ការដ្ឋានសង់​ប្រព័ន្ធ​លូ​​ថ្មី​នៅ​ផ្ដុំ​ផ្សារ​ដើម​គ នឹង​ចាប់​ផ្ដើម​​ពី​ថ្ងៃ១០វិច្ឆិកា

គ្រោះលិចទឹក នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅម្ដុំផ្សារដើមគរ ទំនងជាអាចកាត់បន្ថយ ជាមួយនឹងគម្រោង​សាង​សង់​លូ​មួយ​ខ្សែ ដែល​នឹង​ចាប់​ផ្ដើម​ការដ្ឋាន​របស់​ខ្លួន នៅ​សប្ដាហ៍​ក្រោយ​នេះ។
ការដ្ឋានសង់​ប្រព័ន្ធ​លូ​​ថ្មី​នៅ​ផ្ដុំ​ផ្សារ​ដើម​គ នឹង​ចាប់​ផ្ដើម​​ពី​ថ្ងៃ១០វិច្ឆិកា
ការដាក់ប្រព័ន្ធលូ និងការលិចទឹក ដោយសារទឹកភ្លៀង ក្នុងតំបន់មួយ នៃរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

ការដ្ឋានសាងសង់ប្រព័ន្ធលូទឹកមួយ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងត្រូវបើកធ្វើ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះទៅ សម្រាប់រយៈពេល៣ខែ។ នេះបើតាមការអះអាង របស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅក្នុងជំនួបមួយ ដែលធ្វើឡើងរវាងពលរដ្ឋ អភិបាល​ខណ្ឌ​ទួលគោក និងមន្ត្រីសាធារណៈការ និងដឹកជញ្ជូន។

ក្នុងអង្គប្រជុំ ដែលប្រព្រឹត្តិទៅ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងសាលាសង្កាត់ផ្សារដើមគ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ ដែលមានបណ្ដោយប្រវែង ១០០៥ម៉ែត្រនេះ ជា​ថវិកា​ជំនួយ​ថវិកា របស់សាលារាជធានីភ្នំពេញ។

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ឲ្យដឹងផងដែរថា ការដ្ឋានសាងសង់មួយនេះ អាចមានរយៈពេលកំណត់ ប្រមាណ​ជា៣ខែ ទើបអាចរួចរាល់។ តែលោកមិនបានចាំថា នឹងត្រូវចំណាយថវិកា អស់ប៉ុន្មាននោះទេ។ លោក​បានសំនូមពរ ឲ្យពលរដ្ឋជួយផ្សព្វផ្សាយបន្ត ទៅដល់ប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារដើមគ ដើម្បី​ឲ្យ​មាន​ការចូលរួមសហការ ក្នុងការសាងសង់បណ្ដាញបណ្ដោះទឹក ដែលពោរពេញដោយ​ការ​ទន្ទឹង​រងចាំ។

អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ប្រព័ន្ធលូ​ខាង​លើ នឹងមានទំហំលូ១ម៉ែត្រកន្លះ (អង្កត់ផ្ចិត) ហើយមានប្រវែងបណ្ដោយ សរុប១០០៥ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ផ្សារដើមគរ។ បើតាមប្រសាសន៍ របស់លោក សាំ ពិសិដ្ឋ ក៏ដូចជាលោក ឯក ឃុនឌឿន បានបញ្ជាក់​ដូច​គ្នា​ថា ការសាងសង់ទាំងអស់នេះ ត្រូវការការសហការធំបំផុត ពីអាជីវករក្នុងផ្សារដើមគ។ ជាពិសេស គឺ​អាជីវករ​ធ្លាប់​តែ​លក់ដូរ នៅលើផ្លូវ៣៣៦ ឲ្យយោគយល់ជួយគ្នា ក្នុងគម្រោងនេះ ឲ្យបានសម្រេចផងដែរ៕