ជម្រើសជាតិ ចាញ់ក្រុម African All Stars ២-១ ខណៈ អ៊ុំ សេរីរ័ត្ន រងរបួសធ្ងន់

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលរង ការបរាជ័យវិញម្ដង ក្រោមថ្វីជើងក្រុម African All Stars ដោយលទ្ធផល ២-១ នៅក្នុងជំនួបមិត្តភាពកាលពីល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ គ្រាដែលអ្នកចាំទីដៃស្អិតវ័យក្មេង អ៊ុំ សេរីរ័ត្ន រងរបួសធ្ងន់ ពេលប៉ះទង្គិចជាមួយកីឡាករស្បែកខ្មៅក្នុងការប្រកួតកម្ដៅសាច់ដុំនោះ ។

ការប្រកួតនេះនៅវគ្គទី១ ក្រុមជម្រើសជាតិកម្ពុជា បានស៊ុតបំប៉ោងសំណាញ់ទីក្រុម African All Stars ដើម្បីនាំមុខមុន ប៉ុន្តែនៅចុងវគ្គទី១ កីឡាករអាហ្វ្រិកនៃក្រុមមិនអាជីពមួយនេះ បានតាមស្មើ ១-១ រហូតចប់វគ្គទី១ ។ នៅវគ្គទី២ ក្រុមកម្ពុជា មិនអាចបន្ថែមគ្រាប់បាល់ឡើយ តែត្រូវកីឡាករអាហ្វ្រិក រកបានគ្រាប់បន្ថែម ១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជំនះតែម្ដង ។

គួរបញ្ជាក់ថា នេះជាការប្រកួតកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា មុននឹងចេញទៅប្រកួតជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងជំនួបជើងទី២ វគ្គជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី នាថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ បន្ទាប់មកទើបកម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ក្រុមខ្លាំងជប៉ុនវិញម្ដង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដដែល ។

ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺជំនួបមិត្តភាពកម្ពុជា-African All Stars បានធ្វើឲ្យអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា គឺកីឡាករវ័យក្មេង អ៊ុំ សេរីរ័ត្ន រងរបួស ហើយអាចនឹងរបួសធ្ងន់ទៀតផង ។ នេះបើតាមការបញ្ជាក់របស់អ្នកគាំទ្រ ដែលបានទស្សនាផ្ទាល់ ។ លើសពីនេះ បន្ទាប់ពី អ៊ុំ សេរីរ័ត្ន រងរបួសបែរជាគ្មានប្រងការសម្រាប់ សែងទៅវិញ ដូច្នេះគ្រូជំនួយជម្រើសជាតិ ក៏ចេញយុទ្ធនាការអៀវ សេរីរ័ត្ន មកសម្រេចនៅនាទីទី៥១ ៕

ជម្រើសជាតិ ចាញ់ក្រុម African All Stars ២-១ ខណៈ អ៊ុំ សេរីរ័ត្ន រងរបួសធ្ងន់

រូបភាពប្រកួតនាពេលកន្លងមក

ជម្រើសជាតិ ចាញ់ក្រុម African All Stars ២-១ ខណៈ អ៊ុំ សេរីរ័ត្ន រងរបួសធ្ងន់