កំណើន​សេដ្ឋកិច្ច​ចិន​នឹង​មិន​សូវ​មាន​សារៈសំខាន់​នៅ​ក្នុង​ផែនការ​សេដ្ឋកិច្ច​ថ្មី

កំណើន​សេដ្ឋកិច្ច​ចិន​នឹង​មិន​សូវ​មាន​សារៈសំខាន់​នៅ​ក្នុង​ផែនការ​សេដ្ឋកិច្ច​ថ្មី

លោក Xu Shaoshi ​ប្រធាន​គណៈកម្មការ​អភិឌ្ឍន៍​ជាតិ​ និង​កំណែ​ទម្រង់​ ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​កំពង់ផែ​ Dalian របស់​ចិន កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។ចិន​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​ឲ្យ​ស្ថិត​នៅ​ពី​មធ្យម​ទៅ​ខ្ពស់​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២០ ​ក៏​ផែនការ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​របស់​ចិន​ នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការងារ ​ប្រាក់​កម្រៃ ​​​និង​តម្លៃ​ផលិតផល​ក្នុង​ទីផ្សារ។ ប៉េកាំង—

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ចិន​ផ្នែក​រៀបចំ​ផែនការ​សេដ្ឋកិច្ច​បាន​ថ្លែង​ថា ខណៈ​ដែល​ប្រទេស​ចិន​មាន​ការជឿជាក់​ថា​ ខ្លួន​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​ឲ្យ​ស្ថិត​នៅ​ពី​មធ្យម​ទៅ​ខ្ពស់​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២០ ​ក៏​ផែនការ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​របស់​ចិន​ នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការងារ ​ប្រាក់​កម្រៃ ​និង​តម្លៃ​ផលិតផល​ក្នុង​ទីផ្សារ។

លោក Xu Shaoshi ​ដែល​ជា​ប្រធាន​គណៈកម្មការ​អភិឌ្ឍន៍​ជាតិ​ និង​កំណែ​ទម្រង់​របស់​ចិន​បាន​និយាយ​ថា ខណៈ​ដែល​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ទៅ​លើ​សេដ្ឋកិច្ច​របស់​ចិន​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បន្ថយ​សំពាធ​នេះ ​ការ​ពង្រីក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​បន្ត​វិវត្ត​ទៅ​មុខ​ក្នុង​ល្បឿន​ដ៏​សម​ស្រប​មួយ។

លោក Xu បាន​បន្ថែម​ថា «ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ធ្វើ​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ឲ្យ​ស្ថិត​នៅ​ពី​មធ្យម​ទៅ​ខ្ពស់​ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ល្បឿន​នៃ​កំណើន​នេះមិនមែន​ជា​រឿង​តែ​មួយ​គត់​ដែល​យើង​នឹង​ព្រួយបារម្ភ​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ការពិត យើង​នឹង​កាន់​តែ​មាន​ការ​ព្រួយបារម្ភ​ជាង​នេះ​ទៅ​ទៀតលើ​បញ្ហា​ការងារ ប្រាក់​កម្រៃ ​និង​តម្លៃ​ផលិតផល​ក្នុង​ទីផ្សារ»។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ផ្តោត​លើ​គោលដៅ​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​សង្គម​របស់​រដ្ឋាភិបាល​ចិន ​នៅ​ក្នុង​រយៈពេល​៥ឆ្នាំ​ខាង​មុខ​នេះ លោក Xu បាន​ថ្លែង​ថា ​ការ​ច្នៃប្រឌិត​ថ្មី​ក៏​ជា​គន្លឹះ​សំខាន់​មួយ​ដែរ។ ​

លោក Xu ​បាន​ថ្លែង​ថា​ «ឧបសគ្គ​ធំ​បំផុត​មួយ​ដែល​ប្រទេស​ចិន​កំពុង​ប្រឈមគឺការ​គ្រប់គ្រង​លើ​គម្លាត​ចំណូល​មធ្យម​មួយ​ ហើយ​មធ្យោបាយ​គន្លឹះ​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ​គឺ​ការ​ច្នៃប្រឌិត​ថ្មី»។
កំណើន​សេដ្ឋកិច្ច​បាន​ក្លាយ​ជា​ចំណុច​គោល​មួយ​ដែល​គណបក្ស​កាន់​អំណាច​កុម្មុយនិស្ត​ចិន​បាន​ប្រើប្រាស់​ដើម្បី​បង្ហាញ​ពី​ភាពជោគជ័យ​ ដែល​បាន​អះអាង​ក្នុង​ការ​គ្រប់គ្រង​តំណែង​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លំដាប់​ទី​២​លើ​ពិភពលោក។ ​តួនាទី​របស់ចិន​ជា​រោងចក្រ​របស់​ពិភពលោក ​និង​ការ​នាំ​ចេញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ គឺ​ជា​កត្តា​ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​។

ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​នេះ​ មាន​ការ​ដំឡើង​ប្រាក់​កម្រៃ​ក្នុង​ប្រទេស​ចិន​ហើយ​រោងចក្រ​មួយចំនួន​បាន​ផ្លាស់​ទៅ​ប្រទេស​ដែល​មាន​តម្លៃ​ពលកម្ម​ថោក​ជាង​នេះ ប្រទេស​ចិន​កំពុង​តែ​ព្យាយាម​រក​មធ្យោបាយ​ដើម្បី​ប្រែ​ក្លាយ​ខ្លួន​ឲ្យ​លើស​ពី​តំណែង​ជា​រោងចក្រ​របស់​ពិភពលោក។ ​

លោក Xu បាន​និយាយ​ថា ​បន្ថែម​ពី​លើ​ការ​ច្នៃប្រឌិត ​ប្រទេស​ចិន​នឹង​បើក​ចំហ​ទីផ្សារ​របស់​ខ្លួន​សម្រាប់​ការ​វិនិយោគ​បរទេស។ ការ​បើក​ចំហ​ទីផ្សារ​នេះ ​ធ្វើឲ្យ​មាន​ការ​កើនឡើង​នូវ​ការ​ព្រួយបារម្ភ​ពី​សំណាក់​សហគ្រាស​អន្តរជាតិ។ ផែនការ​នេះ​នឹង​ព្យាយាម​សម្រួល​គម្លាត​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឲ្យ​បាន​ល្អ​ជាង​មុន ពី​ប៉ែក​ខាង​ជើង​ដល់​ប៉ែក​ខាង​ត្បូង ​និង​ប៉ែក​ខាង​កើត​ដល់​ប៉ែក​ខាង​លិច ​និង​ដោះស្រាយ​បញ្ហា​នៃ​ការ​អភិវឌ្ឍ​ដែល​ជួយ​រក្សា​បរិស្ថាន​ឲ្យ​បាន​ល្អ​ និង​ស្អាត​ជាង​មុន។

លោក Xu បាន​ថ្លែង​ថា «ការ​តវ៉ា​ដ៏​ខ្លាំងក្លា​ និង​សំណើ​ពី​សំណាក់​សាធារណ​ជន​ ក្នុង​ការ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ល្អ​ជាង​មុន ​ទាមទារ​ឲ្យ​យើង​បន្ត​អនុវត្ត​គោលនយោបាយ​ជាតិ​មូលដ្ឋាន​ ដែល​លើក​ទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ការពារ​បរិស្ថាន​ផង​ដែរ»។​

លោក Xu មិន​បាន​បញ្ជាក់​អំពី​មុខ​ព្រួញ​កំណើន​សេដ្ឋកិច្ចរបស់​ប្រទេស​ចិន​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​ថា​ជា​អ្វី​នោះ​ទេ។ ភ្លាមៗ​បន្ទាប់​ពី​សន្និសីទ​កាសែត​ត្រូវ​បាន​បញ្ចប់​ ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋ​ ស៊ីនហួរ ​បាន​ឲ្យ​ដឹង​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​៦,៥ភាគរយ នឹង​ក្លាយ​ជា​អត្រា​កំណើន​សេដ្ឋកិច្ច​ដែល​អាច​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ។

ថ្វី​ត្បិត​តែ​មន្រ្តី​មួយ​ចំនួន​ជឿជាក់​ថា​ កំណើន​សេដ្ឋកិច្ច​ចិន​នឹង​មិន​អាច​ធ្លាក់​ចុះ​ខ្លាំង​យ៉ាង​ឆាប់រហ័ស​ក៏​ដោយ​ ក៏​អ្នកវិភាគ​មួយ​ចំនួន​មាន​ជំនឿ​ថា ​ប្រទេស​ចិន​កំពុង​តែពន្លើស​តួលេខ​របស់​ខ្លួន​ និង​ថា​ការ​ពង្រីក​សេដ្ឋកិច្ចរបស់​ចិន​បាន​ធ្លាក់​ចុះ​ក្រោម​អត្រា​នោះ​រួច​ទៅ​ហើយ។ អ្នកខ្លះ​ទៀត​ជឿ​ថា​ ទោះបី​ជា​សេដ្ឋកិច្ច​របស់​ចិន​មិន​ធ្លាក់ចុះ​ក្នុង​ពេល​នេះ ក៏​វា​អាច​ធ្លាក់​ចុះ​ខ្លាំង​ជាង​នេះ​នៅ​ពេល​ក្រោយ ដោយ​អ្នក​ខ្លះ​ព្យាករណ៍​ថា អត្រាកំណើន​សេដ្ឋកិច្ច​ចិន​អាច​នឹង​ធ្លាក់ចុះ​ដល់​ប្រមាណ​៥ភាគរយ​ត្រឹម​ឆ្នាំ​២០២០៕ ​

ប្រែ​សម្រួល​ដោយ​ហុង ចិន្តា