រឿងពិតរំជួលចិត្ត ! ម្តាយក្មេក មើលថែកូនប្រសារស្រី ដែលក្លាយជាមនុុស្សរុក្ខជាតិ ​រយៈពេល ៥ឆ្នាំ

ចិន៖ រឿងរ៉ាវជីវិតពិតរបស់ អ្នកម្តាយក្មេកចិត្តធម៌ម្នាក់ ដែលលះបង់គ្រប់យ៉ាងដើម្បី មើលថែរក្សាកូនប្រសារស្រី អស់រយៈពេលជាង៥ឆ្នាំ ក្រោយពី នាងធ្លាក់ខ្លួនឈឺ និងក្លាយជាមនុស្សរុក្ខជាតិ បានក្លាយជាប្រធានថ្មីដ៏រំជួលចិត្ត លើបណ្តាញសង្គមក្នុងប្រទេសចិន នាពេលថ្មីៗនេះ។  

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Zheng Danli រស់នៅក្នុងគ្រួសារម្តាយក្មេក ក្នុងខេត្ត Zhejiang  ហើយក៏ មានផ្ទៃពោះ កាលពី ៥ឆ្នាំមុន។ ប៉ុន្តែ នាង Danli ជួបសំណាងអាក្រក់ ដោយសារទារកបាននៅក្រៅស្បូន  ក្រោយ មក គ្រូពេទ្យបានធ្វើការវះកាត់  តែលទ្ធផលនៃការវះកាត់បានបរាជ័យ ហើយនាង Zheng Danli ក៏ធ្លាក់ខ្លួនឈឺ រហូត ក្លាយជាមនុស្សរុក្ខជាតិតែម្តង ។

តែក្រោយមក អ្នកស្រី Xuan Zhongying  ដែលត្រូវជាម្តាយក្មេករបស់ នាង Zheng Danli បានធ្វើការសម្រេចចិត្ត និង តាំងចិត្តព្យាបាល មើលថែកូនប្រសារស្រីរបស់គាត់ ដែលពេលនោះ ខាងឪពុកម្តាយបង្កើតរបស់ នាង Zheng Danli បានបាត់បង់ក្តីសង្ឃឹមព្យាបាលកូនស្រីខ្លួនទៅហើយ ។ ប៉ុន្តែ អ្នកស្រី Zhongying នៅតែទទូចមើលថែ និង ព្យាបាល កូនប្រសារស្រីរបស់គាត់ដដែល ។

ក្នុងរយៈពេលជាង ៥ឆ្នាំនេះ ម្តាយក្មេករូបនេះ បានចំណាយលុយអស់រាប់លានយ័ន លើថ្លៃព្យាបាល ហើយ នៅដើមឆ្នាំ ២០១៣ ស្ថានភាពជំងឺ របស់នាង Danli ក៏បានស្ថិតក្នុងស្ថានភាពធូរស្រាល ដោយ Danli អាច ក្រោកអង្គុយដោយខ្លួនឯង និង ធ្វើកាយវិការមួយចំនួនផងដែរ ។ នៅពេលនោះ អ្នកម្តាយក្មេក ក៏បានថតរូបភាព មួយចំនួនជាមួយ កូនប្រសារស្រី អំឡុងពេលដែលស្ថានភាពសុខភាព កូនប្រសារស្រីធូរស្រាលដែរ ។

ប៉ុន្តែ ភ័ព្វព្រេងវាសនាបានធ្វើបាបឆាកជីវិតមនុស្ស ដោយសារអ្វីៗ ដែលកើតឡើងមិនបានដូច ការគិតរបស់ អ្នកម្តាយក្មេករូបនេះឡើយ  ដោយសារ កូនប្រសារស្រី Danli នៅតែមិនជា សះស្បើយ ហើយ នាងបានលាចាក លោក កាលពីខែមិថុនានេះ ។

តែទោះជាយ៉ាងណា រឿងរ៉ាវដ៏រំជួលចិត្តរវាង ម្តាយក្មេក និង កូនប្រសារស្រី នេះ បានក្លាយជារឿងកម្រកើតឡើង ក្នុងសង្គមចិន ពីមុនមកផងដែរ ៕

រឿងពិតរំជួលចិត្ត ! ម្តាយក្មេក មើលថែកូនប្រសារស្រី ដែលក្លាយជាមនុុស្សរុក្ខជាតិ ​រយៈពេល ៥ឆ្នាំ
អ្នកស្រី Xuan Zhongying  និង កូនប្រសារស្រី Zheng Danli 

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត