កញ្ញា​ ធី​ សុវណ្ណ​ថា​ ចូល​ជួប​សួរសុខទុក្ខ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក​ ប្រទេស​ថៃ​

​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​០៤​ថ្ងៃ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ឆ្លៀត​ចូល​ជួប​សួរសុខទុក្ខ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក​ គឺ​ឯកឧត្តម​ ញ៉​យ​ ចំរើន​ និង​ឯកឧត្តម​ គង់​ សភា​ នា​ថ្ងៃ​សុក្រ​ ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ដោយ​កញ្ញា​បាន​នាំ​យក​មូលនិធិ​ពី​សប្បុរសជន​ចំនួន​១.០០០​ដុល្លារ​អា​មេ​រិ​ក​ ជូន​អ្នកតំណាង​រាស្ត្រ​រង​គ្រោះ​ទាំង​២​នាក់​ផង​ដែរ​ ។​

​កាយវិការ​សប្បុរសធម៌​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​គេ​ស្គាល់​ថា​ ជាតា​រា​ Facebook​ ដ៏​ល្បី​មួយ​រូប​ និង​ជា​យុវតី​តែង​រិះគន់​ទៅ​លើ​អំពើ​អសកម្ម​របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​រាជរដ្ឋាភិបាល​មិន​សំចៃមាត់​នោះ​ គឺ​ទទួល​បានការ​កោតសរសើរ​ពី​សំណាក់​មជ្ឈដ្ឋាន​ជា​ច្រើន​ ជា​ពិសេស​ Fans​ របស់​កញ្ញា​តែ​ម្តង​ ។​

​គួរ​រំលឹក​ជូន​ថា​ អ្នកតំណាង​រាស្ត្រ​ចំនួន​២​នាក់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ឯកឧត្តម​ គង់​ សភា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ គង់​ គាំ​ ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​(​អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា​ នីតិកាល​ទី​៣)​ និង​ឯកឧត្តម​ ញ៉​យ​ ចំរើន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ បាន​ទទួល​រង​របួស​ធ្ងន់ធ្ងរ​ ក្នុង​ហេតុការណ៍​នៃ​សកម្មភាព​បាតុកម្ម​ទម្លាក់​មុខ​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ នីតិកាល​ទី​៥​ បង្ក​ដោយ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ៕​

កញ្ញា​ ធី​ សុវណ្ណ​ថា​ ចូល​ជួប​សួរសុខទុក្ខ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក​ ប្រទេស​ថៃ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ចូល​ជួប​សួរសុខទុក្ខ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក​ ប្រទេស​ថៃ​