វីរនារី​កីឡា​ប៉េតង់ កែ ឡេង ឈ្នះ​​មេដាយមាស​ពិភពលោក​មួយទៀត​ហើយ

កីឡាការិនី កែ ឡេង ឈ្នះមេដាយមាសពិភពលោក​ជាប់ៗគ្នាលើ​វិញ្ញាសាវាយយកពិន្ទុ។ រូបថត ហ្វេសប៊ុក May Ratanaកីឡាការិនី​ប៉េតង់ កែ ឡេង បានឈ្នះ​មេដាយមាស​ពីរលើកជាប់ៗគ្នា​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ Women’s Petanque World Championship បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ទុយ​នេ​ស៊ី Mouna Beji ក្នុង​លទ្ធផល ៣៣ ទល់នឹង២៥នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃទី៦ ខែវិច្ឆិកា នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

នេះ​ជាការ​ទទួលបាន​មេដាយមាស​ពីរលើកជាប់ៗគ្នា​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​របស់​កីឡាការិនី កែ ឡេង ដោយ​កាលពី​ឆ្នាំ២០១៣ គាត់​បានឈ្នះ​រួច​ម្តង​ទៅហើយ​នា​ការប្រកួត​នៅក្នុង​ទីក្រុង Montauban ប្រទេស​បារាំង។
 
 នៅមុន​ការឈាន​មកដល់​ការ​ឈ្នះ​មេដាយមាស​លំដាប់​ពិភពលោក នេះ កីឡាការិនី កែ ឡេង បានបញ្ចប់​ចំណាត់ថ្នាក់​លេខ៤ ក្នុងចំណោម​កីឡាការិនី៤១នាក់​នា​វគ្គ​ជម្រុះ ដោយ​ស្ថិត​នៅក្រោយ​កីឡាការិនី បារាំង ថៃ និង​ម៉ា​ដា​ហ្គា​ស្កា ខណៈ​កីឡាការិនី​កាណាដា អេ​ស្ប៉ា​ញ ទុយ​នេ​ស៊ី និង​ឡាវ ឈរ​ក្នុងចំណោម​ក្រុម​កំពូល​ក្រោយ​ការប្រកួត​ជម្រុះ​លើក​ទី​ពីរ។
 
នៅ​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ កែ ឡេង ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​កាណាដា Maryse Bergeron ហើយ​ទទួលបាន​ជ័យជម្នះ រហូតដល់ ៤០ទល់នឹង២១ ។ នៅ​វគ្គ១/២ផ្តាច់ព្រ័ត្រ កីឡាការិនី កែ ឡេង បាន​យកឈ្នះ​កីឡាការិនី​បារាំង Audrey Bandiera ក្នុង​លទ្ធផល ២៨ ទល់នឹង៩ ។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ គាត់​បាន​បំបាក់ កីឡាការិនី​ទុយ​នេ​ស៊ី Mouna Beji ក្នុង​លទ្ធផល ៣៣ ទល់នឹង២៥ ៕