការ​ពិត​ទៅ​យើង​ឃើញ​ហើយ ៣​នាក់​ហ្នឹង គឺ​គាត់​ចូល​សារភាព​ទេ មិន​មែន​ស្វែង​រក​ចាប់​ខ្លួន​ពី​សមត្ថកិច្ច ហើយ​ចំពោះ​ជន​ដៃដល់ ឬ​ក្រុម​ប្រើប្រាស់​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ បើ​តាម​វីដេអូ​ឃ្លិប​គេ​ថត​បាន វា​មិន​មែន​មាន​ប៉ុណ្ណឹង វា​ជា​ក្រុម។ ខ្ញុំ​គិត​ថា ជា​រឿង​មួយ​អ្នក​តំណាង​រាស្ត្រ​គាត់​នៅ​មាន​ការ​ភិតភ័យ​ដែរ​ពី​សុវត្ថិភាព​របស់​គាត់»

​លោក សម រង្ស៊ី និង​លោក កឹម សុខា កាល​ពី​ថ្មីៗ​នេះ ក៏​បាន​ប្រាប់​ទៅ​មន្ត្រី​ស្ថានទូត​បរទេស​មួយ​ចំនួន​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នឹង​ចូល​បម្រើ​ការងារ​នៅ​រដ្ឋ​សភា​វិញ នៅ​ពេល​រដ្ឋាភិបាល​អាច​ធានា​សុវត្ថិភាព​ជូន​ពួកគេ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​បង្កើន​កិច្ច​ការពារ​ចំពោះ​តំណាងរាស្ត្រ​ទូទៅ​ទាំង​នៅ​រដ្ឋសភា និង​នៅ​ពេល​ពួកគេ​ចុះ​បំពេញ​ការងារ​នៅ​តាម​មូលដ្ឋាន។ រដ្ឋាភិបាល​ត្រូវ​ពន្លឿន​ការ​ស៊ើប​អង្កេត​ដើម្បី​នាំ​យក​ជន​ដៃ​ដល់​បន្ថែម​ទៀត​មក​ផ្ដន្ទាទោស។ លោក​ថា បើ​មិន​ដូច​ដូច្នោះ​ទេ វា​ជា​ការ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ និង​ជា​ការ​លើក​ទឹក​ចិត្ត​ជន​ប្រព្រឹត្តិ​កំហុស បន្ត​ប្រព្រឹត្ត​នៅ​ក្នុង​សង្គម​បន្ត​ទៀត។

ទាក់ទង​នឹង​ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រង​របួស​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋ​សភា​ឲ្យ​ដឹង​ថា ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ចាត់​តាំង​លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ចុះ​បំពេញ​បេសកកម្ម​សួរ​សុខទុក្ខ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។

ប្រតិភូ​ដែល​ចូល​រួម​ដំណើរ​ជាមួយ​លោក ឈាង វុន រួម​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី បាន ស្រីមុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។