រយៈពេល​១៧​ឆ្នាំ ជប៉ុន​ចំណាយ​ថវិកា ជាង ២៤ លាន​ដុល្លារ ជួយ​អភិរក្ស​ប្រាង្គ​ប្រាសាទអង្គរវត្ត​

ភ្នំពេញ: យោងតាម​ទស្សនា​វ​ដ្តី​របស់ស្ថានទូត​ជប៉ុនប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា រយៈពេល​១៧​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៤ ដល់ ឆ្នាំ​២០១១ ជប៉ុន​បាន​ចំណាយ​ថវិកា ប្រមាណ​ជាង ២៤ លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ជួសជុល និង​ស្តារឡើងវិញ ប្រាង្គ​ប្រាសាទអង្គរវត្ត​។​

​ទស្សនា​វ​ដ្តី​ចេញផ្សាយ សម្រាប់​ខែតុលា ឆ្នាំ​២០១៥ ដែល​បាន​ចែកជូនដល់​អ្នក សារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​កិច្ច​សហ​ប្រតិ​ប្តិ​ការ លើ​ការបើក​ការិយាល័យ ទំនាក់ទំនង​ភ្នំពេញ របស់​មជ្ឈមណ្ឌល​អាស៊ី នៃ​មូលនិធិ​ជប៉ុន បាន​ឲ្យ​ដឹងថា ប្រទេស​ជប៉ុន បាន​អនុវត្ត​សកម្មភាព​ជួសជុល និង​ស្ថាបនា​ឡើងវិញ នូវ​ប្រាង្គ​ប្រាសាទ​អង្គរ និង​ប្រាសាទ បាយ័ន​ផងដែរ​។ នៅ​ឆ្នាំ​១៩៩៤ រដ្ឋាភិបាល​ជប៉ុន បាន​បង្កើត​ក្រុមការងារ សម្រាប់​អភិរក្ស​អង្គរ ហៅ​កាត់​ថា JSA ហើយ​ចាប់ពី​គម្រោង​ទី​១ ដល់​គម្រោង​ទី​៣ (​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១១) ជប៉ុន​បាន​ចំណាយ ថវិកា​ប្រមាណ​ជាង ២៤ លាន​ដុល្លារ​អាមេរិក និង​បាន​បញ្ជូន​អ្នកជំនាញ​ជប៉ុន ចំនួន ១.១០០ នាក់ មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ជួសជុល និង​ស្តារឡើងវិញ​ប្រាង្គ​ប្រាសាទ ជាមួយ​បុគ្គលិក​ជនជាតិខ្មែរ​។​

​ប្រភព​ដដែល បាន​បន្តថា បច្ចុប្បន្ននេះ ចាប់ពី​ឆ្នាំ​២០១២ ទៅ គម្រោង​ទី​៤ ដែលមាន​រយៈពេល ៥ ឆ្នាំ​នោះ កំពុងតែ​ត្រូវបាន​បន្តសកម្មភាពរ​បស់​ខ្លួន ដែល​នឹងត្រូវ​ចំណាយ​ថវិកា ប្រមាណ​ជា ២,៥ លាន​ដុល្លារ សហរដ្ឋអាមេរិក​។​

​ប្រភព​ខាងលើ បាន​បន្ថែមថា ក្រៅពីនេះទៀត ដើម្បី​ឧបត្ថម្ភ ដល់​ការរៀបចំ​សម្ភារៈ ចាំបាច់​ក្នុង​ដំណើរការ​ស្តារឡើងវិញ នូវ​ស្ពាន​ហាល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត ប្រទេស​ជប៉ុន បានផ្តល់​ជំនួយឥតសំណង សម្រាប់​គម្រោង​វប្បធម៌ ដែលមាន​ទឹកប្រាក់​ជាង ១ លាន​ដុល្លារ សហរដ្ឋអាមេរិក ទៅដល់​អាជ្ញាធរ​អប្សរា ហើយ​សកម្មភាព​ស្តារឡើងវិញ​នេះ បាន​ដំណើរការ​ក្រោម​កិច្ចសហការ​បច្ចេកទេស របស់​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ប្រទេស​ជប៉ុន នៅ​ឆ្នាំ​២០១៥​នេះ​។​

​ប្រភព​បាន​បញ្ជាក់ថា ម្យ៉ាងវិញទៀត ស្ថាប័ន​អប់រំ និង​ស្រាវជ្រាវ​មួយចំនួន នៅ​ប្រទេស​ជប៉ុន មានដូចជា វិទ្យាស្ថាន​ស្រាវជ្រាវ សម្បត្តិ​វប្បធម៌​ណា​រ៉ា​. វិទ្យាស្ថាន​ស្រាវជ្រាវ សម្បត្តិ​វប្បធម៌​តូ​ក្យូ និង​សាកលវិទ្យាល័យ កា​ណា​ហ្សា​វ៉ា ជាដើម ក៏បាន​លើកកម្ពស់ ការរួមចំណែក​របស់​ប្រទេស​ជប៉ុន តាមរយៈ​ការរួមចំណែក ក្នុង​កិច្ចការ​ស្តារឡើងវិញ និង​អភិរក្ស​ប្រាង្គ​ប្រាសាទអង្គរវត្ត ផងដែរ​៕V/S

រយៈពេល​១៧​ឆ្នាំ ជប៉ុន​ចំណាយ​ថវិកា ជាង ២៤ លាន​ដុល្លារ ជួយ​អភិរក្ស​ប្រាង្គ​ប្រាសាទអង្គរវត្ត​

សកម្មភាព​ជួសជុល​នៅ​ប្រាសាទបាយ័ន​ដោយ​ក្រុមការងារ​អភិរក្ស​អង្គរ​របស់​ជប៉ុន​( JSA)

រយៈពេល​១៧​ឆ្នាំ ជប៉ុន​ចំណាយ​ថវិកា ជាង ២៤ លាន​ដុល្លារ ជួយ​អភិរក្ស​ប្រាង្គ​ប្រាសាទអង្គរវត្ត​

 សកម្មភាព​ស្តារឡើងវិញ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ដោយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន​(​ទស្សនា​វ​ដ្តី​)