ពលរដ្ឋ ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី «ងាយ​ស្រួល និង​សុក្រិត្យ»

ពលរដ្ឋខ្មែមួយចំនួន ដែលបានចូលរួមសាកល្បង ចុះឈ្មោះបោះឆ្នោត តាមរយៈកុំព្យូទ័រ បានសម្ដែងការសាទរថា ការចុះឈ្មោះនេះ ងាយស្រួល រហ័ស ត្រឹមត្រូវ ច្បាស់លាស់ និងមានសុក្រិតភាព។
ពលរដ្ឋ ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី «ងាយ​ស្រួល និង​សុក្រិត្យ»
ការចុះឈ្មោះបោះឆ្នោតសាកល្បង ក្នុងថ្ងៃទីមួយ នៅសង្កាត់ផ្សារដើមថ្កូវ សម្រាប់រាជធានីភ្នំពេញ។ (រូបថត monoROOM.info/ S. Tith)

ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធបច្ចេកវិទ្យាកំព្យូទ័រ ដ៏ទំនើបនេះ បាន​ថ្លែងថា វាមិនមានការលំបាក និងចំណាយពេលវេលាច្រើនឡើយ បើសិនជាពលរដ្ឋ ដែលគ្រប់អាយុ​បោះ​ឆ្នោត មានឯកសារគ្រប់គ្រាន់ មកជាមួយនោះ។

ពលរដ្ឋមកពីសង្កាត់ផ្សារដើមថ្កូវ លោក ហេង មានគាង បានថ្លែងទៅកាន់អ្នកយកព័ត៌មាន ឲ្យដឹងថា ឯកសារ​ដែលសំខាន់ជាងគេនោះ គឺ «អត្តសញ្ញាណបណ្ណ»។ លោកថា អត្តសញ្ញាណបណ្ណថ្មី ជាឯកសារមួយ ដែល​មានតម្លៃគ្រប់គ្រាន់ សម្រាប់ធ្វើការ​ចុះឈ្មោះបោះឆ្នោតបាន ដែលពីមុន ត្រូវមានអ្នកធានាជាដើម។ លោកថា «ការចុះឈ្មោះថ្មីនេះ ងាយស្រួលជាងគេ ព្រោះគេវាយចូលកុំព្យូទ័រ ហើយយើង អាចផ្ទៀងផ្ទាត់ឈ្មោះ​ខ្លួន​ឯង​ភ្លាមៗ នោះតែម្តង ដើម្បីឲ្យដឹងពីថ្ងៃខែឆ្នាំកំណើត និងឈ្មោះយើងខុស ឬត្រូវ។ (...) ពីមុនគេសរសេរ មិន​បាន​បង្ហាញយើង ហើយយើង ក៏មិនអាចមើល ដល់ចឹងទៅ វាអាចងាយនឹងខុសដែរ។»

ពលរដ្ឋម្នាក់ទៀត លោក ហោ លឺម រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវនេះដែរ បានទទួលស្គាល់ថា ការចុះ​ឈ្មោះ​នេះ មានលក្ខណៈងាយស្រួល សុក្រិតត្រឹមត្រូវ (លើសាវតា) និងរហ័សជាងមុន។ លោកបានថ្លែងបន្តថា ការ​មកចុះឈ្មោះនេះ មិនចាំបាច់មានអ្វីច្រើនទេ សម្រាប់លោកផ្ទាល់ មានតែអត្តសញ្ញាណប័ណ្ណមួយ និង​លិខិត​អញ្ជើញ ដែលចេញដោយសង្កាត់សាម៉ី។ លោក លឹម បានថ្លែងឲ្យដឹងថា៖ «មិនមានអ្វីពិបាកទេ។ មក​ដល់​ទទួល​ចំឈ្មោះភ្លាមៗតែម្តង។ (...) ខាងអាជ្ញាធរ ភូមិឃុំ គេបានចេញប័ណ្ណមួយតូច ឲ្យយើងមកចុះឈ្មោះ។ (...) ខ្ញុំជឿជាក់លើប្រព័ន្ធកុំព្យូទ័រ វាល្អជាងមុន។»

សូមបញ្ជាក់ថា ទាក់ទងនឹងការចុះឈ្មោះ តាមប្រព័ន្ធ្ធកុំព្យូទ័រនេះ ធ្លាប់ត្រូវបានអង្គការសង្គមស៊ីវិល ដែល​ធ្វើ​ការស្និត​នឹង​ការបោះឆ្នោតនេះ លើកឡើងថា ទោះបីកិច្ចការបោះឆ្នោតលើកនេះ ត្រូវបានធ្វើឡើង តាមការ​ចុះ​ឈ្មោះ តាមបែបបច្ចេកវិទ្យាថ្មីក៏ដោយ ក៏មិនប្រាកដថា អាចនឹងធ្វើឲ្យការបោះឆ្នោត នាពេលខាងមុខនេះ អាច​នឹងប្រព្រឹត្តិទៅដោយត្រឹមមត្រូវ និងយុត្តិធម៌យ៉ាងណានោះដែរ។ ហើយភាគច្រើននៃបញ្ហា អាចនឹង​កើត​ចេញ ពីបុគ្គលនៃអ្នកទទួលបន្ទុកការចុះឈ្មោះ នូវភាពមិនប្រក្រតីមួយចំនួន។

តែសម្រាប់ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងដោយទទួលស្គាល់ថា បើទោះយ៉ាងណា ក៏ការ​ចុះ​ឈ្មោះតាម«កុំព្យូទ័រ»នេះ វាជាជំហានដំបូង និងជាបទពិសោធន៍ទីមួយ សម្រាប់កំណែទម្រង់ការបោះឆ្នោត នៅ​កម្ពុជាដែរ។ លោកអះអាងដោយទំនុកចិត្តថា យ៉ាងណា ការចុះឈ្មោះសម្រាប់ការបោះឆ្នោតមួយនេះ ពិត​ជាអាចបម្រើ ឲ្យការបោះឆ្នោតមួយ មានភាពសេរី និងយុត្តិធម៌បាន ព្រោះមិនអាចលួចបន្លំ បោះឆ្នោតជំនួស និងគ្មានបញ្ជីឈ្មោះប៉ោងជាដើម។ លោកបានបន្ថែមដូច្នេះថា៖ «អ្វីដែលរំពឹងទុក គឺ គ.ជ.ប អាចនឹងទទួល​បាន ការចុះឈ្មោះផ្លូវការមួយ នៅទូទាំងប្រទេស ហើយនឹងអាចផលិតបាន នូវបញ្ជីបោះឆ្នោតថ្មីមួយ ដែល​សុក្រិត»។

អ្នកឃ្លាំមើល ការចុះឈ្មោះបោះឆ្នោតសាកល្បងនេះ បានទទួលស្គាល់ថា ការចុះឈ្មោះតាមកុំព្យូទ័រនេះ មាន​ភាពល្អ និងរលូនជាងលើកមុនៗ។ តែលោក បេ រិទ្ធា តំណាងគណបក្សមូលដ្ឋាន នៅតែធ្វើការរិះគន់ថា ការ​ចុះ​ឈ្មោះបោះឆ្នោត ដោយផ្អែកតែលើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៅតែអាចនឹងគ្មានភាពសុក្រិត។ លោក​បន្តថា ពិសេសជនជាតិបរទេសមួយចំនួន ដែលកាត់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ក៏មានសិទ្ធិចុះឈ្មោះ និង​​បោះឆ្នោតបានដែរនោះ។ លោកថា ដោយអំពើពុករលួយ អត្តសញ្ញាណប័ណ្ណខ្មែរនេះ អាចនឹងត្រូវ​បាន​ចេញ ឲ្យជនបរទេសជាបន្តទៀត ដោយមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមួយចំនួន។ ដូចនេះការចុះឈ្មោះ និង​ការ​បោះឆ្នោត នៅតែអាចនឹងគ្មានភាពសុក្រិត។

លោក វិទ្ធា បានថ្លែងបន្តថា៖ «អ្នក (ជនបរទេស) ដែលមកនៅ (កម្ពុជា) មិនបានធ្វើតាមផ្លូវ​ច្បាប់ពិត​ប្រាកដ... មានបញ្ហាពុករលួយ និងធ្វើអត្តសញ្ញាណប័ណ្ណឲ្យ វានឹងធ្វើឲ្យការចំឈ្មោះមិនសុក្រិត។»

ចំពោះលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានស្នើឲ្យរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ ដែលមានតួនាទី ចេញអត្តសញ្ញាប័ណ្ណ ជូនប្រជាពលរដ្ឋ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ អំពី​សាវតារបស់ប្រជាពលរដ្ឋ។ លោកបានថ្លែងឲ្យដឹងថា៖ «អត្តសញ្ញាណប័ណ្ណថ្មី វាមាន “ឈីប” មានអី.... ងាយ​ស្រួលក្នុងការបញ្ចាក់ នូវសាវតាពលរដ្ឋម្នាក់ៗ។ (...) អានេះហើយ វាសម្រួលឲ្យការចុះឈ្មោះ មានភាព​ស្រុក្រិត។»

រយៈពេល១៥ថ្ងៃ បន្តបន្ទាប់គ្នានេះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធកុំព្យូទ័រ គ្រាន់​តែជាការសាកល្បងប៉ុណ្ណោះ។ ហើយការចុះឈ្មោះពិតប្រាកដ និងចាប់ដំណើរការ ចាប់ពីខែមីនា ឆ្នាំ​២០១៦​ខាងមុខនេះ។ នេះបើតាមការអះអាង របស់លោក ស៊ិក ប៊ុនហុក ដដែល។

តាមមាត្រា៤៩ នៃច្បាប់បោះឆ្នោតថ្មី បានចែងថា គ.ជ.ប ត្រូវចេញបទបញ្ជា និងនីតិវិធី ដើម្បីឲ្យប្រជាពលរដ្ឋ ដែល«គ្មាន»លំនៅដ្ឋានច្បាស់លាស់ ដូចជាការធ្វើចំណាកស្រុកជាដើម អាចចុះឈ្មោះបោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតឃុំ-សង្កាត់ ដែលខ្លួនស្នាក់នៅ ក្នុងឃុំ-សង្កាត់នោះ។ ឯពលរដ្ឋ ដែលមានសិទ្ធិ​គ្រប់​គ្រាន់ ដើម្បីចូលរួមបោះឆ្នោតនោះ ទាល់តែមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ជាជនជាតិខ្មែរ និងមាន​សញ្ញាណ​ប័ណ្ណជាតិខ្មែរ ហើយមានអាយុ ១៨ឆ្នាំឡើង។ នេះបើយោង តាមមាត្រា៤៦ នៃច្បាប់បោះឆ្នោតថ្មី ដដែល​នេះ។

សូមរំលឹកថា កម្ពុជានឹងធ្វើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នាឆ្នាំ២០១៧ ឯ​ការ​បោះឆ្នោតថ្នាក់ ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តិទៅ នៅក្នុងឆ្នាំ២០១៨ខាងមុខដែរ៕