អេហ្ស៊ីប​ផ្អាក​ជើង​ហោះហើរ​អង់គ្លេស​ទៅ​កាន់​ឧបទ្វីប Sinai ដោយ​បាន​ធ្វើ​ឲ្យ​ការ​ជម្លៀស​មាន​ភាព​យឺតយ៉ាវ

អេហ្ស៊ីប​ផ្អាក​ជើង​ហោះហើរ​អង់គ្លេស​ទៅ​កាន់​ឧបទ្វីប Sinai ដោយ​បាន​ធ្វើ​ឲ្យ​ការ​ជម្លៀស​មាន​ភាព​យឺតយ៉ាវ

បុគ្គលិក​ស្ថាន​ទូត​របស់​ប្រទេស​អង់គ្លេស​ជួយ​ជម្លៀស​អ្នក​ទេសចរ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​តំបន់ Sharm el-Sheikh ភាគ​ខាង​ត្បូង​ឧបទ្វីប Sinai ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

ផែនការ​ក្នុង​ការ​ជម្លាស​ប្រជាជន​អង់គ្លេស​រាប់​រយ​នាក់​ពី​រមណីយដ្ឋាន​ទីក្រុង​របស់​អេហ្ស៊ីប​នៅ​ឧបទ្វីប Sinai ត្រូវ​បាន​ផ្អាក​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​អេហ្ស៊ីប​បាន​ព្យួរ​ជើង​ហោះហើរ​របស់​អង់គ្លេស​ទៅ​កាន់​តំបន់​ដែល​សំបូរ​ទៅ​ដោយ​ក្រុម​បះបោរ។

ក្រុមហ៊ុន​អាកាសចរណ៍ EasyJet ដែល​មាន​តម្លៃ​ថោក​របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ការ​ផ្អាក​នេះ​មាន​ន័យ​ថា មាន​តែ​ជើង​ហោះហើរ​របស់​ខ្លួន​ចំនួន២ក្នុង​ចំណោម​ជើង​ហោះហើរ​ចំនួន​១០​បន្ថែម​ទៀត​ដែល​អាច​ហោះ​ទៅ​កាន់ព្រលាន​យន្តហោះ​នៅ​តំបន់ Sharm el-Sheikh ហើយ​អាច​ចេញដំណើរ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន។

មន្រ្តី​របស់​អេហ្ស៊ីប​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ជើងហោះហើរ​ត្រូវ​បាន​ផ្អាក​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ​នេះ ជើង​ហោះហើរ​របស់​អង់គ្លេស​មក ​និង​ទៅ​កាន់​ឧបទ្វីប Sinai ត្រូវ​បាន​ចុះ​ចត​ទាំងអស់​ បន្ទាប់​ពី​មានរបាយការណ៍​ដែល​បាន​ណែនាំ​ថា ការ​ធ្លាក់​យន្តហោះ​របស់​រុស្សី​នៅ​ក្នុង​តំបន់​នេះ​កាល​ពី​សប្តាហ៍​មុន​ដែល​បាន​សម្លាប់​អ្នក​ដំណើរ​ និង​អាកាសយានិក​ទាំងអស់​ចំនួន​២២៤​នាក់​ អាច​បណ្ដាល​មកពី​មាន​ការ​ដាក់គ្រាប់​បែក​នៅ​លើ​យន្តហោះ​នោះ។

រដ្ឋាភិបាល​ទីក្រុង​ឡុងដ៍​បាន​ឲ្យ​ដឹងថា នឹង​មាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ហោះហើរ​ជា​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​មន្រ្តី​របស់​អង់គ្លេស​ និង​អេហ្ស៊ីប​ព្រមព្រៀង​ពង្រឹង​វិធានការ​សន្តិសុខនៅ​ព្រលាន​យន្តហោះ​ក្នុង​តំបន់​ Sharm el-Sheikh។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​បាន​ចាប់​ផ្តើម​ដាក់​បំរាម​មិន​ឲ្យ​មាន​វ៉ាលី​បញ្ញើ​នៅ​តាម​ជើង​ហោះហើរ​មួយ​ចំនួន​ចេញ​ពី​រដ្ឋធានី​គែរ (Cairo)​ នោះ​ទេ។ ​

ក្រុមហ៊ុន​អាកាសចរណ៍​ KLM Royal Dutch បាន​ឲ្យ​ដឹង​ថា មាន​តែ​វ៉ាលី​តូចៗ​ដាក់​តាម​ខ្លួន​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាតលើ​ជើង​ហោះហើរ​ពី​រដ្ឋធានី​គែរ​ទៅ​ទីក្រុង អាំស្ទែដាំ (Amsterdam) នៅ​ថ្ងៃ​សុក្រ​នេះ។ មិន​មាន​ការ​បញ្ជាក់​អំពី​ថា​តើ​គោលនយោបាយ​នេះ​នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ណា​នោះទេ​ ប៉ុន្តែ​មាន​បញ្ជាក់​ថា ការ​វិវត្ត​ទៅ​មុខ​គឺ​អាស្រ័យ​នឹង​ព័ត៌មាន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ និង​ការ​ប្រុងប្រយ័ត្ន​ជាមុន៕