ម៉ុង ឬទ្ធី ពន្យល់​ពី​តួនាទី និង​ភារកិច្ច​របស់​ឧកញ៉ា


នៅក្នុងសន្និសីទតស៊ូមតិថ្នាក់ជាតិមួយ ដែលបានធ្វើឡើង ដើម្បីលើកកម្ពស់ គណនេយ្យភាព​សង្គម លើអភិបាលកិច្ច​ដី​ធ្លី និង​ធនធាន​ធម្មជាតិ នៅ​កម្ពុជា លោកសេដ្ឋី ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា មកពីគណបក្ស​ប្រជាជន​កម្ពុជា បានលើក​ឡើង ពីតួនាទី និង​ភារកិច្ច​​មួយ​ចំនួន​នៃ​ងារ​ឧកញ៉ាៗ ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​សង្គម។
ម៉ុង ឬទ្ធី ពន្យល់​ពី​តួនាទី និង​ភារកិច្ច​របស់​ឧកញ៉ា

លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា។ (រូបថត monoROOM.info/ S. Tith)

តើការធ្វើជាឧញ៉ា មានភារកិច្ចអ្វីខ្លះ? ឆ្លើយតប នឹងសំនួរនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា មក​ពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ យ៉ាងខ្លីថា៖ «ឧញ៉ា មានភារកិច្ចធ្វើកិច្ចការសង្គម ដូចខ្ញុំ​អញ្ចឹង»។​

ថ្លែង​ក្នុងឱកាស នៃសន្និសីទតស៊ូមតិថ្នាក់ជាតិមួយ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានធ្វើឡើង ដើម្បី​លើកកម្ពស់ គណនេយ្យភាព​សង្គម លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅកម្ពុជានោះ លោក​សេដ្ឋី ម៉ុង​ ឬទ្ធី បានថ្លែងពាក់ព័ន្ធ នឹង​ជម្លោះដីធ្លី ដែលកើតមានកន្លងមក ដែលលោកហៅថា បណ្ដាលមក​ពី​ការមិនយោគយល់គ្នា គ្មានការអនុគ្រោះ​គ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា ជូនកាលអ្នកទាមទារ បាន​ធ្វើការទាមទារខ្លាំងពេក ខ្លះខ្សោយពេក ចំណែកឯអ្នកមានអំណាចវិញ មិនធ្វើការអនុគ្រោះ ទៅដល់ប្រជា​ពលរដ្ឋ​នោះវិញទេ។

ជាបទពិសោធ៍របស់លោក ដែលជាប្រធានក្រុមហ៊ុនម្នាក់ ដែលបានរួចចំណែក ក្នុងការអភិវឌ្ឍន៍ ដូច​អ្នក​មាន​ប្រាក់ចំនួនទៀតដែរ លោកបានពន្យល់ថា៖ «អ្នកក្រនៅតាមទីជនបទ មិនដែលត្រូវការឡានទំនើបៗ ផ្ទះ​វីឡា​ធំៗ​ពេកនោះទេ ពួកគាត់ត្រូវការ តែផ្ទះសមរម្យរស់នៅ មានដីធ្លីសមល្មម មានការងារធ្វើ បើអាចមានកង់​ក៏​បាន ឬម៉ូតូក៏បាន»។ លោកបាននិយាយទៀតថា ដូច្នេះ បណ្តាអ្នកវិនិយោគធំៗ តោងសិក្សាឲ្យបានច្បាស់ ពី​ការ​រស់នៅរបស់អ្នកទាំងនោះ នៅពេលខ្លូនឯងចាប់ផ្តើមអភិវឌ្ឍន៍។

លោកម៉ុង ឬទ្ធី បានថ្លែងឲ្យដឹងទៀតថា ទោះជាលោកមិនសូវមានបុណ្យស័ក្តធំ និងអំណាចខ្លាំងក្លាក៏ដោយ តែលោកជាមនុស្សម្នាក់ ដែលដឹងពីទុក្ខធុរៈអ្នកក្រីក្រច្រើន។ លោកថា ទោះជាលោកមិនបានជួយពលរដ្ឋ ពេញ​មួយប្រទេសកម្ពុជា ក៏ដោយ តែអ្វីដែលលោកធ្វើ តាមលទ្ធភាព និងសិទ្ធិដែលលោកមានប៉ុណ្ណោះ។ អ្នក​មានប្រាក់រូបនេះ បានបញ្ជាក់ដែរថា លោកមិនចង់បានពាក្យសម្តីមិនល្អ ពីអ្នកក្រីក្រ នៅពេលលោកអស់​ជីវិត​នោះទេ លោកចង់ឲ្យកេរ្តិ៍ឈ្មោះ នៅមានយូរអង្វែង។

» ទស្សនាការថ្លែង របស់លោកឧកញ៉ា ម៉ុង ឬទ្ធី ទាំងស្រុង ដូចតទៅ៖


សូមជម្រាបជូនដែរថា លោកតា ឡឹក ម៉ាល់ ដែលជាជនជាតិដើមម្នាក់ មកពីខេត្តមណ្ឌលគិរី បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ពលរដ្ឋភាគតិចដូចលោក ត្រូវការការកស៊ីបែបធម្មជាតិ រួមមាន ចូលព្រៃជា ជ័រ បេះ​ដំណាំ​នៅ​ក្នុង​ព្រៃ យកទៅលក់ជាដើម។ តែបើព្រៃឈើត្រូវបានកាប់បំផ្លាញ ដោយស្នាដៃក្រុមអ្នក​មាន​ប្រាក់ មានអំណាច ហើយក្រុមប្រជាពលរដ្ឋ ដាក់ពាក្យប្តឹងទៅ បែរជាគ្មានដំណោះស្រាយ ពីអាជ្ញាធរ​មូលដ្ឋាន​នោះ ពួកគាត់មិនអាចរស់នៅ មានសេចក្តីសុខទេ។

» ទស្សនាការថ្លែង របស់លោក ឡឹក ម៉ាល់ ទាំងស្រុង ដូចតទៅ៖