បារាំង​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​ឡើង​វិញ​ក្នុង​កំឡុង​ពេល​នៃ​សន្និសីទ​អាកាសធាតុ

បារាំង​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​ឡើង​វិញ​ក្នុង​កំឡុង​ពេល​នៃ​សន្និសីទ​អាកាសធាតុ

លោក Bernard Cazeneuve រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​ចូលរួម​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

លោក Bernard Cazeneuve រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​និយាយ​ថា ​បារាំង​នឹង​ដាក់ឲ្យ​មាន​ឡើង​វិញ​នូវ​ការ​ត្រួត​ពិនិត្យនៅ​តាម​ព្រំដែន​របស់​ខ្លួន​រយៈពេល​ប្រហែល​មួយ​ខែ​នៅ​ជុំ​វិញ​សន្និសីទ​អាកាសធាតុ​ដ៏​សំខាន់​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ប៉ារីស។

លោក Cazeneuve បានប្រាប់​ទូរទស្សន៍ BFM នៅ​ថ្ងៃ​សុក្រ​នេះថា ​ការ​ត្រួត​ពិនិត្យ​នឹង​ក្លាយ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​វិធានការ​សន្តិសុខនៅ​ជុំ​វិញ​សន្និសីទ​អាកាសធាតុ​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី៣០ ​ខែ​វិចិ្ឆកា រហូត​ដល់​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ។

លោក Cazeneuve បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ត្រួត​ពិនិត្យ​នឹង​ស្ថិត​នៅ​ជា​ធរមានរយៈពេល​ជា​ច្រើន​សប្តាហ៍​មុនពេល​ និង​ក្រោយ​សន្និសីទ​នោះ។

បារាំង​នឹង​ប្រើ​ប្រាស់​ច្បាប់​ដូច​គ្នា​ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​បិទ​ព្រំ​ដែន​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​ដើម្បី​ដោះ​ស្រាយ​ជន​ចំណាក​ស្រុក​ដ៏​ច្រើន​ដែល​រត់​គេច​ចេញ​ពី​ហិង្សា​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​ជើង​ និង​តំបន់​មជ្ឈឹម​បូព៌ា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មនុស្ស​៦គ្រួសារ​មក​ពី​អ៊ីរ៉ាក់​ និង​ស៊ីរី​បាន​ដឹក​តាម​យន្តហោះ​ចេញ​ពី​រដ្ឋធានី​អាថែន (Athens) នៃ​ប្រទេស​ក្រិក​ទៅ​កាន់​ប្រទេស​លុចសំបួ (Luxembourg) ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធីថ្មី​របស់​អឺរ៉ុប​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ចំណាក​ស្រុក​ដែល​ធ្វើ​ដំណើរ​តាម​ដី​គោក​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ ហើយ​និង​ដាក់​បន្ទុក​លើ​ទីភ្នាក់ងារ​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​របស់​សមាជិក​សហភាព​អឺរ៉ុប។

​បារាំង​បាន​ក្លាយជាទី​កន្លែង​នៃ​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​នៅ​ឆ្នាំ​នេះ ​រួម​មាន​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​កាល​ពី​ខែ​មករា​ទៅ​លើ​ទីស្នាក់ការ​ទស្សនាវដ្តី​ត្លុក​កំប្លែង​ ​ហើយ​និង​ហាង​លក់​គ្រឿង​ទេសរបស់​អំបូរ​ជន​ជាតិ​ជីហ្វ​ក្នុង​ទីក្រុង​ប៉ារីស។ កាល​ពី​ខែ​សីហា ​ទាហាន​អាមេរិកាំងមួយ​ចំនួន និង​ទាហាន​អង់គ្លេស​ម្នាក់​បាន​រារាំង​ជន​ជ្រុល​និយម​ឥស្លាម​ប្រដាប់​អាវុធ​មិន​ឲ្យ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​រទេះ​ភ្លើង​ដែល​រត់​ពី​ទីក្រុង អាំស្ទែដាំ (Amsterdam) ​ទៅ​កាន់​ទីក្រុង​ប៉ារីស៕