អាមេរិក​រឹត​បន្តឹង​សន្តិសុខ​នៅ​កន្លែង​ចេញ​ដំណើរ​នៅ​ព្រលាន​យន្តហោះ​បរទេស

អាមេរិក​រឹត​បន្តឹង​សន្តិសុខ​នៅ​កន្លែង​ចេញ​ដំណើរ​នៅ​ព្រលាន​យន្តហោះ​បរទេស

នៅ​ក្នុង​រូបភាព​ថត​កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ លោក Jeh Johnson ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ថ្លែង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កាលពីថ្ងៃ​សុក្រ​ ស.រ.អា.​បាន​ចាត់​វិធានការ​ដើម្បី​បង្កើន​សន្តិសុខ​នៅ​ឯ​ចំណត​យន្តហោះ​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា​ដែល​នៅ​ទីនោះ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ និង​ទំនិញ​ហោះ​មក​កាន់​ស.រ.អា. ​ទោះណា​ជា​ក្រុម​អ្នក​ស៊ើបអង្កេត​បន្ត​ការ​ស៊ើបអង្កេត​របស់​ពួកគេ​អំពី​ថា​តើ​គ្រាប់បែក​ជា​មូលហេតុ​នៃ​ការ​ផ្ទុះ​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​បាន​ធ្លាក់​នៅ​ក្នុង​ឧបទ្វីប Sinai កាលពី​សប្តាហ៍​មុន​នេះ​ឬ​យ៉ាង​ណា។​

លោក Jeh Johnson ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​មាន​ប្រសាសន៍​ថា​លោក​ចាត់​វិធានការ​ប្រុងប្រយ័ត្ន​ «ដោយ​មាន​ការ​ប្រុងប្រយ័ត្នបន្ថែម» ​ទៅ​លើ​ការ​តម្រូវ​ខាង​សន្តិសុខ​អាកាសចរណ៍​ដែល​មាន​ស្រាប់​នៅ​ឯ​អាកាសយានដ្ឋាន​ដែល​មាន​ជើង​ហោះ​យន្តហោះ​ដោយ​ផ្ទាល់​មក​កាន់​ស.រ.អា.។ លោក​មិន​បាន​បញ្ជាក់​អំពី​ឈ្មោះ​ចំណត​យន្តហោះ​ដែល​ស.រ.អា.នឹង​បង្កើន​កិច្ច​ការពារ​សន្តិសុខ​ទេ។

លោក​ Johnson បាន​មាន​ប្រសាសន៍​ថា​នឹង​មាន​ «ការ​ឆែកឆេរ​ថែម​ទៀត» នូវ​ឥវ៉ាន់​ដាក់​ក្នុង​យន្តហោះ ការ​វាយតម្លៃ​សន្តិសុខ​នៅ​ឯ​ព្រលាន​យន្តហោះ​ដែល​នឹង​ត្រូវ​ធ្វើ​ជាមួយ​ក្រុម​មន្ត្រី​បរទេស​ និង​ការ​ស្នើ​ផ្តល់​ជំនួយ​របស់​ស.រ.អា.​ដើម្បី​ពង្រឹង​សន្តិសុខ។

លោក​បាន​និយាយ​ថា​ ទីភ្នាក់ងារ​របស់​លោក​នឹង​បន្ត​វាយតម្លៃ​លើ​បញ្ហា​សន្តិសុខ​នៅ​ឯ​ចំណត​យន្តហោះ​បរទេស​និង «ពិចារណា​អំពី​ថា​តើ​ត្រូវ​មាន​ការ​កែប្រែ​បន្ថែម​ទៀត​ដែរ​ឬ​ទេ»៕