សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​ឡាន​ទាហាន​បង្កប់​ឈើ​គ្រញូង​បម្រុង​លោត​ឆត្រ​ទៅ​វៀតណាម

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ រួម​មាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​, សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខ្វាវ​,​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង់ក្តី ,​កម្លាំង​នគរបាល​ស្រុក​ជីក្រែង កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង បាន​ធ្វើការ​ពួក​ស្ទាក់​រហូត​ឈាន​ដល់​ចាប់​បាន​រថយន្ត​បង្កប់ ដឹកឈើ​គ្រញូង បម្រុង​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ខណៈ​ដែល​មាន​តម្លៃ​ទីផ្សារ​ខ្ពស់ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច​មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង់ក្តី ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​រថយន្ត​ត្រេ​អ៊ី​ជា​របស់​ទាហាន​ម្នាក់ ។

លោក​សូ ផល្លា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​បាន​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ពី​សហការ​ជាមួយ​សមត្ថកិច្ច និង​កម្លាំង​ជំនាញ ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​អ្នកបើកប​រថយន្ត​ដឹកឈើ​ប្រណីត​ម្នាក់​ជា​បណ្តោះអាសន្ន ព្រមទាំង​រថយន្ត​ម៉ាក​ត្រេ​អ៊ី គ្មាន​ស្លាក​លេខ​ផង​ដែរ ។

លោក​បន្ត​ថា បន្ទាប់​ពី​បាន​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​រថយន្ត​រួច រក​ឃើញ​មាន​ឈើ​គ្រញូង​ដែល​បាន​បង្កប់​នៅ​ខាងក្រោម ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ធ្វើការ​ឆែកឆេរ​ក្នុង​រថយន្ត​រួច​មក ក៏​ធ្វើការ​រាប់​និង​ថ្លឹង​ឃើញ​មាន​ចំនួន​៦៦​ដុំ ស្មើនឹង​៧៦០​គីឡូក្រាម ។

បច្ចុប្បន្ន​រថយន្ត និង​ឈើ​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង ចំណែក​អ្នកបើកបរ ត្រូវ​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕