រដ្ឋាភិបាល​​​​​​នឹង​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​សំបុត្រ​​​ចូល​​​ទស្សនា​​​​​​អង្គរវិញ

ចាប់​​​ពី​​​ឆ្នាំ​​​ក្រោយ​​​ទៅ​​​ រដ្ឋាភិបាល​​​នឹង​​​គ្រប់​​​គ្រង​​​ពេញ​​​លេញ​​​លើ​​​ឧទ្យានអង្គរ​​​ ដោយ​​​បញ្ចប់​​​សម្បទាន​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ឯកជន​​​សូគីមិុច​​​ ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​លក់​​​សំបុត្រ​​​ចូល​​​ទស្សនា​​​កន្លែង​​​ដ៏​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​ដ៏​​​ច្រើន​​​បំផុត​​​របស់​​​ប្រទេស​​​នេះ​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​ប្រកាស​​​អំពី​​​សេចក្តី​​​សម្រេច​​​េនះ​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​មួួយ​​​ដែល​​​បង្ហោះ​​​នៅ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ការ​​​សម្រេច​​​នេះ​​​ធ្វើ​​​ឡើង​​​តាម​​​សំណើ​​​របស់​​​ក្រុម​​​ហ៊៊ុន​​​ សុខា អូតែល​​​ ជា​​​សាខា​​​មួយ​​​របស់​​​ក្រុមហ៊ុន​​​សូគីមិុច ដែល​​​ម្ចាស់​​​​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​គឺ​​​លោក សុខ គង់ មាន​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​នឹង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​។

ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​បាន​​​និយាយ​​​ថា  “មាន​​​ដំណឹង​​​សំខាន់​​​មួយ​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ទូទាំង​​​ប្រទេស​​​ គឺ​​​ចាប់​​​ពី​​​ឆ្នាំ​​​ក្រោយ​​​២០១៦​​​ទៅ​​​ គឺ​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​នឹង​​​កាន​​​់កាប់​​​ចាត់​​​ចែង​​​គ្រប់​​​គ្រង​​​អង្គរ​​​វត្ត​​​ទាំង​​​មូល​​​រួម​​​ទាំង​​​បុគ្គលិក​​​ និង​​​ចំណូល​​​ចំណាយ​​​”។

សេចក្តី​​​ប្រកាស​​​បាន​​​បន្ត​​​ទៀត​​​ថា “តាម​​​សំណើ​​​ សុខា អូតែល​​​ រាជ​​​រដ្ឋាភិបាល​​​​​​បាន​​​សម្រេច​​​បញ្ចប់​​​កិច្ច​​​សន្យា​​​ស្តី​​​ពី​​​ការ​​​ប្រមូល​​​​​​ចំណូល​​​​​​ពី​​​ការ​​​លក់​​​សំបុត្រ​​​​​ចូល​​​ទស្សនា​​​អង្គរ​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​ សុខា អូតែល​​​”។

សេចក្តី​​​ប្រកាស​​​នោះ​​​បាន​​​និយាយ​​​ថា បុគ្គលិក​​​ធ្វើការ​​​បច្ចុប្បន្ន​​​ក្នុង​​​​ការិយាល័យ​​​លក់​​​សំបុត្រ​​​​​​​​​​​​​នៅ​​​អង្គរ​​​ នឹង​​​ទុក​​​ការងារ​​​របស់​​​ពួក​​​គេ​​​ដដែល​​​។

លោក សុខ គង់ មិន​​​អាច​​​ទាក់ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។ លោក​​​ ហឺុ ហេង អនុប្រធាន​​​ក្រុមហ៊ុន សូគីមិុច​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​។

រដ្ឋាភិបាល​​​បាន​​​ប្រគល់​​​សិទ្ធិ​​​លក់​​​សំបុត្រ​​​សម្រាប់​​​ឧទ្យាន​​​អង្គរ​​​ទៅ​​​ក្រុមហ៊ុន​​​ សូគីមិុច​​​ក្នុង​​​ឆ្នាំ​​​១៩៩៩​​​។ តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​​​​មាន​​​ការ​​​ិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​​​​ពី​​​អ្នក​​​នយោបាយ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​និយាយ​​​ថា សិទ្ធិ​​​ចូល​​​ប្រាសាទ​​​បូរាណ​​​ដែល​​​ផ្តល់​​​ប្រាក់​​​ចំណេញ​​​ច្រើន​​​ គួរ​​​ចាត់​​​ចែង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​។

ក្រោម​​​ការ​​​ព្រម​​​ព្រៀង​​​​​​របស់​​​ខ្លួន​​​ជាមួយ​​​រដ្ឋាភិបាល​​​ ក្រុមហ៊ុន​​​ សូគីមិុច​​​ ទទួល​​​បាន​​​១៥ភាគ​​​រយ​​​នៃ​​​ប្រាក់​​​ចំណូល​​​ដែល​​​ប្រមូល​​​បាន​​​ពី​​​ការ​​​លក់​​​សំបុត្រ​​​ និង​​​១៥ភាគ​​​រយ​​​សម្រាប់​​​មូលនិធិ​​​អភិរក្ស​​​ដើម្បី​​​អភិវឌ្ឍ​​​តំបន់​​​ជុំ​​​វិញ​​​ឧទ្យាន​​​បុរាណ​​​ប្រាសាទ​​​អង្គរ​​​ ចំណែក​​​ឯ​​​១០​​​ភាគ​​​រយ​​​ទៀត​​​ជា​​​ពន្ធ​​​បន្ថែម​​​​​​​​​​​​។ នៅ​​​សល់​​​៦០ភាគ​​​រយ​​​ត្រូវ​​​ចូល​​​រតនាគារ​​​ជាតិ​​​។

យោង​​​តាម​​​អាជ្ញាធរ​​​អប្សរា​​​ជា​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ដែល​​​គ្រប់​​​គ្រង​​​ឧទ្យាន​​​អង្គរ​​​​​​​​​ឲ្យ​​​ដឹង​​​ថា មាន​​​ភ្ញៀវ​​​ទេសចរ​​​បរទេស​​​២.០៥៩.៧០២​​​នាក់​​​មក​​​លេង​​​អង្គរ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ ដោយ​​​នាំ​​​មក​​​នូវ​​​ប្រាក់​​​ចំណូល​​​សរុប​​​​​​៥៩,៣៤លាន​​​ដុល្លារ​​​ពី​​​ការ​​​លក់​​​សំបុត្រ​​​ចូល​​​ទស្សនា។ លោក ឡុង​​​ កុសល អ្នក​​​នាំ​​​ពាក្យ​​​អាជ្ញាធរ​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​នេះ​​​បាន​​​កើន​​​ឡើង​​​បន្តិច​​​ក្នុង​​​រយៈ​​​ពេល​​​១០​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ​​​។

ប្រាក់​​​ចំណូល​​​ពី​​​ប្រាសាទ​​​រំពឹង​​​ថា នឹង​​​បន្ត​​​កើន​​​ឡើង​​​ ខណៈ​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ចាត់​​​ទុក​​​ទេសចរណ៍​​​ជា​​​ផ្នែក​​​សំខាន់​​​នៃ​​​ផែន​​​ការ​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​ ដោយ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ជា​​​ធម្មតា​​​ជាប់​​​លំដាប់​​​ក្នុង​​​ចំណោម​​​គោល​​​​​​ដៅ​​​ទេសចរណ៍​​​​​​និយម​​​បំផុត​​​លើ​​​ពិភព​​​លោក​​​។

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា រដ្ឋាភិបាល​​​លែង​​​ត្រូវ​​​ការ​​​ក្រុមហ៊ុន​​​ឯកជន​​​​​​គ្រប់​​​គ្រង​​​ដំណើរ​​​ការ​​​ដ៏​​​ធំ​​​ និង​​​ចំណេញ​​​ច្រើន​​​នេះ​​​ទៀត​​​ហើយ​​​ គឺ​​​ជា​​​ការ​​​ផ្លាស់​​​ប្តូរ​​​ដ៏​​​សំខាន់​​​ពី​​​ពេល​​​ដែល​​​ខ្លួន​​​បាន​​​ធ្វើ​​​ដៃ​​​គូ​​​ដំបូង​​​ជា​​​មួ​​យ​​​ក្រុមហ៊ុន សូគីមិុច​​​១៦​​​ឆ្នាំ​​​មក​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “តាំង​​​ពី​​​ដំបូង​​​ អង្គការ​​​ IMF និង​​​ធនាគារ​​​ពិភព​​​លោក​​​មិន​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ធ្វើ​​​ជំនួញ​​​​​​ទេ​​​ ពីព្រោះ​​​នៅ​​​ពេល​​​នោះ​​​រដ្ឋាភិបាល​​​​​​គ្មាន​​​ប្រាក់​​​ និង​​​គ្មាន​​​បទ​​​ពិសោធន៍​​​ ដូច្នេះ​​​ហើយ​​​រដ្ឋាភិបាល​​​បាន​​​រក​​ដៃ​​​គូ​​​ឯកជន​​​”។

លោក ផៃ ស៊ីផាន បាន​​​និយាយ​​​ថា ដោយ​​​ប្រាសាទ​​​អង្គរ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ជា​​​ជំនួញ​​​​​​​​​​​​​​​​ដ៏​​​ចំណេញ​​​ និង​​​មាន​​​ហានិភ័យ​​​តិច​​​តួច​​​នៃ​​​ការ​​​ខាត​​​បង់​​​ប្រាក់​​​នោះ​​​ ឥឡូវ​​​នេះ​​​រដ្ឋាភិបាល​​​​​​ត្រៀម​​​យក​​​មក​​​គ្រប់​​​គ្រង​​​វិញ​​​។

លោក​​​បាន​​​បន្ត​​​ទៀត​​​ថា “ស្ថិរភាព​​​នៃ​​​ជំនួញ​​​​​​បាន​​​លើក​​​ទឹក​​​ចិត្ត​​​រដ្ឋាភិបាល​​​។ ប្រាក់​​​ចំណូល​​​ ដោយ​​​មិន​​​បែង​​​ចែក​​​ទៅ​​​វិស័យ​​​ឯកជន​​​ វា​​​នឹង​​​ហូរ​​​ចូល​​​​​​ផ្នែក​​​រដ្ឋ​​​ទាំង​​​ស្រុង​​​។ ចំនួន​​​ប៉ុន្មាន​​​នោះ​​​​​​ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​”។

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា ប្រាក់​​​ចំណូល​​​បន្ថែម​​​នឹង​​​ត្រូវ​​​ប្រើ​​​ដើម្បី​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​បុគ្គលិក​​​រដ្ឋ​​​ ហើយ​​​ថា សេចក្តី​​​សម្រេច​​​េនះ​​​មិន​​​ទទួល​​​រង​​​សម្ពាធ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ឲ្យ​​​លុប​​​ចោល​​​កិច្ច​​​សន្យា​​​ជាមួយ​​​ក្រុមហ៊ុន សូគីមិុច​​​ទេ។

លោក ផៃ ស៊ីផាន បាន​​​និយាយ​​​ថា “​​​រឿង​​​នេះ​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​ប្រឆាំង​​​ទេ​​​។ គណបក្ស​​​ប្រឆាំង​​​គ្មាន​​​បទ​​​ពិសោធន៍​​​គ្រប់គ្រង​​​ប្រទេស​​​ទេ​​​”។

លោក ស៊ុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​បាន​​​អះ​​​អាង​​​យូរ​​​មក​​​ហើយ​​​ថា រដ្ឋ​​​ខាត​​​បង់​​​ប្រាក់​​​ចំណូល​​​រាប់​​​លាន​​​ដុល្លារ​​​ ដោយសារ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​មួយ​​​ក្រុមហ៊ុន សូគីមិុច​​​ ​​​សាទរ​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​សំបុត្រ​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​អប​​​អរ​​​ និង​​​ស្វាគមន៍​​​សេចក្តី​​​សម្រេច​​​េនះ បើ​​​ទោះ​​​ជា​​​រដ្ឋាភិបាល​​​ត្រូវ​​​ការ​​​ពេល​​​ដ៏​​​យូរ​​​ដើម្បី​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​ដើម្បី​​​កាន់​​​កាប់​​​ និង​​​គ្រប់​​​គ្រង​​​ប្រាសាទ​​​នេះ​​​វិញ​​​ក៏​​​ដោយ​​​​​​។ ប៉ុន្តែ វា​​​ជា​​​សេចក្តី​​​សម្រេច​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​ខ្ញុំ​​​ជឿ​​​យ៉ាង​​​មុត​​​មាំ​​​​​​ថា វា​​​នឹង​​​ផ្តល់​​​ប្រយោជន៍​​​​​​ច្រើន​​​ទៀត​​​ដល់​​​ប្រទេស​​​”។

ទោះ​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក ស៊ុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​មិន​​​គួរ​​​ឲ្យ​​​ក្រុម​​​ហ៊ុន សូគីមិុច​​​រួច​​ខ្លួន​​​ពី​​​អ្វី​​​ដែល​​​លោក​​​អះ​​​អាង​​​ថា ជា​​​ការ​​​គ្រប់​​​គ្រង​​​មិន​​​ត្រឹមត្រូវ​​​នៃ​​​ប្រាក់​​​កាស់​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ជឿ​​​ថា មាន​​​ការ​​​លួច​​​​​​ច្រើន​​​ ដែល​​​តម្រូវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​​​​ថ្វី​​​បើ​​​រដ្ឋាភិបាល​​​បាន​​​សម្រេច​​​ដក​​​ហូត​​​វា​​​ពី​​​ក្រុម​​​ហ៊ុន​​​នេះ​​​ក៏​​​ដោយ​​​”។

“រដ្ឋាភិបាល​​​គួរ​​​រក​​​ឲ្យ​​​ឃើញ​​​​​​ថា​​​តើ​​​មាន​​​ការ​​​លួច​​​បន្លំ​​​ប៉ុន្មាន​​​ក្នុង​​​រយៈ​​​ពេល​​​១៥​​​ឆ្នាំ​​​កន្លង​​​មក​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​របស់​​ក្រុមហ៊ុន​​​នេះ​​​ និង​​​បញ្ជា​​​ឲ្យ​​​ក្រុមហ៊ុន​​​នេះ​​​សង​​​មក​​​​​​វិញ​​​”៕និត (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)​​​

The post រដ្ឋាភិបាល​​​​​​នឹង​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​សំបុត្រ​​​ចូល​​​ទស្សនា​​​​​​អង្គរវិញ appeared first on ខេមបូឌា ដេលី.