រឿង​ពិត​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​កិច្ចសន្យា​ប្រមូល​ចំណូល​លក់​ប័ណ្ណ​ទស្សនា​អង្គរវត្ត​ គឺ​កើត​ចេញពី​ការ​ស្នើ​សុំ​របស់​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បញ្ចប់​កិច្ចសន្យា​ស្តី​ពី​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ ជាមួយ​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ហើយ​រាជរដ្ឋាភិបាល​ចាត់ចែង​ធ្វើការ​គ្រប់គ្រង​ដោយ​ផ្ទាល់​វិញ​ ក្រោម​រូបភាព​សហគ្រាស​សាធារណៈ​ គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ដើម​ខែមករា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​ជាមួយនឹង​ការ​សម្រេចចិត្ត​ខាងលើ​នេះ​ មជ្ឈដ្ឋាន​នានា​គិត​ស្មានថា​ កើត​ចេញពី​ការ​ផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ ប៉ុន្តែ​តាម​ការ​ពិត​ក្នុង​រឿង​បញ្ចប់​កិច្ចសន្យា​ស្តី​ពី​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ រវាង​អាជ្ញាធរ​អប្សរា​ជាមួយ​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ គឺ​កើត​ចេញពី​សំណើ​របស់​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ ទៅ​វិញ​ទេ​ ។​ មាន​ន័យ​ថា​ ក្រុមហ៊ុន​ប្រមូល​លុយ​យ៉ាង​កាក់កប​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ក្នុង​ការ​ធ្វើ​សកម្ម​ប្រមូល​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​ ទើប​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ស្នើ​សុំ​រាជរដ្ឋាភិបាល​ជា​ភាគី​នៃ​កិច្ចសន្យា​បញ្ចប់​កិច្ចសន្យា​តែ​ម្តង​ ។​

​នៅ​ពេល​សហគ្រាស​សាធារណៈ​បង្កើត​ឡើង​សម្រាប់​ដំណើរការ​គ្រប់គ្រង​ និង​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​រួចរាល់​ គឺ​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ប្រមូល​ចំណូល​ នឹង​បន្តការងារ​របស់​ខ្លួន​ដដែល​ ក្រោម​ការ​គ្រប់គ្រង​របស់​សហគ្រាស​សាធារណៈ​នេះ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ តួលេខ​ចំណូល​ដុល​រយៈពេល​៦​ឆ្នាំ​ជាប់ៗ​គ្នា​ប្រកាស​ដោយ​អាជ្ញាធរ​អប្សរា​ បាន​មក​ពី​ការ​ធ្វើ​សេវាកម្ម​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ កើត​ចេញពី​កិច្ចសន្យា​សម្បទាន​(​មិន​ឆ្លងកាត់​ការ​ដេញថ្លៃ​សាធារណៈ​)​រវាង​អាជ្ញាធរ​អប្សរា​ និង​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ នោះ​ មាន​ដូច​ខាងក្រោម​ ៖

-​ឆ្នាំ​២០១០​ ចំនួន​ ៣៣.១១៣.៥០០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១១​ ចំនួន​ ៤២.១៨៥.៣០០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១២​ ចំនួន​ ៥១.៣១៩.១៨០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១៣​ ចំនួន​ ៥៧.៦៨៧.៦៨០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១៤​ ចំនួន​ ៥៩.៣៤២.០០០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១៥​ (​រយៈពេល​១០​ខែ​)​ ចំនួន​ ៤៧.៦៨១.០៨០​ ដុល្លារ​អា​មេ​រិ​ក​ ៕​

រឿង​ពិត​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​កិច្ចសន្យា​ប្រមូល​ចំណូល​លក់​ប័ណ្ណ​ទស្សនា​អង្គរវត្ត​ គឺ​កើត​ចេញពី​ការ​ស្នើ​សុំ​របស់​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​