រដ្ឋាភិបាល​ដក​សិទ្ធិ​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា​សុខ គង់​លែង​ឱ្យ​លក់​សំបុត្រ​ចូល​អង្គរ

រដ្ឋាភិបាល​ដក​សិទ្ធិ​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា​សុខ គង់​លែង​ឱ្យ​លក់​សំបុត្រ​ចូល​អង្គរ

រូបឯកសារ៖ ភ្ញៀវ​​ទេសចរ​ណ៍ឈរ​នៅ​ខាង​មុខ​​ប្រាសាទ​​អង្គរវត្ត​​នៅ​​ខេត្តសៀមរាប​នៃប្រទេសកម្ពុជា។រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​កិច្ច​សន្យា​ដែល​ផ្តល់​សិទ្ធិឱ្យ​ក្រុម​ហ៊ុន​សុខាអូតែល​របស់​លោក​ឧកញ៉ា​សុខ គង់​ដែល​មាន​សិទ្ធិ​​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ខេត្ត​សៀមរាប​បន្ទាប់​ពីក្រុម​ហ៊ុន​នេះ​បាន​គ្រប់​គ្រង​អស់​ជាច្រើន​ឆ្នាំ​និង​បាន​បង្កឱ្យ​មាន​ការតវ៉ា​ជាច្រើន​ពី​គណបក្ស​ប្រឆាំង​និង​សាធារណជន។​ វ៉ាស៊ីនតោន—

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​កិច្ច​សន្យា​ដែល​ផ្តល់​សិទ្ធិឱ្យ​ក្រុម​ហ៊ុន​សុខាអូតែល​របស់​លោក​ឧកញ៉ា​សុខ គង់​ដែល​មាន​សិទ្ធិលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ខេត្ត​សៀមរាប​បន្ទាប់​ពីក្រុម​ហ៊ុន​នេះ​បាន​គ្រប់​គ្រង​អស់​ជាច្រើន​ឆ្នាំ​និង​បាន​បង្កឱ្យ​មាន​ការតវ៉ា​ជាច្រើន​ពី​គណបក្ស​ប្រឆាំង​និង​សាធារណជន។​

សេចក្តី​ជូន​ដំណឹង​របស់ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នៅថ្ងៃសុក្រ​នេះ​ឱ្យ​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​ដកសិទ្ធិ​និង​កំពុង​រៀបចំ​បែបបទ​ដើម្បី​បង្កើត​សហគ្រាស​សាធារណៈ​រដ្ឋបាល​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលសម្រាប់​គ្រប់គ្រង​ដំណើរការ​ប្រមូល​ចំណូល​ពីការ​លក់​សំបុត្រ​នេះ​វិញ។ ​សហគ្រាស​សាធារណៈ​រដ្ឋបាល​នេះ​គ្រោងនឹង​ចាប់ផ្តើម​ដំណើរការ​ការងារ​របស់​ខ្លួននៅខែ​មករា ឆ្នាំ​២០១៦។

លោក​ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៃ ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​និង​ជា​អ្នក​នាំពាក្យ​បាន​បញ្ជាក​ប្រាប់​វីអូអេ​ថា៖

«អង្គរវត្ត​មិនមែន​គ្រាន់​តែ ​ជា​ទិសដៅ​នៃ​ពាណិជ្ជកម្ម​ទេ​គឺ​អង្គរវត្ត​ជាមោទនភាព​របស់​កម្ពុជា​ដែល​យើង​មាន​រូបជា​និមិត្តរូប​នៅលើ​ទង់ជាតិ​ដូច្នេះ​នៅក្នុង​ឱកាស​នេះ​សម្តេចអគ្គមហាសេនាបតី​តេជោហ៊ុន សែន​លោក​សម្រេច​ថា​នឹង​ឯកភាព​ជាមួយ​នឹង​ក្រុម​ហ៊ុន​ថា​ត្រូវ​តែ​រដ្ឋ​យក​មក​គ្រប់​គ្រងវិញ‍»។

ចំណូល​ដែល​បាន​មក​ពីការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​មាន​ចំនួន​ជាង​៤៧លាន​ដុល្លារ​ក្នុង​រយៈពេល​១០ខែ​ពីខែ​មករា​ដល់​ខែ​តុលាឆ្នាំ​២០១៥​នេះ។ រីឯអ្នក​ចូលទស្សនា​មាន​ចំនួន​ជិត​១,៧​លាន​នាក់។ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​អាជ្ញាធរជាតិអប្សរា។

លោក​ផៃ ស៊ីផាន​បាន​បន្ថែម​ដែរ​ថាបុគ្គលិក​ដែល​កំពុងធ្វើ​ការ​នៅ​តំបន់​អង្គរ​នាពេល​បច្ចុប្បន្ន​នឹង​មិន​មាន​ផល​ប៉ះពាល់​ទេ៖

«អ្វី ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​គឺ​ចំណូល​បាន​ច្រើន​ដោយសារ​រាជរដ្ឋាភិបាល​ឈប់​ចែក​រំលែក​នូវ​ប្រាក់​ចំណេញ​ដែល​កាលពីដើម​យើង​ធ្លាប់​ធ្វើ​ជាមួយ​នឹង​ឯកជន​ហើយ​ត្រូវ​បញ្ចប់​ហើ​យប្រាក់​ចំណេញ​ទាំងពួង​បាន​ចូល​ត្រង់​មក​ថវិការដ្ឋ​ដើម្បី​បំពេញ​បន្ថែម​នូវ​ថវិកាអភិវឌ្ឍន៍​ដទៃ​ទៀត​ក៏ដូចជាការ​ដំឡើង​ប្រាក់​បៀវត្សរ៍មន្ត្រីរាជការ‍»។​

ការគ្រប់​គ្រង​ប្រាសាទ​អង្គរ​វត្ត​ដោយ​ក្រុម​ហ៊ុន​ឯកជន​របស់​លោក​ឧកញ៉ា​សុខ គង់​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​តែងតែ​ទទួលរងការ​រិះគន់​ពី​គណបក្ស​ប្រឆាំង​ថា​មិន​មានការ​គ្រប់​គ្រង​ចំណូល​ត្រឹម​ត្រូវ​ហើយ​មាន​ការ​បន្លំ​ក្នុងការ​ផ្តល់​ចំណូល​ចូល​មក​រដ្ឋ​ប៉ុន្តែ​អាជ្ញាធរ​ជាតិ​អប្សរា​តែ​ងតែ​ប្រកែក។ បញ្ហា​នេះ​ក៏​បាន​ឡើង​កំដៅ​នៅ រាល់​ពេល​ជិត​បោះឆ្នោត​ជាតិម្តងៗ​ពី​សាធារណជន​ដែល​មិន​ចង់ឃើញ​ថៅកែ​ឯកជន​មក​គ្រប់គ្រង​យក​ចំណូលចំណេញផ្ទាល់​ខ្លួន​នោះឡើយ៕​