បញ្ចាំ​ឡាន​ថៅកែ​១​គ្រឿង​លេងល្បែង​ចាញ់​អស់ បម្រុង​យក​ទៅ​បញ្ចាំ​១​គ្រឿង​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលិត​ដេញ​តាម​ស្ទាក់​រថយន្ត​ចាប់ខ្លួន​បាន ខណៈ​កំពុង​បើករថយន្ត​របស់​ថៅកែ​១​គ្រឿង​ទៀត​បម្រុង​យក​ទៅ​បញ្ចាំ​យក​លុយ​លេងល្បែង​បន្ទាប់​ពី​យក​១​គ្រឿង​ទៅ​បញ្ចាំ​លេងល្បែង​ចាញ់​អស់ ដែល​ហេតុការណ៍​​ដេញ​តាម​ចាប់​បាន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​២០៨ កែង​ផ្លូវភ្លោះ​អូរ​ឫស្សី ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​​៧មករា ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សេង ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​ម្នាក់ ស្នាក់​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ចំណែក​ម្ចាស់​រថយន្ត​ដែល​ជា​មន្ត្រី​គយ​មានឈ្មោះ ញឹ​ម សុខ​ណា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​​វិឡា​លេខ​៤១១ ផ្លូវ​លេខ​២០៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៥ មន្ត្រី​គយ​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ថា ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​គាត់​បាន​យក​រថយន្ត​របស់​គាត់​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2627 ទៅ​បាត់ បន្ទាប់​មក​ក៏​មក​យក​រថយន្ត​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-0270 ទៅ​ទៀត សូម​ឲ្យ​សមត្ថកិច្ច​ជួយ​តាម​រក បើ​ឃើញ​ជួយ​ស្ទាក់​ចាប់​ឲ្យ​ផង ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​ប្រកាស​តាម​វិទ្យ​ទាក់​ទង​ឲ្យ​តាម​បណ្ដា​សមត្ថកិច្ច​គ្រប់​ខណ្ឌ​ទាំង​អស់​តាម​មើល បើ​បាន​ឃើញ​រថយន្ត​ដូច​មាន​ភិន​ភាគ​ខាង​លើ ត្រូវ​ស្ទាក់​ចាប់​យក​មក​ធ្វើ​ការ​សាកសួរ​សិន ។ រហូត​ដល់​ម៉ោង​ប្រមាណ​ជា​៩​យប់​ថ្ងៃ​ដដែល សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលិត​ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​​ម៉ាក​ស៊ី​ណា​ខាងលើ ក៏​ដេញ​ស្ទាក់​ចាប់​បាន​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន​បាន ជនសង្ស័យ​ឈ្មោះ សេង ប៊ុ​ន​ធី បាន​សារភាព​ថា រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង​ត្រូវ​គេ​យក​ទៅ​បញ្ចាំ​បាន​៨៥០០​ដុល្លារ​យក​ទៅ​លេងល្បែង​ចាញ់​អស់ហើយ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ទៅ​យក​រថយន្ត​ម៉ាក​ស៊ី​ណា​នេះ​ដែល​មាន​តម្លៃ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​បម្រុង​យក​ទៅ​បញ្ចាំ​យក​លុយ​ទៅ​លេងល្បែង​ដើម្បី​ស្រង់​ដើម​វិញ តែ​ត្រូវ​សមត្ថកិច្ច​ឃើញ​ដេញ​ចាប់ខ្លួន​បាន​តែ​ម្តង ។

ក្រោយ​ពេលធ្វើការ​សាកសួរ​ជំហាន​ដំបូង​រួច សមត្ថកិច្ច​ក៏​បញ្ជូន​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​​ចាត់​ការ​តាម​នីតិវិធី​​ច្បាប់ ៕