​​ឧបសគ្គ​​ជា​ច្រើន​មុន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ របស់ កែ ឡេង​ យប់​មិញ​ ​


​​ឧបសគ្គ​​ជា​ច្រើន​មុន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ របស់ កែ ឡេង​ យប់​មិញ​ ​

ទង់​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​អម​ដោយ​បទ​ភ្លេង​ជាតិ​ត្រូវ​បាន​បង្ហូត​ និង​បន្លឺ​​ឡើង​ទាំង​កណ្តាល​យប់​ដែល​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ​នូវ​ស្នាដៃ​មហស្ចារ្យ​របស់​កីឡា​ការិនី​ជា​វីរនារី​កម្ពុជា​ គឺ​អ្នក​ស្រី​ កែ ឡេង ដែល​បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​ Women’s Petanque World Championship លើក​ទី​១៥ ឆ្នាំ​២០១៥​នៅ​ប្រទេស​ថៃ។​

 

មុន​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ​​នេះ​​ អ្នក​ស្រី​ កែ ឡេង​បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​ឆ្នាំ​២០១៥​នៅ​ប្រទេស​ថៃ។ សម្រាប់​វិញ្ញាសា​វាយ​ទោល​នារី​យក​ពិន្ទុ​ (Shooting)​មាន​បេក្ខនារី​ទាំង​អស់​ចំនួន​​ជិត​១០០​នាក់​​នាក់​​ដែល​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ក្រុម​ និង​ប្រកួត​សន្សំ​ពិន្ទុ។

​​ឧបសគ្គ​​ជា​ច្រើន​មុន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ របស់ កែ ឡេង​ យប់​មិញ​ ​

 

កីឡា​ការិនី​៤​រូប​នៅ​ក្នុង​ក្រុម​ទាំង​ពីរ​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ​ និង​ត្រូវ​ចាប់​ឆ្នោត​ប្រកួត​បន្ត​ទៀត។ វគ្គ​សន្សំ​ពិន្ទុ​នេះ​ អ្នក​ស្រី​ កែ ឡេង​បាន​យក​ឈ្នះ​កីឡា​ការិនី​អាមេរិក​ Dejoy ដោយ​ពិន្ទុ​៣៨-៨។ ក្រុម​នេះ​​មាន​កីឡា​ការិនី​៤​រូប​ឡើង​ទៅ​វគ្គ​៨​នាក់​គឺ​ កែ ឡេង​មាន​៣៦​ពិន្ទុ​ កីឡា​ការិនី​បារាំង​ Bandiera មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​គឺ​៦១​ពិន្ទុ​ កីឡា​ការិនី​ថៃ​ Nantawan មាន​៤៧​ពិន្ទុ​ និង​កីឡា​ការិនី​ម៉ាដាហ្គាស្កា​ Randriamiandrisor មាន​៣៨​ពិន្ទុ។

 

ចំណែក​នៅ​ក្រុម​មួយ​ទៀត​ មាន​កីឡា​ការិនី​៤​រូប​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​គឺ​កីឡា​ការិនី​កាណាដា​ Bergeron មាន​៤៣​ពិន្ទុ​ កីឡា​ការិនី​អេស្ប៉ាញ​ Matarranz មាន​៣៧​ពិន្ទុ​ កីឡា​ការិនី​ទុយណេស៊ី​ Beji មាន​៣០​ពិន្ទុ​ និង​កីឡា​ការិនី​​ឡាវ​ Sisavanh មាន​២៨​ពិន្ទុ។

 

នៅ​វគ្គ​៨​នាក់​ចុង​ក្រោយ កែ ឡេង ប៉ះ​កីឡា​ការិនី​កាណាដា​ Bergeron ហើយ​ជា​លទ្ធផល​ កីឡា​ការិនី​កម្ពុជា​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ ៤១-២១​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ឬ​វគ្គ​៤​នាក់​ចុង​ក្រោយ។ កែ ឡេង បាន​ក្លាយ​ជា​កីឡា​ការិនី​អាស៊ី​តែ​ម្នាក់​គត់​ដែល​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ខណៈ​៣​នាក់​ទៀត​​មក​ពី​អឺរ៉ុប​គឺ​កីឡា​ការិនី​បារាំង​ Bandiera កីឡា​ការិនី​ទុយណេស៊ី​ Beji និង​កីឡា​ការិនី​ម៉ាដាហ្គាស្កា​ Randriamiandrisoa។

 

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ កែ ឡេង ចាប់​ឆ្នោត​ប៉ះ​កីឡា​ការិនី​បារាំង Bandiera ហើយ​ជា​លទ្ធផល​​វីរនារី​កម្ពុជា​រូប​នេះ​បាន​បំបាក់​ដោយ​លទ្ធផល​ ២៨-៩ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​កីឡា​ការិនី​ទុយនេស៊ី​ Beji ដែល​បាន​យក​ឈ្នះ​កីឡា​ការិនី​ម៉ាដាហ្គាស្កា​ Randriamiandrisoa ដោយ​លទ្ធផល​ ៣៣-១៣។

 

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ កែ ឡេង​ បាន​យក​ឈ្នះ​កីឡា​ការិនី​ទុយណេស៊ី​ Beji ដោយ​លទ្ធផល​ ៣៣-២៥។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តឹងតែង​បំផុត​សម្រាប់​ កែ ឡេង។ ចាប់​ផ្តើម​ដំបូង​ កែ ឡេង​ធ្វើ​បាន​យ៉ាង​ល្អ​ និង​នាំ​មុខ​ពិន្ទុ​ដាច់​ឆ្ងាយ​ ប៉ុន្តែ​សម្រាប់​វាយ​ចម្ងាយ​៦​ម៉ែត្រ​ ៧​ម៉ែត្រ និង​៩​ម៉ែត្រ​ចុង​ក្រោយ​ កីឡា​ការិនី​កម្ពុជា​ហាក់​ធ្លាក់​ដៃ​បន្តិច​ ប៉ុន្តែ​​វាយ​តាម​ពិន្ទុ​មិន​ទាន់​ ទោះ​ជា​កីឡា​ការិនី​ទុយណេស៊ី​រូប​នេះ​ធ្វើ​បាន​ល្អ​ចុង​ក្រោយ។

 

វា​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​ និង​ហត់​នឿយ​បំផុត​ដោយ​សារ​ត្រូវ​ការ​ប្រកួត​ពេញ​មួយ​ថ្ងៃ​រហូត​ដល់​ពាក់​កណ្តាល​យប់​ និង​​សុទ្ធ​ត្រូវ​ប្រាជ្ញា​ស្មារតី​ស្មិងស្មាធិ៍​បំផុត។ ទោះ​យ៉ាង​ណា​ទី​បំផុត​ កែ ឡេង​បាន​ការពារ​មេដាយ​មាស​ពិភព​លោក​របស់​គាត់​បាន​សម្រេច​ និង​ជា​មេដាយ​មាស​ពិភព​លោក​លើក​ទី​២​សម្រាប់​អ្នក​ស្រី។

 

នេះ​ជា​មហា​កិត្តិយស​ដែល​ពិភព​លោក​ទាំង​មូល​បាន​ឃើញ​ពី​ស្នាដៃ​របស់​វីរនារី​កម្ពុជា​ កែ ឡេង ដែល​បាន​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ​ថា កម្ពុជា​ពិត​ជា​ខ្លាំង​ និង​មោទនភាព​បំផុត៕

​​ឧបសគ្គ​​ជា​ច្រើន​មុន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ របស់ កែ ឡេង​ យប់​មិញ​ ​

 

​​ឧបសគ្គ​​ជា​ច្រើន​មុន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ របស់ កែ ឡេង​ យប់​មិញ​ ​

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ Chantrea Oum