បឹងកេត ប៉ះណាហ្គា ម៉ោង ៦ល្ងាចនេះ ដើម្បី ដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ MCL-2015

ភ្នំពេញៈ តើក្រុមបឹងកេតអង្គរ អាចសងសឹកក្រុមណាហ្គាវើល ដើម្បីឡើងទៅជួបក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រនៃពាន MCL-2015 រដូវកាលថ្មីនេះបានទេ បើជើងទី១ ក្រុមណាហ្គាវើល បំបាក់ម្ចាស់ទឹកដីបឹងកេតអង្គរ ៣-១ ទៅហើយនោះ?

ជំនួបកាត់សេចក្ដីជើងទី២ ដែលជាការប្រកួតដ៏តឹងតែងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមណាហ្គាវើល និងក្រុមបឹងកេតអង្គរនេះ នឹងធ្វើឡើងនាវេលាម៉ោង ៦ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ នេះជាការប្រកួតដ៏សំខាន់ ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ទន្ទឹងរង់ចាំទស្សនា ដើម្បីចង់ដឹងថា ក្រុមណានឹងដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ បើសុទ្ធតែជាក្រុមខ្លាំងដូចគ្នាបែបនេះ ។

នៅក្នុងរដូវកាលថ្មីនេះ ក្រុមណាហ្គាវើល និងបឹងកេត ធ្លាប់ជួបគ្នា ៣លើករួចមកហើយ ក្នុងនោះក្រុមបឹងកេតអង្គរ បានយកឈ្នះ ២ប្រកួតជាប់គ្នាក្នុងវគ្គសន្សំពិន្ទុ ដោយជើងទី១ ឈ្នះ ២-១ និងជើងទី២ ឈ្នះ ១-០ ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីជើងទី១ បែរជាក្រុមណាហ្គាវើល វាយបកយកឈ្នះ ៣-១ វិញ ធ្វើឲ្យក្ដីសង្ឃឹមឡើងទៅវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមបឹងកេត ត្រូវកាត់បន្ថយ ។

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកបឹងកេត បានលើកឡើងថា ជំនួបជើងទី២ល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់ដែលក្រុមលោកត្រូវតែធ្វើឲ្យល្អបំផុត ទើបបឹងកេតមានឱកាសឡើងវគ្គបន្ដ ។ ដោយបឹងកេត ធ្លាប់របូត ៣គ្រាប់នៅលើទឹកដីខ្លួនឯង ខណៈរកបានតែ១គ្រាប់នោះ ជំនួបកាត់សេចក្ដីល្ងាចនេះ បឹងកេត គឺត្រូវការរកឲ្យ២គ្រាប់ឡើងលើ ទើបមានសង្ឃឹម តែក៏ត្រូវការពារមិនឲ្យរបូតគ្រាប់បាល់បន្ដដែរ ។

លោកបញ្ជាក់ថា «មិនមែនជារឿងងាយស្រួលនោះទេ ដែលយើងត្រូវរកឲ្យបាន២គ្រាប់ ឬ ៣គ្រាប់នោះ ព្រោះក្រុមណាហ្គាវើល ក៏មានទម្រង់លេងល្អមិនធម្មតាដែរ ។ ប៉ុន្ដែកីឡាករគ្រប់រូប បានត្រៀមចិត្តត្រៀមកាយរួចហើយ ដោយប្ដេជ្ញាចិត្តលេងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជំនះ និងឡើងទៅវគ្គបន្ដ» ។

ចំណែកលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានបញ្ជាក់ថា ទោះបីក្រុមលោកធ្លាប់ឈ្នះបឹងកេត ៣-១ ក៏ពិតមែន ប៉ុន្ដែក្ដីសង្ឃឹមឡើងទៅវគ្គផ្ដាច់ព្រ័ត្ររបស់លោក គឺមានតែ ៥០%ប៉ុណ្ណោះ ព្រោះលោកមិនទាន់ដឹងថា លទ្ធផលការប្រកួតជើងទី២នឹងទៅជាយ៉ាងណានោះទេ ។ ប៉ុន្ដែលោកមានជំនឿចិត្តថា ក្រុមណាហ្គាវើល នឹងឈ្នះប្រសិនបើកូនក្រុមរបស់ខ្លួន លេងសហការគ្នាល្អ ហើយចេះគ្រប់គ្រងឱកាសល្អដូចកាលពីថ្ងៃមុននោះ ៕

បឹងកេត ប៉ះណាហ្គា ម៉ោង ៦ល្ងាចនេះ ដើម្បី ដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ MCL-2015

រូបភាពជួបគ្នាក្នុងជើងទី១

បឹងកេត ប៉ះណាហ្គា ម៉ោង ៦ល្ងាចនេះ ដើម្បី ដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ MCL-2015

ក្រុមបឹងកេតអង្គរ

បឹងកេត ប៉ះណាហ្គា ម៉ោង ៦ល្ងាចនេះ ដើម្បី ដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ MCL-2015

ក្រុមភ្នំពេញក្រោន