CEO ​ក្រុមហ៊ុន​​​​ CHATTIME ​ថា ​កំហុស​នីមួយៗ​មាន​តម្លៃបំផុត​ពេល​បើក​ក្រុមហ៊ុន​ខ្លួនឯង

CEO ​ក្រុមហ៊ុន​​​​ CHATTIME ​ថា ​កំហុស​នីមួយៗ​មាន​តម្លៃបំផុត​ពេល​បើក​ក្រុមហ៊ុន​ខ្លួនឯង

លោក​ លីម ហួរនីរ៉ា​​បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Brands Management Limited (BML)​​​​ ​​​ដែល​ជា​ក្រុមហ៊ុន​មេ​​នៃ​ក្រុមហ៊ុន​​ចំនួន​បួនក្នុង​នោះ​​មាន​ក្រុមហ៊ុន​ភេសជ្ជៈ​តែ​គុជ​ CHATTIME ​ដ៏​មាន​ប្រជាប្រិយ​​ដែរ​​​តាំង​ពី​អាយុ​​ ២២ ​ឆ្នាំ​ម្ល៉េះ។ ​លោក​បាន​ចែក​រំលែក​បទពិសោធន៍​ក្នុង​នាម​ជា​​ថ្នាក់ដឹកនាំ​ទាំង​អាយុ​នៅ​​ក្មេង​ថា​ អាយុ​មិន​បាន​ចោទ​ជា​បញ្ហា​ទេ​សម្រាប់​​ការងារ​​ជា​អ្នក​​គ្រប់គ្រង​ឡើយ។

 

​«ខ្ញុំ​គិត​ថា ​អាយុ​គ្រាន់​តែ​ជា​តួលេខ​ប៉ុណ្ណោះ។ ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក​ទើប​ជា​ការ​សំខាន់។ ​បើ​ចង់​ឲ្យ​គេ​គោរព​យើង ​យើង​​​​ត្រូវ​គោរព​គេ​មុន​»។ ​​នេះ​ជា​ការ​លើក​ឡើង​របស់​ថ្នាក់​ដឹកនាំ​ដែល​ទទួល​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​អាយុ ​៥ ​ឆ្នាំ។

 

CEO ​ក្រុមហ៊ុន​​​​ CHATTIME ​ថា ​កំហុស​នីមួយៗ​មាន​តម្លៃបំផុត​ពេល​បើក​ក្រុមហ៊ុន​ខ្លួនឯង

 

ជា​រឿយៗ​លោក​ នីរ៉ា​ត្រូវ​គេ​ប្រទះ​ឃើញ​ទៅ​ចុះ​ជួយ​លក់​ ​ឬ​សំអាត​​នៅ​ហាង​នានា​របស់​លោក​ដោយ​ផ្ទាល់។​ ​ពេល​ចោទ​សួរ​ថា ​តើ​ការ​ចុះ​ដោយ​ផ្ទាល់​នោះ​​គឺ​ដើម្បី​ឲ្យ​បុគ្គលិក​ថ្នាក់ក្រោម​​ស្ងើចសរសើរ​ ​និង​គោរព​ឬ​​យ៉ាង​ណា ​លោក​ឆ្លើយ​ថា​គឺ​ដើម្បី​​ស្គាល់​ពី​ការ​បម្រើ​​អតិថិជន​ពិត​ប្រាកដ​ ​និង​មុខ​របស់​ខ្លួន​កាន់​តែ​ច្បាស់​ប៉ុណ្ណោះ។ ​

 

«មិន​មែន​ដើម្បី​ Inspire ​អី​ទេ។ ​​តាម​ពិត​ទៅ​​​​​​បើ​យើង​​មិន​ស្គាល់​​​ក្រុមហ៊ុន​ខ្លួន​ឯង​ច្បាស់​ផង​ ​មាន​​​​នរណា​​​​​ស្គាល់​​ជាង​យើង។ ​​​​​ការ​ចុះ​ទៅ​ធ្វើ​ផ្ទាល់​ហ្នឹង​​គ្រាន់​តែ​ដើម្បី​ដឹង​ថា ​តើ​​ដំណើរការ​ហ្នឹង​វា​យ៉ាង​ម៉េច ​ហើយ​អតិថិជន​គាត់​ចង់​បាន​អ្វី​ពី​យើង»។​​​​

 

​​​ពេល​ត្រូវ​តែងតាំង​​​ឲ្យ​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ BML ​​ទាំង​វ័យ​ក្មេង​ លោក​ទទួល​ស្គាល់​ថា ​​លោក​មាន​ការ​បារម្ភ​ខ្លះ​ដែរ ​តែ​​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ធ្វើ​ឲ្យ​លោក​អាច​​ជម្នះជម្នះ​គ្រប់យ៉ាង។ ​«និយាយ​ទៅ​​គឺ​ (ភ័យ​ខ្លាច)​ ៥០/៥០ ​​​​​ព្រោះ​នៅ​ក្មេង ​អត់​បទពិសោធន៍ ​​តែ​បើ​មិន​សាក​​ក៏​មិន​ដឹង​ដែរ។ ​អីចឹង​ត្រូវ​ហ៊ានសាកល្បងព្រោះ​​ ខ្ញុំ​ចង់​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​ជួយ​មនុស្ស​ច្រើន​​​ឲ្យ​មាន​ការងារ​ធ្វើ»។

 

​ទោះ​ជា​យ៉ាង​ណា ​លោក​ទទួល​ស្គាល់​ការ​កាន់​តំណែង​​នេះ​​​មាន​ការ​លំបាក​​ជា​ច្រើន​ដែល​លោក​ត្រូវ​ប្រឈម។​ ​​​​​ដំបូង​លោក​​ថា ​ការ​ស្តាប់​យោបល់​អ្នក​ដទៃ​នៅ​មាន​កម្រិត។ ​​«ដំបូង​ខ្ញុំ​រាង​រឹង​បន្តិច។ ​តែ​ឥលូវ​ខ្ញុំ​​រៀន​ស្ដាប់​គេ​ច្រើន»។ ​លោក​បន្ត​ថា ​ការ​ស្តាប់​អ្នក​ចាស់​ជាង ​និង​មាន​បទពិសោធន៍​ជាង​ជួយ​​​​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​បាន​ប្រសើរ​ជាង​ការ​ចង់​ធ្វើ​​ដោយ​ខ្លួន​ឯង​តែ​ម្នាក់។ ​តែ​​អ្វី​ដែល​លោក​សង្កត់​ធ្ងន់​គឺ​ ត្រូវ​ធ្វើ​ដើម្បី​ដឹង​ពី​លទ្ធផល។

 

បុរស​ដែល​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​មក​ពី​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ថា ​​ក្រុម​ការងារ​​វ័យ​ក្មេង ​និង​​រឹងមាំ​ជា​​​កម្លាំង​ជំរុញ​ពី​ក្រោយ​ឲ្យ​​​លោក​សម្រេច​ការងារ​បាន។ ​​ក្រុម​ការងារ​របស់​លោក​គឺ​មាន​អាយុ​ត្រឹម ​២៤ ​ឆ្នាំ​ឬ​តិច​ជាង​នេះ ​ព្រោះ​លោក​ជឿ​ថា ​​បុគ្គលិក​វ័យ​ក្មេង​ដូចគ្នា​មាន​ភាព​ងាយ​​ចុះ​សម្រុង ​និង​យល់​ពី​និន្នាការ​ទីផ្សារ​បច្ចុប្បន្ន​ច្បាស់​ជាង​មនុស្ស​វ័យ​ចាស់។ «ខ្ញុំ​ម្នាក់​ឯង​អត់​អាច​មាន​ពេល​ទៅ​មើល​ការងារ​បួន​ក្នុង​ពេល​តែមួយ​ទេ​គឺ​ មាន​​​ក្រុម​ការងារ​ដែល​សហការ​ចាំ​ជួយ​ខ្ញុំ​គ្រប់​កន្លែង។ ​អីចឹង​ទើប​យើង​អាច​ដើរ​ទៅ​មុខ​បាន»។

 

​លោក​ចែករំលែក​ដល់​យុវជន​ដែល​ចង់​​​បង្កើត​ក្រុមហ៊ុន​​ដូច​លោក​​ថា​ ​គួរ​​​ចាប់​ផ្ដើម​​​​ធ្វើ​ការ​ឲ្យ​គេ​តាំង​ពី​វ័យ​ក្មេង​​ដើម្បី​​​រៀន​​យក​បទពិសោធន៍ ​ដោយ​កុំ​​​​ខ្វល់​ពី​​កំហុស។ ​​«នៅ​ពេល​ហ្នឹង (នៅ​វ័យ​ក្មេង) ​គួរ​តែ​​ធ្វើ​ការ​ឲ្យ​គេ​យក​បទពិសោធន៍។ ​ពេល​ហ្នឹង​បង្កើត​កំហុស​ច្រើន​ក៏​អត់​អី​ដែរ ​​តែ​ត្រូវ​រៀន​ពី​វា​។ ​​កំហុស​មួយ​ធ្វើ​តែ​ម្ដង​បាន​ហើយ ​កុំ​​ឲ្យ​មាន​ពីរ​ដង ​ព្រោះ​ពេល​បើក​ក្រុមហ៊ុន​ខ្លួន​ឯង​កំហុស​មួយៗ​ថ្លៃ​​មែនទែន ​ដូច​បង់​ថ្លៃ​សាលា​ម្ដង​ទៀត​អីចឹង (សើច)»។

 

​បច្ចុប្បន្ន​ក្រុមហ៊ុន​ Brands Manangement Limited ​មាន​ក្រុមហ៊ុន​បួន​ចំណុះ​ឲ្យ​ដូចជា​ ក្រុមហ៊ុន​​ភេសជ្ជៈ​តែ​គុជ CHATTIME ​ហាង​បឺហ្គឺ​ myBurgerLab ​​ភោជនីយដ្ឋាន Boat Noodle និង​ក្រុមហ៊ុន​ Ink Inc. ​ដែល​ផ្តល់​ការងារ​ដល់​​យុវជន​កម្ពុជា​​ជាង​ ៥០០ ​នាក់៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា

​​​​​​