“តុលាការ​នឹង​សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​របស់​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ”

អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហ៊ាង ឫទ្ធី អោយ​ដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សេចក្ដី​សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោក​បញ្ជាក់​ថា គម្រោង​ប្រកាស​ផ្អាក​សកម្មភាព​នយោបាយ​បណ្ដោះអាសន្ន​នេះ គឺ​ដើម្បី​រង់ចាំ​អង្គ​សេចក្ដី​ស្ដីពី​ការ​ស្នើ​សុំ​រំលាយ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ អោយ​ចប់​ជា​ស្ថាពរ៖ «ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​អំពី​ការ​ផ្អាក​សកម្មភាព​នយោបាយ​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នៅ​សប្ដាហ៍​ក្រោយ​នេះ។ គេ​ជូន​ដំណឹង​ខ្ញុំ​ហើយ ដើម្បី​កុំ​អោយ​ទៅ​ណា​ឆ្ងាយ ដើម្បី​ចូល​រួម​ស្ដាប់​ការ​ប្រកាស​របស់​ចៅក្រម»

ការ​ដាក់​បណ្ដឹង​ឲ្យ​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ាង ឫទ្ធី មើល​ឃើញ​ថា ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ជា​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដែល​តែងតែ​ប្រើប្រាស់​អំណាច​ផ្ដាច់ការ​ក្នុង​ការ​ចាយ​វាយ​ថវិកា​បក្ស ជា​ពិសេស​ថ្មីៗ​នេះ លោក​ឲ្យ​ដឹង​ទៀត​ថា លោក ម៉ម សូណង់ដូ អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ថ្នាក់​ក្រោម​វាយ​ប្រហារ​ទៅ​លើ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ហាម​វាយ​ប្រហារ​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​លោក ម៉ម សូណង់ដូ បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក​តែងតែ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ាង ឫទ្ធី និង​ព្រមាន​ប្ដឹង​បក​វិញ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។