សម រង្ស៊ី បង្ហាញ​វីដេអូ​នៃ​«ការ​វាយ​ប្រហារ​តាម​បែប​"ហ្វាស៊ីស"»

ក្រោយពីការអះអាង របស់សមត្ថកិច្ចជំនាញពាក់ព័ន្ធមួយចំនួន នៃក្រសួងមហាផ្ទៃ ដែលប្រកាស​ថា​«ពិបាក» នឹង​ស្វែង​រក​ជន​ដៃ​ដល់ ព្រោះតែគ្មានអត្តសញ្ញាណនោះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ចេញ​នូវឃ្លីប​វីដេអូ​ថ្មី ដែល​ទំនង​ជា​ថត ដោយ​កាមេរ៉ា​សុវត្តិភាព​របស់​រដ្ឋសភា ជូនសាធារណៈជន តាមទំព័រ​ហ្វេសប៊ុក​របស់​លោក។
សម រង្ស៊ី បង្ហាញ​វីដេអូ​នៃ​«ការ​វាយ​ប្រហារ​តាម​បែប​"ហ្វាស៊ីស"»
លោក ញ៉យ ចំរើន និងលោក គង់ សុភា តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនារាជធានីបាងកក។ (រូបថត HRW)

នៅអមនឹង​វីដេអូ ដែលបង្ហោះនៅយប់ម៉ោង ២០ និង៣២នាទី ថ្ងៃទី២ ខែវិច្ឆិកានេះ លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ គ្រាន់តែសរសេរ ដោយមិនលំអិតអ្វីច្រើន ថា៖ «វីដេអូ បង្ហាញអំពីការវាយប្រហារ តាម​បែបហ្វាស៊ីស កាលពីថ្ងៃ ២៦ តុលា ២០១៥ ដោយក្រុមមនុស្សពាលស៊ីឈ្នួល មកលើអ្នកតំណាងរាស្ត្រ គណបក្ស​ប្រឆាំងពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សុភា ក្នុងរាជធានីភ្នំពេញ ជាប់របងរដ្ឋសភា»។

រីឯលោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប បានយកវីដេអូនេះ ទៅចែករំលែកបន្ត នៅលើ​គណនី​របស់លោក ដោយបានសរសេរបន្តថា បាតុករដែលវាយតំណាងរាស្រ្ត  មិនស្គាល់អត្តសញ្ញាណឡើយ តែ​ជា​ក្រុម ដែលចេញពីហ្វូងបាតុករ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងទៀតថា ក្រុម​បាតុករ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជានោះ បាននាំគ្នាវាយបំបែកកញ្ចក់ឡាន ដោះ «Lock» រួច​ទាញ​តំណាង​រាស្រ្ត ចេញពីក្នុងឡាន មកវាយយកៗ។

លោក អ៊ុំ សំអាន បានសរសេរបន្តថា៖ «យោងតាម Video Clip នេះ ជនដៃដល់ចេញពីហ្វូងបាតុកម្ម គាំទ្រ​គណបក្សប្រជាជន ដែលបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ យង់ឃ្នងវាយទាត់ធាក់ មកលើតំណាងរាស្រ្ត ដែល​មានអភ័យឯកសិទ្ធិសភា»។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំកិច្ចសម្ភាស ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញបញ្ហានៃអំពើហិង្សា និងការស្វែងរកចាប់ខ្លួន ជនដៃដល់ទាំងនោះ បាននៅឡើយ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ តែតាមការចុះ​ផ្សាយ របស់សារព័ត៌មានក្នុងស្រុកមួយចំនួន បានឲ្យដឹងថា សមត្ថកិច្ចមានភាពពិបាក ក្នុងការប្រមូល​ភស្តុតាង តាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងករណីវាយតំណាងរាស្រ្ត មកពីបក្សប្រឆាំង។

តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ អ្នកស្រី មួ សុខហួរ បានចំអក តាមរយៈវីដេអូឃ្លីបបន្ថែមនេះ ទៅ​កាន់ក្រុមសមត្ថកិច្ចថា៖ «តើភស្តុតាងប៉ុណ្ណឹងគ្រប់គ្រាន់ឬនៅ? ភស្តុតាងនេះ វីដេអូនេះ គឺដូចទៅនឹង​អ្វីដែល​លោក ញ៉យ ចំរើន បាននិយាយប្រាប់ អង្គការសិទ្ធិមនុស្សអន្តរជាតិ។»

ក្នុងអំឡុងពេលនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហាក់ដូចជាស្ងប់ស្ងាត់ មិនបាន​បញ្ចេញ​មតិអ្វី ក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងក្រុមជនដៃដល់ ដែលបង្កហិង្សាលើតំណាងរាស្រ្ត ដែលមានអភ័យឯកសិទ្ធិនោះឡើយ។ លោកដូចជាបង្ហាញ តែពីទស្សនៈពាក់ព័ន្ធនឹងការដកតំណែង លោក កឹម សុខា ពីអនុប្រធានទីមួយ នៃរដ្ឋសភាប៉ុណ្ណោះ។

ចំណែកលោក ខៀវ សុភ័ក្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងដូច្នេះថា៖ «រហូតមកដល់​ពេល​នេះ យើងមិនទាន់ដឹងថា អ្នកណាជាជនល្មើសបានទេ។ យើងកំពុងស្វែងរក មុខជនបង្កបន្តទៀត។»

មន្រ្តីម្នាក់ដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា បានលើកឡើងដោយសុំលាក់ឈ្មោះថា សកម្មភាព​ទាំង​នោះ ត្រូវបានធ្វើឡើង ដោយក្រុមបាតុករមួយចំនួន ដែលមកគាំទ្រគណបក្សប្រជាជនកម្ពុជាមែន។ លោក​ថា ហើយក្រុមនោះបានសម្តែងជា«កំហឹង និងហិង្សាដោយជ្រុលហួស និងមិនអាចត្រឡប់ក្រោយបាន»៕


» សូមទស្សនាវីដេអូដូចខាងក្រោម៖