ខ្ញុំ​គួរ​ទ្រាំ​ទៀត​ទេ​បើ​ធ្វើ​អ្វី​ក៏​ខុស​ក្នុង​កែវភ្នែក​ម្តាយក្មេក និង ប្អូនថ្លៃ​ ​

Sanofi

អ្នកដែលពុំដឹងផ្ទៃក្នុងគ្រួសាររបស់នាងខ្ញុំពិតជាសរសើរថា នាងខ្ញុំមានសំណាងខ្លាំងណាស់ ដ្បិតតែខ្ញុំមានឋានៈត្រឹមជាកម្មការិនីរោងចក្រកាត់ដេរ តែមានភ័ព្វវាសនាបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសម្នាក់ដែលមានតួនាទីជាគ្រូពេទ្យរដ្ឋមួយរូបប្រកបដោយកិត្តិយស ។ ក្រៅពីបំពេញការងាររដ្ឋគាត់ឆ្លៀតធ្វើជាគ្រូពេទ្យពិនិត្យសុខភាពកម្មករនៅរោងចក្រនាងខ្ញុំ ទើបធ្វើឱ្យនាងខ្ញុំបានជួបគាត់ ។ អ្វីដែលគាត់ចាប់អារម្មណ៍នាងខ្ញុំច្រើនជាងគេនោះ ក្រៅពីរូបសម្បត្តិ គឺសុខភាពរបស់នាងខ្ញុំ ដោយសារតែនាងខ្ញុំខ្សោយ ឧស្សាហ៍សន្លប់ ។

សេចក្តីអាណិតអាសូររួមផ្សំនឹងនិស្ស័យផង បានធ្វើឱ្យលោកគ្រូពេទ្យកំលោះបាក់ចិត្តមកលើនាងខ្ញុំរហូតបានប្រែក្លាយទៅជាទំនាក់ទំនងដឹងឮដល់ ពុកម៉ែរបស់នាងខ្ញុំ ហើយគាត់ថែមទាំងបានជួយទំនុកបម្រុងគ្រួសារនាងខ្ញុំ ដែលខ្វះខាតក្នុងជីវភាពរស់នៅទៀតផង ។ ទីបំផុតពួកយើងក៏បានរៀបការ តែនាងខ្ញុំដឹងច្បាស់ថាម្តាយក្មេក និង ប្អូនថ្លៃស្រីមិនពេញចិត្តនាងខ្ញុំសូម្បីតែបន្តិច តែដោយសារប្តីនាងខ្ញុំជាបុរសម៉ឺងម៉ាត់ បើគាត់ចង់បានអ្វីហើយគ្មានអ្នកណាអាចឃាត់ឃាំងបានទេ ទើបអាចកើតមានអាពាហ៍ពិពាហ៍មួយនេះ ។

ចូលមករស់នៅក្នុងផ្ទះនេះទើបនាងខ្ញុំដឹងរឹតតែច្បាស់ថា ម្តាយក្មេក និង ប្អូនថ្លៃស្រីជាមនុស្សវាយឫក ប្រកាន់វណ្ណៈបំផុត ។ ពួកគាត់ធ្វើល្អជាមួយនាងខ្ញុំតែនៅមុខប្តីនាងខ្ញុំប៉ុណ្ណោះ ផុតពីនេះធាតុពិតរបស់ពួកគាត់់បង្ហាញភ្លាម ដោយប្រើសម្តីអសុរោះ គ្រោតគ្រាត មាក់ងាយជេរប្រមាថនាងខ្ញុំទាំងពូជ ។ ពីព្រឹកទល់យប់នាងខ្ញុំត្រូវសង្កេតទឹកមុខរបស់ម្តាយកូនទាំងពីរជានិច្ច ។ នាងខ្ញុំ ធ្វើអ្វីក៏ខុសទៅផ្សារ ដាំស្ល បោកគក់ ជូតផ្ទះ សុទ្ធតែថា ខ្ញុំល្ងង់ ខ្ជីខ្ជា ស្មោក គ្រោក ខ្ជិលច្រអូស ជាដើម ដែលទាំងនេះសុទ្ធតែជាញក្យបំភ្លើសទាំងអស់ ។

នាងខ្ញុំពុំដែលយករឿងនេះទៅប្រាប់ប្តីទេ ដោយបារម្ភខ្លាចក្រែងនាំឱ្យរឹតតែមានភាពប្រេះឆាកាន់តែខ្លាំងឡើង ហើយផលវិបាក គឺនាងខ្ញុំជាអ្នកទទួលខ្លាំងជាង គេ ។ ដូច្នេះមានតែទ្រាំរហូតដល់ទីបញ្ចប់ តែពេលនេះនាងខ្ញុំអស់លទ្ធភាពនឹង ទ្រាំតទៅទៀតហើយ ។ កែប្រែសារជាតិមនុស្សដោយយកភាពអត់ធ្មត់ទៅ តតាំងនោះ លទ្ធផលគឺមានតែការឈឺចាប់ និង ប្រមាថជាន់ឈ្លីខ្ញុំលើសដើម ។ ពេលនេះនាងខ្ញុំអស់ចំណេះហើយ តើនាងខ្ញុំគួរធ្វើយ៉ាងណា ? គួរទ្រាំរស់បន្តនៅលើផ្ទះនេះឬក៏ត្រូវចាកចេញដោយការសុំលែងលះដើម្បីបញ្ចប់បញ្ហា ?

ជូនចំពោះស្ត្រីមានវិបត្តិ

«ប្រជាប្រិយ»សូមគាំទ្រចំពោះទង្វើរបស់នាងដែលមិនយករឿងនេះ ទៅជម្រាបប្តី ដោយខ្លាចក្រែងបញ្ហាកើតឡើងរឹតតែធំ ។ ជាការពិតណាស់រឿងអ្វីក៏ដោយសុទ្ធតែមានផ្លូវដោះស្រាយ ហើយដំណោះស្រាយទៀត សោតក៏ត្រូវធ្វើទៅតាមដំណាក់កាល ។ ចំពោះរឿងរបស់នាង ជំហានដំបូងត្រូវពិភាក្សាជាមួយប្តីពីរឿងសុំបែកផ្ទះ ហើយសំណើរបស់នាងមុខជាក្លាយទៅជាចម្ងល់របស់ស្វាមី ។ សំណួររបស់ស្វាមីនាងគឺ «ហេតុអ្វីបានជាអូន ចង់បែកផ្ទះ?» នេះជាឱកាសរបស់នាងក្នុងការរ៉ាយរ៉ាប់រឿងពិតឱ្យស្វាមីដឹង តែភ្ជាប់គ្នាជាមួយនេះនាងត្រូវសុំចិត្តស្វាមីថាមិនត្រូវធ្វើឱ្យមានជម្លោះនៅក្នុង គ្រួសារឡើយ គឺត្រូវដោះស្រាយគ្នាដោយសន្តិវិធី ។

ករណីដែលស្វាមីនាងមិនបំពេញតាមសំណូមពររបស់នាងដោយលើកហេតុផលសមស្របណា មួយដែលនាងអាចទទួលយកបាន នាងត្រូវទ្រាំរស់នៅតទៅទៀត ។ កំលុងពេលនេះនាងត្រូវធ្វើអំពើល្អជាមួយម្តាយក្មេក ជាពិសេសពេលគាត់មានជំងឺជឿថាអំពើល្អរបស់នាងអាចនឹងបន្ទន់ចិត្តគាត់បានខ្លះក្នុងថ្ងៃណាមួយ ។ ការ មានបុត្រក៏ជាចំណែកមួយធ្វើឱ្យគាត់កាត់បន្ថយការស្អប់ខ្ពើមនាងដែរ ។ ប៉ុន្តែក្នុងករណីស្វាមីគ្មានដំណោះស្រាយសមរម្យដែលនាងពិចារណាទៅឃើញថា ជីវិតរបស់នាងមិនអាចរួចផុតពីបញ្ហានេះ គឺមានតែបញ្ចប់ជីវិតប្តី-ប្រពន្ធត្រឹមនេះដើម្បីសេរីភាពក្នុងជីវិតរស់នៅ ទោះជាក្រលំបាកយ៉ាងណាក៏ប្រសើរជាងរស់នៅលើទ្រនំខ្ពស់ តែគ្មានសេចក្តីសុខផ្លូវចិត្តដូចនេះដែរ ។

«ប្រជាប្រិយ»សូមជូនពរនាងជួបប្រទះតែភាពជោគជ័យក្នុងការដោះស្រាយបញ្ហានេះ ៕


Related