លោក សម រង្ស៊ី នឹង​ជួប​មន្ត្រី​ជប៉ុន​និយាយ​ពី​បញ្ហានយោបាយ​កម្ពុជា​

​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី នឹង​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ជួប​ជាមួយ​មន្ត្រី​អ្នកការទូត​ជប៉ុន ។​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង បង្ហើប​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ​លោក សម រង្ស៊ី ទំនងជា​អាច​លើកយក​បញ្ហានយោបាយ​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រីការទូត​ជប៉ុន​។ មុនពេល​លោក សម រង្ស៊ី គ្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​ជប៉ុន​នៅ​កម្ពុជា ជួយ​ពន្យល់​មេបក្ស​ប្រឆាំង កុំ​ឲ្យ​ចោទ​រដ្ឋាភិបាល​ថា​ប្រព្រឹត្ត​អំពើពុករលួយ​។​

​ក្រោយពី​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី លោក សម រង្ស៊ី នឹង​បន្តទៅ​ជួបពិភាក្សា​ជាមួយ​មន្ត្រីការទូត​ជប៉ុន មុននឹង​បញ្ចប់​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជប៉ុន លោក សម រង្ស៊ី ទំនង​នឹង​អាច​លើកយក​បញ្ហានយោបាយ​នៅ​កម្ពុជា​ទៅ​ជជែក​គ្នា ។ «​ជា​ការពិតហើយ​ព្រោះថា​កាលណា​យើង​ធ្វើ​អ្វីមួយ យើង​ត្រូវយក​រឿង​ពិត​មក​និយាយ​ពី​បច្ចុប្បន្នភាព និង​ស្ថានការណ៍​ទូទៅ បើ​អ្នកនយោបាយ​គឺ​ច្បាស់​ជា​និយាយ​ក្នុង​បែប​នយោបាយ​ហ្នឹងឯង​។ នេះ​ជាការ​បង្ហើប​ពី​លោក អេង ឆៃ​អៀង ដែល​បាន​បន្ថែមថា អនុប្រធាន​គណបក្ស​លោក កឹម សុខា ក៏​នឹង​ទៅ​ជួបគ្នា​ជាមួយ​លោក សម រង្ស៊ី នៅ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ដែរ​។​

​មុនពេល​ដែល​លោក សម រង្ស៊ី ចាក​ចេញពី​ប្រទេស​កម្ពុជា​នោះ លោក ហ៊ុន សែន បាន​រិះគន់​បក្សប្រឆាំង​ថា ចេះតែ​រិះគន់​តែ​មិនមាន​ការទទួលខុសត្រូវ ។ លោក ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជួយ​ពន្យល់​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល ទៅ​មេបក្ស​ប្រឆាំង​នូវ​ការរិះគន់​នានា​កន្លងមក​។ ជាពិសេស​រាល់​ជំនួយ​ពី​ប្រទេស​ជប៉ុន ដែល​រដ្ឋាភិបាល​បានទទួល​ផង​នោះ ត្រូវបាន​បក្សប្រឆាំង​វាយប្រហារ​លើ​រដ្ឋាភិបាល​ថា​ប្រព្រឹត្ត​អំពើពុករលួយ​។​

​ត្រង់ចំណុច​នេះ​លោក អេង ឆៃអ៊ាង ឆ្លើយតប​វិញ​ថា រាល់​ការរិះគន់​ទាក់ទង​នឹង​បញ្ហា​ថវិកា ដែល​បាន​ពី​ជំនួយ​បរទេស​នេះ  គឺ​គណបក្ស​លោក​លើកយក​ពី​ចំណុច​ខ្វះខាត ដែល​រដ្ឋាភិបាល​បាន​ប្រព្រឹត្ត​ពុករលួយ​ដោយ​ភាពជាក់ស្ដែង​។​មន្ត្រី​គណបក្សប្រឆាំង​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ធម្មតា​កាលណា​អ្វីដែល​យើង​មើលឃើញថា​មិន​ត្រឹមត្រូវ គឺ​យើង​តែងតែ​តែ​និយាយប្រាប់​ឲ្យ​ដឹង​។​គឺ​សកម្មភាព​ជាក់ស្ដែង ទិដ្ឋភាព​ជាក់ស្ដែង ការប្រព្រឹត្ត​ជាក់ស្ដែង ហើយ​បើ​យើង​អ្នកធ្វើ​ត្រឹមត្រូវ​មិន​ខ្វល់​នឹង​គេ​អ្នកដទៃ​និយាយ​ទេ​។ ដូចនេះ​បាន​ថា បើ​យើង​មិន​ចង់​ឲ្យ​អ្នកដទៃ​និយាយ យើង​ធ្វើ​ឲ្យ​ត្រឹមត្រូវ​ទៅ ដូច​ការ​គ្រប់​គ្រង់​ជំនួយ​ក្ដី ការ​គ្រប់​គ្រង់​ចំណូល​ក្នុងស្រុក​ក្តី​»​។

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​